(ភ្នំពេញ)៖ ប្រជាពលរដ្ឋនិយាយថា កំណាត់ផ្លូវសហព័ន្ធរុស្ស៊ីពិសេសចាប់ពីគល់ស្ពានអាកាសផ្សារ ដីហុយ ដល់ពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានកកស្ទះចរាចរណ៍រាល់ថ្ងៃ បើទោះបីស្ពានអាកាសផ្សារដីហុយ ឬស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ បានបើកដាក់ឲ្យប្រើប្រាស់ហើយក្តី ។
ពាក់ព័ន្ធនឹងការកកស្ទះចរាចរណ៍នេះ ប្រជាពលរដ្ឋដែលជាអ្នកដំណើរបានសូមឲ្យមន្ត្រីជំនាញ ពិសេសក្រសួង មន្ទីរសាធារណការសិក្សាឡើងវិញ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាការកកស្ទះ ចរាចរនៅតំបន់នេះឲ្យបានប្រសើរឡើងវិញ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពួកគាត់មិនមែនជាអ្នកជំនាញទេ តែបើតាមពួកគាត់ពិនិត្យ មើលនឹង ភ្នែកជាក់ស្តែង និងជាអ្នកបានធ្វើដំណើរឆ្លងកាត់តា់មបណ្តោយផ្លូវនេះជាក់ស្តែង គឺការកកស្ទះចរាចរនេះបណ្តាលមកពីមូលហេតុមួយចំនួនក្នុងនោះរួមមានយានយន្តចេញ ពីម្តុំក្រោយផ្សារទឹកថ្លាមកផ្លូវសហព័ន្ធរុស្ស៊ីច្រើន ។អ្វីដែលបង្កឲ្យមានការកកស្ទះចរាចរខ្លាំងនោះ គឺការបង្កើតឲ្យមានផ្លូវឆ្លងកាត់របាំងពុះចែកទ្រូងផ្លូវចំនួន៣កន្លែងនោះគឺការបើកឲ្យមានច្រកចេញ និងចូលមុខវត្តទឹកថ្លា ផ្លូវឆ្លងកាត់ខាងកើតវត្តទឹកថ្លានិងការបង្កើតឲ្យមានផ្លូវកាត់របាំងពុះចែក ទ្រូងផ្លូវ ជាប់ឈៀងខាងលិចមន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ ។ បើតាមពួកគាត់យល់ខ្លួនឯង ដើម្បីដោះស្រាយចរាចរនៅតំបន់នេះឲ្យបានធូស្រាលមួយកម្រិត គឺមានតែបិទច្រកផ្លូវឆ្លងកាត់ទាំង ៣ កន្លែងនេះចោល ពោលគឺ បើអ្នកធ្វើដំណើរពីភ្នំពេញ (ពីកើតទៅលិច) ចង់បត់ឆ្វេងទៅក្រោយ ផ្សារទឹកថ្លា ឬទៅក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គួរត្រូវបត់ក្រោម ស្ពានអាកាសផ្សារដីហុយ ចំណុចមុខផ្សារផ្លាហ្សារទឹកថ្លា រួចទើបត្រឡប់ក្រោយវិញ(ទៅទិសខាងកើត) ដោយឡែកអ្នក ដំណើរនៅម្តុំវត្តទឹកថ្លាបើចង់ចូលមកភ្នំពេញគួរត្រូវបត់ក្រោមស្ពានអាកាសផ្សារដីហុយចំណុច មុខផ្សារផ្លាហ្សារទឹកថ្លានេះដែរ ។ ដោយហេតុថា ចំណុចបត់នេះមិនមានចរាចរមមាញឹកនោះទេ ។
គួរបញ្ជាក់ថា ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅព្រឹកថ្ងៃទី០២កក្កដា នេះក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលស្ពានអាកាសថ្មីនេះមានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រស្ថិតនៅប្រសព្វ រវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ រួមនិងការត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។ ប៉ុន្តែក្រោយបើកឲ្យ ដំណើរការប្រើប្រាស់ អាកាសស្តុបផ្សារដីហុយនេះហើយ កំណាត់ផ្លូវនេះពិសេសនៅតំបន់ ផ្សារទឹកថ្លានៅតែដោះស្រាយការកកស្ទះមិនបានដដែល ៕ ដោយៈ អង្គារ៍ហេង