កងកម្លាំងប្រដាប់អាវុធ​និង​យោធិន​ចូលនិវត្តន៍ ជិត​២០០​គ្រួសារ​ទ​ទួ​បាន​ផ្ទះ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ​

279

•​រហូតមកដល់​បច្ចុប្បន្ន​នេះ ផ្ទះ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន​មាន​ចំនួន​សរុប ៨៣០​ខ្នង​ហើយ​

(​ស្វាយរៀង​)៖ កងកម្លាំងប្រដាប់អាវុធ យោធិន​ចូលនិវត្តន៍ យោធិន​ពិការ ប្រមាណ​ជិត​២០០​គ្រួសារ​ដែល​ឈរជើង​នៅតាម​បណ្ដោយ​​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​បានទទួល​ផ្ទះ​និង​ដី​ដែលជា​អំណោយ​​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​លោក​ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​អគ្គបញ្ជាការរង​​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោ​ធិ​ពល​ខេមរភូមិន្ទ និង ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បានប្រគល់​ផ្ទះ​ទាំងនោះ​ជូន​គ្រួសារ​យោ​ធា​កាលពី​ព្រឹក​ទី ២៦ ខែធ្នូ ឆ្នាំ ២០១៧​។​

​គ្រួសារ​ដែល​ទទួលបាន​ផ្ទះ​រួមមាន គ្រួសារ​យោធិន ២៧​គ្រួសារ គ្រួសារ​នគរបាល​៣៦​គ្រួសារ គ្រួសារ​កងរាជអាវុធហត្ថ​៦​គ្រួសារ គ្រួសារ​បាត់​​បង់​សមត្ថភាព​៣​គ្រួសារ គ្រួសារ​មរណៈ​៨​គ្រួសារ គ្រួសារ​ពលី ២១​គ្រួសារ គ្រួសារ​ពិកា​៧១​គ្រួសារ និង​គ្រួសារ​និវត្តន៍​ជន​២៨​គ្រួសារ​។​

​ក្នុង​ពិធី​ប្រគល់​ផ្ទះ​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​មានប្រសាសន៍ថា ផ្ទះ​ដែល​ប្រគល់ជូន​គ្រួសារ​អតីតយុទ្ធជន មាន​ទំហំ ៦.៥០ x ៧.៣​ម៉ែត្រ ជាមួយ​ដី​ទំហំ ៤០ x ៥០​ម៉ែត្រ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា​៖ «​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​អតីតយុទ្ធជន​ហើយ​លំនៅស្ថាន​ជាច្រើន​ខ្នង​នេះ ត្រូវបាន​សម្តេច​សម្រេច​សាងសង់​ជូន​ក្រុមគ្រួសារ​អតីតយុទ្ធជន ដើម្បី​ជា​ជម្រក​ដ៏​កក់ក្តៅ​សម្រាប់​បងប្អូន​អតីតយុទ្ធជន​។​រហូតមកដល់​បច្ចុប្បន្ន​នេះ ផ្ទះ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន​មាន​ចំនួន​សរុប ៨៣០​ខ្នង​ហើយ​»​។​

​ក្នុងឱកាស​នោះដែរ លោក​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​និង​គ្រួសារ​ព្រមទាំង​យោធិន​ចូលនិវត្តន៍​ដែលជា​និច្ច​ជា​កាល​សម្ដេច​តែងតែមាន​ក្ដីកង្វល់​ពី​សុខទុក្ខ​របស់​កងកម្លាំង​ប្រដាប់អាវុធ​និង​យោធិន​ចូលនិវត្តន៍​ដោយមាន​ក្ដីកង្វល់​នេះ​សម្ដេច​ក៏បាន​ចាត់​ឱ្យ​លោក​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​សាងសង់​លំនៅឋាន​នេះ​ឡើង​ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ពួកគាត់​ដែល​កំពុង​ជួបប្រទះ​។​

​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​នាំយក​ថវិកា​និង​គ្រឿងឧបភោគ បរិភោគ ព្រមទាំង​គ្រាប់ពូជ ដែលជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​គ្រួសារ​កងកម្លាំងប្រដាប់អាវុធ អតីត​កងកម្លាំងប្រដាប់អាវុធ រួមមាន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល សារុង ក្រ​ម៉ា ស្ករស ប៊ីចេង ត្រីខ និង មី ៕​ដោយៈ សុផល /sn

​លោក​ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ក្នុង​ពិធី​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​យោធា​កាលពី​ព្រឹក​ទី ២៦ ខែធ្នូ ឆ្នាំ ២០១៧