កងកម្លាំង​គាំទ្រ​ដោយ​តួ​ក​គី​ត្រៀមខ្លួន​ជំនួស​កងទ័ព​អាមេរិក​នៅ​ស៊ី​រី​

527
ចែករម្លែក

​ពួក​អ្នក​ប្រយុទ្ធ​គាំទ្រ​ដោយ​តួ​ក​គី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ធ្នូ​ថា​ពួកគេ​កំពុង​រៀបចំ​ធ្វើដំណើរ​ទៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​រួមជាមួយ​កងទ័ព​តួ​ក​គី​នៅពេលដែល​កងកម្លាំង​អាមេរិក​ដកចេញ ហើយ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ជួរមុខ​នៃ​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ឃឺ​ដ​។​

​ការ​ដកទ័ព​អាមេរិក​នេះ​នឹង​ទុកឱ្យ​គ្រប់ភាគី​នាំគ្នា​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាងកើត​ស៊ី​រី​ដែល​សម្បូរ​ដោយ​ប្រេង​។ បច្ចុប្បន្ន តំបន់​ខាងកើត​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​កងកម្លាំង​ឃឺ​ដ ដែល​អាមេរិក​បាន​គាំទ្រ​អស់​រយៈពេល​ជាង​៤​ឆ្នាំ ជាមួយ​ភាគី​ជាច្រើន​កំពុង​ចង់​ដណ្តើម​កាន់កាប់​ក្នុង​តំបន់​នេះ​។ បច្ចុប្បន្ន តំបន់​ខាងកើត​នេះ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​៣​ភាគី​គឺ​រដ្ឋាភិបាល​ស៊ី​រី ក្រុម​រដ្ឋ​អ៊ីស្លាម និង​តួ​ក​គី ដែល​ចាត់ទុក​ពួក​ឃឺ​ដ​ជា​ភេរ​វករ ដោយសារតែ​ការផ្សាភ្ជាប់​របស់​ពួកគេ​ទៅនឹង​ក្រុម​បះបោរ​ឃឺ​ដ​នៅក្នុង​ប្រទេស​តួ​ក​គី​។​

កងកម្លាំង​ប្រឆាំង​នៅ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​តួ​ក​គី​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលកាន់​កាប់​តំបន់​ភាគ​ខាងកើត​ស៊ី​រី ដែល​គ្រប់គ្រង​ដោយ​ពួក​ឃឺ​ដ

​លោក​យូ​ស​សេ​ហ្វ ហាម​ម៉ូដ (Youssef Hammoud) អ្នកនាំពាក្យ​របស់​ក្រុមប្រឆាំង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​តួ​ក​គី​បាន​និយាយថា ពួកគេ​មាន​អ្នក​ប្រយុទ្ធ​ហ្វឹកហាត់​ច្បាស់លាស់​រហូតដល់​ទៅ ១៥.០០០ នាក់​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដាក់ពង្រាយ​ជាមួយ​កងកម្លាំង​តួ​ក​គី ហើយ​ពួកគេ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូលទៅ​កាន់​ទីក្រុង​ម៉ាន​ប៊ី​ស (Manbij) ជា​ក្រុង​រដ្ឋបាល​គ្រប់គ្រង​ដោយ​ពួក​ឃឺ​ដ​នៅ​ភាគ​ខាងជើង​ស៊ី​រី កន្លែង​ដែល​កងទ័ព​អាមេរិក​ឈរជើង​។​

​លោក​ហាម​ម៉ូដ​បាន​និយាយថា “​គ្មាន​ជម្រើស​អ្វី​” ចំពោះ​កងកម្លាំង​តួ​ក​គី​និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ក្រៅតែពី​ជំនួស​កងទ័ព​អាមេរិក​នោះឡើយ​។​

​លោក​ហាម​ម៉ូដ​បាន​និយាយថា “​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​អាយ​ស៊ី​ស​” ទោះបី​ពួក​សកម្មប្រយុទ្ធ​អាយ​ស៊ី​សភាគ​ច្រើន​បាន​ដកថយ​ទៅកាន់​តំបន់​ដាច់ស្រយាល​រាប់រយ​គីឡូម៉ែត្រ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ម៉ាន​ប៊ី​ស​ក៏ដោយ​។​

​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា អាមេរិក​នឹង​ដក​កងកម្លាំង​សរុប​ចំនួន ២.០០០ របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី ជា​ចំណាត់ការ​មួយ​ដែល​នឹង​ទុកឱ្យ​តំបន់​ខាងកើត​ស៊ី​រី​សម្បូរ​ប្រេង​ត្រូវ​ភាគី​ដទៃ​ដណ្តើម​គ្នា​កាន់កាប់​៕ ដោយ៖ កញ្ញាដាលីស

#