កងកម្លាំង​គាំទ្រ​ដោយ​អាម៉េរិក​បាន​ផ្តួលរំលំ​ពួក​រដ្ឋ​អ៊ីស្លាម ប៉ុន្តែ​ជ័យជម្នះ​ប្រហែលជា​មិនមាន​រយៈពេល​យូរ​ទេ​

398
ចែករម្លែក
  • 39
    Shares

​នៅក្នុង​យុទ្ធនាការ​មួយ​ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​និង​ប្រធានាធិបតី​អាមេរិក​ពីររូប​បាន​ទម្លាក់​គ្រាប់បែក​ជាង ១០០.០០០ គ្រាប់​និង​សម្លាប់​ជន​ស៊ីវិល​ក្នុង​ចំនួន​មិនអាច​ដឹងបាន ឥឡូវ​កងទ័ព​អាមេរិក​បាន​ដឹកនាំ​ការបំផ្លិចបំផ្លាញ​អាណាចក្រ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី (​អាយ​ស៊ី​ស​)​។​

​វា​ជា​ជោគជ័យ​របស់​យោធា ប៉ុន្តែ​វា​នឹង​មិនមាន​រយៈពេល​យូរ​នោះទេ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ដួលរលំ ប៉ុន្តែ​វា​មិន​រលាយ​សាបសូន្យ​នោះទេ​។​

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា​បានបង្ហាញ​ផែនទី​ពណ៌​កូដ​មួយ​ដើម្បី​គូសបញ្ជាក់​ពីអ្វី​ដែល​គាត់​ហៅថា​ការដួលរលំ​របស់​អាយ​ស៊ី​ស​នៅក្នុង​ទឹកដី​ចុងក្រោយ​របស់​ពួកគេ​នៅ​ប្រទេស​ស៊ី​រី​។ ពេល​កំពុង​ឡើង​កូដ​ខ្លាំង​ក្នុង​ឆ្នាំ ២០១៤-១៥ ពួក​អាយ​ស៊ី​សបាន​គ្រប់គ្រង​តំបន់​មួយ​ដែលមាន​ទំហំ​ប៉ុន​ចក្រភព​អង់គ្លេស​នៅ​ទូទាំងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ និង​បានចាប់ផ្ដើម​ការវាយប្រហា​រ​យ៉ាង​ខ្លាំងក្លា​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ពិភពលោក​។​

លោក​ត្រាំ​លើក​ផែនទី​បង្ហាញ​ការដួលរលំ​របស់​ពួក​អាយ​ស៊ី​ស​នៅក្នុង​ទឹកដី​ចុងក្រោយ​របស់​ពួកគេ​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់

​ទោះយ៉ាងណា ការលើកឡើង​របស់លោក​ត្រាំ​អំពី​ទីបញ្ចប់​នៃ​ការតស៊ូ​ប្រឆាំងនឹង​រដ្ឋ​អ៊ីស្លាម​ហាក់ដូចជា​និយាយ​លឿន​ពេក​ហើយ​។​

​ប្រសិនបើ​ប្រវត្តិសាស្ត្រ​គឺជា​មគ្គុទ្ទេសក៍​មួយ​មែន​នោះ ការកាន់កាប់​ឡើងវិញ​នូវ​ទឹកដី​ដែល​ធ្លាប់​កាន់កាប់​ដោយ​រដ្ឋ​អ៊ីស្លាម​អាច​បង្ហាញ​ពី​ជ័យជម្នះ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប្រសិនបើ​អ៊ីរ៉ាក់​និង​ស៊ី​រី​មិន​ដោះស្រាយ​បញ្ហា​ដែល​បណ្តាលឱ្យ​ចលនា​ជ្រុលនិយម​ឡើង​កូដ​នៅនឹងកន្លែង​ឱ្យបាន​ជាមុនសិន​ទេនោះ ពោលគឺ​រដ្ឋាភិបាល​នានា​ត្រូវធ្វើ​យ៉ាងណា​កុំឱ្យ​ក្រុម​ជនជាតិភាគតិច​ឬ​ក្រុម​សាសនា​ណាមួយ​ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក​។​

