កងកម្លាំង​ការពារជាតិ​ជប៉ុន​គ្រោង​ធ្វើ​បេសកកម្ម​នៅ​មជ្ឈិមបូព៌ា​

183
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​២៣​តុលា​នេះ​ថា​ជប៉ុន​គ្រោង​នឹង​បញ្ជូន​យោធា​របស់ខ្លួន​ដើម្បី​ជួយ​ការពារ​ផ្លូវទឹក​នៅ​មជ្ឈិមបូព៌ា​ប៉ុន្តែ​នឹងមិន​ចូលរួម​ជាមួយ​ក្រុមចម្រុះ​ជើង​ទឹក​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​នៅក្នុង​តំបន់​នោះទេ​។​

​ចំណាត់ការ​នេះ​កើតឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ទៅលើ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ក៏ដូចជា​ទីតាំង​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បណ្តា​រដ្ឋ​នៅ​លោកខាងលិច​ដទៃទៀត និង អា​រ៉ា​ប៊ី​សា​អូឌីត បាន​ស្តីបន្ទោស​ការវាយប្រហារ​នេះ​ទៅលើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ដែល​បាន​បដិសេធ​ចំពោះ​ការជាប់​ពាក់ព័ន្ធ​ណាមួយ​នោះ​។​

​ក្យូ​ដូ​និយាយថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក តូ​ស៊ី​មី​តស៊ូ ម៉ូ​តេ​ហ្គី បាន​ជូនដំណឹង​ដល់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ អំពី​ផែនការ​របស់​ទីក្រុង​តូ​ក្យូ​នៅក្នុង​ការនិយាយ​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​។​

​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​បាន​កើនឡើង​ចាប់តាំងពី​ដើមឆ្នាំ​នេះ​នៅពេល​អ៊ីរ៉ង់​ត្រូវបាន​គេ​ចោទប្រកាន់ថា​ភ្ជាប់​គ្រាប់មីន​ទៅនឹង​នាវា​ដឹក​ប្រេង​ជាច្រើន​គ្រឿង​នៅក្បែរ​ឆ្នេរ​អារ៉ាប់​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ហើយ​បន្ទាប់មក​បាន​វាយប្រហារ​ឬ​រឹបអូស​យក​នាវា​ដឹក​ប្រេង​ផ្សេងទៀត​នៅក្បែរ​ច្រក​សមុទ្រ​ហ័​រ​មូស​។​

​សហរដ្ឋ​អាម៉េរិក​បាន​បង្កើត​ក្រុមចម្រុះ​កងទ័ពជើងទឹក​ដើម្បី​ការពារ​ការធ្វើ​នាវាចរណ៍​នៅក្នុង​តំបន់ ដែលមាន​សារៈសំខាន់​ចំពោះ​ការផ្គត់ផ្គង់​ប្រេង​ពិភពលោក​។​

​អង់គ្លេស​និង​អូស្ត្រាលី​គឺជា​ដៃគូ​លោកខាងលិច​ដ៏​សំខាន់​របស់​សហរដ្ឋ​អាម៉េរិក ដែល​បាន​ព្រមព្រៀងគ្នា​បញ្ជូន​នាវាចម្បាំង​ដើម្បី​អមដំណើរ​នាវា​ដឹកទំនិញ​ពាណិជ្ជកម្ម​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​៕ ដោយ៖ កញ្ញាដាលីស

ជប៉ុន​គ្រោង​នឹង​បញ្ជូន​ទ័ព​មក​ការពារ​ផ្លូវទឹក​នៅ​មជ្ឈិមបូព៌ា