កងកម្លាំង​កាំជ្រួច​ចិន ធ្វើអោយ​នាវា​ដឹក​យន្តហោះ​អាមេរិក​បាត់បង់​ឧត្តមភាព​

493
ចែករម្លែក

​យោធា​ចិន​ឈ្នះ​ការប្រឡងប្រណាំង​អាវុធ​កាំជ្រួច​ធម្មតា ជា​ពិសេស​ខាង​កាំជ្រួច​ប្រឆាំង​នាវា ហើយ​ពួក​មេបញ្ជាការ​ទ័ព​អាមេរិក​កំពុង​ស្វែងរក​យុទ្ធសាស្ត្រ​ផ្សេង​ជំនួស​មុន​បណ្តា​​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ប្រើការ​លែងកើត​។​

​ជេ​មស៍ ហ្វា​ណែ​ល កា​ពី​ទែន​នាវា​នៃ​កងទ័ពជើងទឹក​អាមេរិក​ចូលនិវត្តន៍​ម្នាក់​និង​ជា​អតីត​នាយ​ស៊ើបការណ៍​នៅ​កង​នាវា​ប៉ា​ស៊ី​ហ្វិល​អាមេរិក បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​​ទ័​រថា​«​យើង​ដឹង​ថា ចិន​មាន​កងកម្លាំង​កាំជ្រួច​ផ្លោង​ជឿនលឿន​បំផុត​នៅក្នុង​លោក​។​គេ​មាន​សមត្ថភាព​គ្រប​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​យើង​កំពុង​ដំណើរការ​»​។​

​រថយន្តយោធា​ចិន​ដឹក​កាំជ្រួច​ផ្លោង DF-26 ក្នុង​ព្យុហយាត្រា​យោធា​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​២០១៥

​ចំណែក លោក​រ៉ូ​ប៊ឺត ហាត​ឌិក អតីត​នាយ​កងទ័ព​ម៉ា​រី​ន​អាមេរិក ដែល​ជា​ទីប្រឹក្សា​បញ្ជាការ​ប្រតិបត្តិការ​ពិសេស​អាមេរិក បាន​និយាយថា «​សមត្ថភាព​កាំជ្រួច​ប្រឆាំង​នាវា​របស់​ចិន​​ហួស​សមត្ថភាព​របស់​អាមេរិក បើ​និយាយ​អំពី​រយៈ​ចម្ងាយ ល្បឿន​និង​ការហោះ​ចាប់​សញ្ញា​គោលដៅ​»​។​

​សូមបញ្ជាក់​ថា តាំងពី​មុន​បដិវត្តន៍​ឆ្នាំ​១៩៤៩ ដែល​បក្ស​កុំម្មុយនីស្ត​ចិន​បាន​ចូល​កាន់កាប់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី អាមេរិក​មិន​បាន​ចាប់អារម្មណ៍​នឹង​សមត្ថភាព​យោធា​​ចិន​ទេ និង​បាន​យកចិត្តទុកដាក់​តិចតួច​ចាប់តាំងពី​ពេលនោះ​មក​។​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចំណាយពេល​រាប់​ទសវត្សរ៍​ក្នុងការ​បង្កើន​សមត្ថភាព​កាំជ្រួច​របស់​ខ្លួន​ក្នុង​​បំណង​តាម​អោយទាន់​អាមេរិក តែ​ឥឡូវ​វា​ក្លាយជា​អាវុធ​គ្រោះថ្នាក​បំផុត ដល់​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្លាប់​តែ​ប្រើ​ដើម្បី​បំភ័យ​ប្រទេស​ផ្សេងៗ​​ដែល​ប្រឆាំង​ផលប្រយោជន៍​របស់​ខ្លួន​។​

​ចិន​ចាត់ទុក​កាំជ្រួច​នេះ​សំខាន់​ណាស់ ហេតុ​ដូច្នេះ​ហើយ​បានជា​នៅ​ឆ្នាំ​២០១៥ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ដំឡើង​កងកម្លាំង​កាំជ្រួច​រំដោះប្រជាជន​(PLARF) ស្មើ​នឹង​កង​​ទ័ព​ជើងគោក ជើង​ទឹក​និង​ទ័ពអាកាស​ដែរ​។​