​យោធា​អាម៉េរិក​ធ្លាប់បាន​ឆ្លងកាត់​សេណា​រី​យ៉ូ​បែបនេះ​ពីមុន​មកហើយ​។ នៅ​ឆ្នាំ ២០០១ បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី ១១ កញ្ញា​នៅ​ទីក្រុង​ញូវយ៉ក​និង​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​បាន​ឈ្លានពាន​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បណ្តេញ​របប​កាន់អំណាច​តា​លី​បង់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍ និង​បាន​បន្តុប​លោក​ហា​មី​ដ កា​ហ្សៃ ជា​មេដឹកនាំ​របស់​ប្រទេស​នេះ​។ សង្គ្រាម​ហាក់ដូចជា​បានបញ្ចប់​។ ប៉ុន្តែ​ពួក​តា​លី​បង់​បាន​រួបរួមគ្នា​ឡើងវិញ​ខណៈដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ងាក​ទៅ​យកចិត្តទុកដាក់​លើ​លោក​សា​ដាម ហ៊ូ​សេន​របស់​អ៊ីរ៉ាក់ ហើយ​នៅ​ឆ្នាំ ២០០៩ មេបញ្ជាការ​កំពូល​រប​ស់​អាម៉េរិក​នៅ​ទីក្រុង​កា​ប៊ុល​បាន​ហៅ​សង្គ្រាម​នេះ​ថា​ទ័លច្រក​។​

​យោធា​អាម៉េរិក​នៅតែ​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ចំ​ពេលដែល​ចក្ខុវិស័យ​អំពី​សន្តិភាព​នៅ​មិនទាន់​ច្បាស់លាស់​។​

​បទពិសោធន៍​នៅ​អ៊ីរ៉ាក់​គឺ​ស្រដៀង​គ្នា​នឹង​បទពិសោធន៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ យោធា​អាមេរិក​ហាក់ដូចជា​បាន​យកឈ្នះ​លើ​ចលនា​បះបោរ​របស់​ពួក​ស៊ុន​នី​នៅ​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០១១ បន្ទាប់ពី​សង្គ្រាម ៨ ឆ្នាំ​។ កងកម្លាំង​អាម៉េរិក​បាន​ចាកចេញ​តែ​ដូច​អង្គុយ​មើល​ភាព​តានតឹង​ខាង​និកាយ​សាសនា​រើប​ឡើងវិញ និង បើកផ្លូវ​ឱ្យ​ពួក​អាយ​ស៊ី​ស ដែលមាន​មូលដ្ឋាន​នៅ​ស៊ី​រី គ្រប់គ្រង​ផ្នែក​ដ៏​ធំ​នៃ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០១៤​។​

​នៅពេលដែល​ឧត្ដមសេនីយ៍​យោធា​អាមេរិក លោក​ឡយ អូ​ស្ទី​ន (Lloyd Austin) ដែលជា​អ្នករៀបចំ​ផែនការ​ផ្តួលរំលំ​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី បាន​ដាក់ចេញ​ផែនការ​ក្នុង​ឆ្នាំ ២០១៥ ភាគច្រើន​នៃ​ពួក​ស៊ុន​នី​នៅ​អ៊ីរ៉ាក់​បាន​បដិសេធ​មិន​ព្រម​ប្រយុទ្ធ​ដើម្បី​រដ្ឋាភិបាល​របស់​ពួកគេ​នោះទេ នៅពេល​ពួក​រដ្ឋ​អ៊ីស្លាម​បាន​កាន់កាប់​ទូទាំង​តំបន់​ទន្លេ​យូ​ប្រេត និង​កាន់កាប់​ភាគច្រើន​នៃ​តំបន់​ខាងជើង​និង​ខាងលិច​របស់​ប្រទេស​។​

​លោក​អូ​ស្ទី​ន​បាន​និយាយថា “​ពួកគេ​បានអនុញ្ញាត និង​ក្នុង​ករណីខ្លះ​បាន​សម្របសម្រួល​ឱ្យ​ពួក​អាយ​ស៊ី​ស​រុល​ចូលមក​ក្នុងប្រទេស​ថែមទៀត​”​។ ទោះបី​គាត់​មិន​និយាយ តែ​មូលហេតុ​នៃ​ការ​សមគំនិត​របស់​ពួកគេ​គឺ​មកពី​ការមិនជឿ​ទុកចិត្ត​យ៉ាង​ជ្រាលជ្រៅ​របស់​ពួកគេ​ទៅលើ​នាយករដ្ឋមន្ត្រី​និកាយ​ស៊ី​អ៊ី​ត លោក​នូ​រី អាល់​ម៉ាលី​គី​។​

​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ហៅ​ការឈ្លានពាន​របស់​អាម៉េរិក​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ ២០០៣​ជា​កំហុស​នោះ បាន​បញ្ជូន​មន្ត្រី​ទីប្រឹក្សាយោធា​អាម៉េរិក​មួយចំនួន​ត្រឡប់​ទៅ​អ៊ីរ៉ាក់​វិញ​នៅ​រដូវក្តៅ​ឆ្នាំ ២០១៤ បន្ទាប់មក​ក៏​ចាប់ផ្តើម​មាន​យុទ្ធនាការ​តាម​ជើង​អាកាស​។ លើក​នេះ វិធីសាស្ត្រ​ថ្មី​មួយ​ត្រូវ​បានអនុម័ត គឺ បង្វឹក​និង​បំពាក់បំប៉ន​ដល់​ជនជាតិ​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធ​ដោយ​ខ្លួនឯង​ជាជាង​ឱ្យ​អាម៉េរិក​ប្រយុទ្ធ​ដើម្បី​ពួកគេ​។ ហេតុដូច្នេះ​ហើយ​បានជា​នាំឱ្យ​កកើត​យុទ្ធសាស្ត្រ​ប្រឆាំង​រដ្ឋ​អ៊ីស្លាម ដែល​ទីបំផុត​បាន​យកឈ្នះ​ទាំង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​។​

​ឥឡូវនេះ បញ្ហា​គឺថា​ធ្វើ​យ៉ាងម៉េច​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នយោបាយ​នៃ​ការផ្សះផ្សា​ក្រុម​គូប្រជែង​នានា​នៅក្នុង​ប្រទេស​ទាំងពីរ​។​

​លោក​ស្តេ​ហ្វិ​ន ប៊ីដ​ដល (Stephen Biddle) សាស្ត្រាចារ្យ​កិច្ចការ​សាធារណៈ​និង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី មើលឃើញ​ឱកាស​ដ៏​រឹងមាំ​មួយ​ដែលថា ពួក​រដ្ឋ​អ៊ីស្លាម​នឹង​នៅតែ​ជាការ​គំរាមកំហែង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី ជាមួយនឹង​កម្លាំង​តស៊ូ​ទំនងជា​នឹង​ងើបឡើង​វិញ​។​

​លោក​ប៊ីដ​ដល​បាន​សរសេរ​ឆ្លើយ​ឆ្លងតាម​អ៊ីមែល​ថា “​ប្រសិនបើ​វា​កាន់តែ​អាក្រក់​ទៅ​មែន​នោះ ខ្ញុំ​សង្ស័យថា ក្រុមអ្នកវិភាគ​នៅ​ឆ្នាំ ២០២៥ ដែល​សម្លឹងមើល​លើ​ជ័យជម្នះ​ថ្ងៃនេះ នឹង​មើលឃើញ​ការបណ្តេញ​ពួក​អាយ​ស៊ី​ស​ពី​ទឹកដី​ចុងក្រោយ​របស់​ពួកគេ​និង​ការអបអរ​របស់​អាម៉េរិក​ជា​ឧទាហរណ៍​មួយទៀត​នៃ​ប្រតិកម្ម​ហួសហេតុ​និង​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ចំពោះ​ព្រឹត្តិការណ៍​បន្ទាប់បន្សំ​”​។​