​ខណៈ​ចិន​មិន​ដែល​បង្ហាញ​ជា​សាធារណៈ​នូវ​ទំហំ​នៃ​ឃ្លាំង​កាំជ្រួច​របស់ខ្លួន សម្ពន្ធ​យុវជន​កុំម្មុយនីស្ត​បាន​បង្ហោះ​តួលេខ​ខ្លះ​អំពី​PLARF​ថា​មាន​ទាហាន​១​សែន​នាក់ កាំជ្រួច​ផ្លោង​​ឆ្លង​ទ្វីប​ចម្ងាយ​ឆ្ងាយ​២០០​ដើម​និង​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​៣០០​ដើម​។​វា​ក៏​មាន​កាំជ្រួច​ផ្លោង​ចម្លាយ​ខ្លី​១.១៥០​ដើម និង​កាំជ្រួច​បណ្តែត​៣.០០០​ដើម​។​

​កាំជ្រួច​របស់​ចិន​សុទ្ធតែ​មាន​ប្រៀប​លើ​កាំជ្រួច​របស់​អាមេរិក​ទាំ​ង​ល្បឿន​និង​ចម្ងាយ​។​ឧទាហរណ៍ អាមេរិក​មិន​មាន​កាំជ្រួច​ប្រឆាំង​នាវា​ចម្ងាយ​ឆ្ងាយ​ហើយ​លឿន​ជាង​សម្លេង​ទេ​។​ចិន​​មាន​ពីរ គឺ​៖YJ-12 ជាមួយនឹង​ចម្ងាយ​៤០០​គីឡូម៉ែត្រ និង YJ-18​ដែល​អាច​បាញ់​បាន​៥៤០​គីឡូម៉ែត្រ​។​

​កាំជ្រួច​ប្រឆាំង​នាវា​ទំនើប​បំផុត​របស់​អាមេរិក​គឺ​RGM-UGH-84 Harpoon​ហោះ​បាន​ចម្ងាយ​២៤០​គីឡូម៉ែត្រ​និង​មិន​ហោះ​លឿន​ជាង​សម្លេង​ទេ​។​អា​មេរិក៏​កំពុងច្នៃ​កាំជ្រួច​​បណ្តែត Tomahawk​ដែល​ហោះ​បាន​ចម្ងាយ​១.៦០០​គីឡូម៉ែត្រ សំរាប់​វាយប្រហារ​នាវា តែ​នៅ​មិន​ប្រើ​បានទេ​។​

​លោក​រ៉ូ​ប៊ឺត ហាត​ឌិក បាន​កត់សំគាល់ថា​«​នេះ​ជា​គម្លាត​ដ៏​ធំ​ណាស់​មួយ​»​។​

​បច្ចេកវិទ្យា​លឿន​ជាង​សម្លេង​ជា​វិស័យ​មួយទៀត​ដែល​ចិន​នាំមុខ​អាមេរិក​។​ចាប់តាំងពី​ឆ្នាំ​២០១៤ ចិន​បាន​សាកល្បង​សព្វាវុធ​ដែល​ហោះ​លឿន​ជា​សម្លេង​៤​ដង ដោយ​ប្រើ​ម៉ាស៊ីន​​ប្រតិកម្ម​ហៅថា ramjet ឬ scramjet​។​

​ម៉ៃ​ឃើ​ល ហ្គ្រី​ហ្វីន អនុ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទទួលបន្ទុក​សិក្សា​ស្រាវជ្រាវ​និង​វិស្វកម្ម បាន​ប្រាប់​សភា​កាលពី​ឆ្នាំមុន​អំពី​ការអភិវឌ្ឍន៍​សព្វាវុធ​លឿន​ជាង​សម្លេង​ថា​«​និយាយ​​ដោយស្មោះ យើង​នាំមុខគេ​កាលពី​១០-១៥​ឆ្នាំមុន និង​យើង​ទើប​អនុញ្ញាតអោយ​វា​ធ្លាក់ចុះ​។​យើង​ត្រូវ​ការចាប់ផ្តើម​ជាថ្មី​»​។​

​ចំណែក​ឧត្តមនាវី ហា​រី ហារី​ស អតីត​ប្រមុខ​បញ្ជាការ​ប៉ាស៊ីហ្វិក​អាមេរិក បាន​ប្រាប់​គណៈកម្មការ​ព្រឹទ្ធសភា​ខាង​សេវា​កងកម្លាំងប្រដាប់អាវុធ​កាលពី​ឆ្នាំ​២០១៨​ថា​« សព្វថ្ងៃ​យើង​​ចាញ់​ប្រៀប​ចិន ដោយសារ​គេ​មាន​កាំជ្រួច​តាំង​លើដី​ដែល​គំរាម​មូលដ្ឋាន​របស់​យើង​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​និង​នាវា​របស់​យើង​»៕ដោយ៖វាសនា

ចិន​សាកល្បង​កាំជ្រួច​ពិឃាត​នាវា​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​