​លោក​ប្រេត ម៉ាក​ហ្គួ​គ (Brett McGurk) អតីត​បេសកជន​ពិសេស​របស់​អាម៉េរិក​ប្រចាំ​ក្នុង​កងកម្លាំង​ចម្រុះ​ប្រឆាំង​ពួក​រដ្ឋ​អ៊ីស្លាម បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​គឺ​ជិត​បញ្ចប់​នៅក្នុង​ប្រទេស​ស៊ី​រី​ហើយ ដោយសារតែ​យុទ្ធនាការ​រៀបចំឡើង​ក្រោម​ការដឹកនាំ​របស់លោក​អូ​បា​ម៉ា​និង​បាន​បន្ត​អនុវត្ត​នៅក្រោម​ការដឹកនាំ​របស់​លោក​ត្រាំ​។ លោក​ម៉ាក​ហ្គួ​គ ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែធ្នូ​បន្ទាប់ពី​លោក​ត្រាំ​បានប្រកាសថា​កងកម្លាំង​អាម៉េរិក​នឹង​ដកថយ​ទាំងស្រុង​នោះ បាន​និយាយថា ជោគជ័យ​ខាង​យោធា​គឺ “​តម្រូវឱ្យមាន​ការតាមដាន​ដិតដល់​”​។​

​ការវិភាគ​ថ្មី​មួយ​ដោយ​វិទ្យាស្ថាន​សិក្សា​សង្គ្រាម​បាន​និយាយថា ពួក​រដ្ឋ​អ៊ីស្លាម​កំពុង​បង្កើត​បណ្តាញ​បះបោរ​ឡើងវិញ​នៅក្នុង​បន្ទាយ​ប្រវត្តិសាស្ត្រ​នានា​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​និង​បង្កើត​ដំណាក់កាល​សម្រាប់​ការវាយប្រហារ​នាពេល​អនាគត​មកលើ​រដ្ឋាភិបាល​អ៊ីរ៉ាក់​។​

​លោក​ប្រាន​ដុន វ៉​ល​ឡេស (Brandon Wallace) នាយក​វិទ្យាស្ថាន​នេះ​បាន​សរសេរ​ក្នុងការ​វិភាគ​នាពេល​ថ្មីៗ​នេះ​ថា “​សហរដ្ឋ​អាម៉េរិក​និង​ដៃគូ​របស់ខ្លួន​មិនគួរ​ចាត់ទុក​សន្តិសុខ​បច្ចុប្បន្ន​នៅ​ទីក្រុង​បា​កដាដ​ជាការ​បញ្ជាក់​ពី​បរាជ័យ​របស់​ពួក​អាយ​ស៊ី​ស​នោះទេ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​យ៉ូ​សែ​ប វ៉ូ​ថែ​ល (Joseph Votel) ដែល​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​យោធា​របស់​សហរដ្ឋ​អាម៉េរិក​នៅ​មជ្ឈិមបូព៌ា​ក្នុងនាម​ជា​មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល បាន​ប្រាប់​សភា​កាលពី​ដើមខែ​នេះ​ថា ភាពជ្រុលនិយម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​គឺជា “​បញ្ហា​ទូទៅ​”​។​

​នៅពេលដែល​យោធា​អាម៉េរិក​បានចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំងនឹងរ​ដ្ឋ​អ៊ីស្លាម ពួកគេ​បាន​ផ្តោត​សំខាន់​លើ​ប្រទេស​អ៊ីរ៉ាក់​មួយផ្នែក ដោយសារ​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​ខ្លួនឯង​ផ្ទាល់​ហាក់ដូចជា​កំពុងមាន​គ្រោះថ្នាក់​។ ដំណើរការ​នេះ​មាន​ភាពយឺតយ៉ាវ ហើយ​នៅ​ខែឧសភា​ឆ្នាំ ២០១៥ កិច្ចប្រឹងប្រែង​ទាំងមូល​បាន​ធ្លាក់​ក្នុង​មន្ទិលសង្ស័យ នៅពេលដែល​កងទ័ព​ការពារ​អ៊ីរ៉ាក់​ត្រូវបាន​សម្លាប់ចោល​អស់​នៅ​ទីក្រុង​រ៉ា​ម៉ា​ឌី​។ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​នៅ​គ្រានោះ​គឺ​លោក អាស ខា​ធឺ បាន​ចោទសួរ​អំពី​ឆន្ទៈ​របស់​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធ ប៉ុន្ដែ​យូរៗ​ទៅ​សំណួរ​នេះ​បែរជា​ធ្លាក់​ទៅលើ​យោធា​របស់​អាម៉េរិក​វិញ​។​

​យុទ្ធនាការ​នៅ​ស៊ី​រី​ក៏​ចាប់ផ្តើម​សន្សឹមៗ​ដែរ និង​ត្រូវបាន​កត់សម្គាល់​ដោយ​ឧបសគ្គ​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​។ នៅ​ខែកញ្ញា​ឆ្នាំ ២០១៥ លោក​អូ​ស្ទី​ន​មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​របស់​អាមេរិក​បានទទួល​ស្គាល់​ក្នុងអំឡុង​ពេលធ្វើ​សក្ខីកម្ម​នៅ​រដ្ឋសភា​ថា ថ្វីបើ​មាន​ក្តី​សង្ឃឹមថានឹង​អាចដាក់​ពួក​ឧទ្ទាម​ស៊ី​រី​ដែល​គាំទ្រ​ដោយ​អាម៉េរិក​រាប់ពាន់នាក់​ចូលទៅក្នុង​សមរភូមិ​ប្រឆាំងនឹង​ពួក​អាយ​ស៊ី​ស ក៏ប៉ុន្តែ​ពួកគេ​អាចដាក់​បានត្រឹមតែ​បួន​ឬ​ប្រាំ​នាក់​ប៉ុណ្ណោះ​។​

​ព្រឹទ្ធសមាជិក​លោក​ជេ​ហ្វ សេស​សិន បាន​និយាយ​ទុកជាមុន​ថា “​នេះ​គឺជា​បរាជ័យ​ទាំងស្រុង​”​។ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ចាប់ផ្តើម​មាន​សន្ទុះ ហើយ​នៅ​ដើមឆ្នាំ ២០១៦ សហរដ្ឋ​អាម៉េរិក​បានជ្រើសរើស​និង​រៀបចំ​នូវ​អ្វីដែល​គេ​ហៅថា​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ដែល​កងទ័ព​សហប្រតិបត្តិ​ការ​ពិសេស​របស់​អាម៉េរិក​គឺជា​អ្នក​បណ្តុះបណ្តាល ណែនាំ និង​ជួយ​។ ទោះបី​ជាមាន​ភាពស្មុគស្មាញ​ថ្មី​នៅលើ​សមរភូមិ​ដូចជា​ការចូល​របស់​រុស្ស៊ី​នៅក្នុង​ជម្លោះ​នេះ​ក៏ពិតមែន ក៏ប៉ុន្តែ​យុទ្ធនាការ​នេះ​បាន​ដណ្តើមយក​មកវិញ​នូវ​ទឹកដី​របស់​ពួក​អាយ​ស៊ី​ស និង​បាន​កាត់ផ្តាច់​ទីជម្រក​ចុងក្រោយ​របស់​ពួក​ជ្រុលនិយម​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ដេលី​មែ​ល​