កងកម្លាំង​ជា​គូប្រជែង​នៅ​លី​ប៊ី​កំពុង​ប្រយុទ្ធ​គ្នា​ដណ្តើម​កាន់កាប់​ទីក្រុង​ទ្រី​ប៉ូ​លី ទោះបី​អ​.​ស​.​ប​អំពាវនាវ​ឱ្យ​បញ្ឈប់​ការបាញ់​គ្នា​

382
ចែករម្លែក
  • 44
    Shares

​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​លី​ប៊ី​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​និង​មេបញ្ជាការ​ម្នាក់​ដែលជា​គូប្រជែង​បាន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​រដ្ឋធានី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា បន្ទាប់ពី​ប្រមុខ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​សបាន​ព្រមាន​ថា​ប្រទេស​នេះ​ប្រឈម​នឹង “​ស្ថានភាព​គ្រោះថ្នាក់​បំផុត​”​។​

​មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ចេញពី​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ជាយក្រុង​ទ្រី​ប៉ូ​លី​ដែល​បណ្តាលឱ្យ​មនុស្ស​រាប់សិប​នាក់​ស្លាប់​និង​បង្កឱ្យមាន​ការព្រមាន​ជាស​កល​។​

​លោក​គូ​ថេ​រ៉េ​សបាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ឱ្យ​បញ្ឈប់​អរិភាព​នេះ​ដើម្បី​ទប់ស្កាត់ “​ការបាត់បង់​ការត្រួត​ត្រា​” ស្ថានភាព​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​សន្និសីទកាសែត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​នៅ​ទីក្រុង​ញូវយ៉ក​ថា “​វា​នៅតែមាន​ពេល​ដើម្បី​បញ្ឈប់​នៅឡើយ​។ វា​នៅមាន​ពេល​ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដើម្បី​បញ្ឈប់​អរិភាព និង​ដើម្បី​បញ្ចៀស​នូវ​ស្ថានភាព​ដ៏​អាក្រក់​បំផុត ដែល​អាច​នឹង​ក្លាយជា​ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​យ៉ាងខ្លាំង​ក្លា​ដើម្បី​កាន់កាប់​ទីក្រុង​ទ្រី​ប៉ូ​លី​”​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា​ការប្រយុទ្ធ​គ្នា​ជិត​មួយ​សប្តាហ៍​នៅ​ច្រកទ្វារ​ទីក្រុង​បានសម្លាប់​មនុស្ស ៥៦ នាក់​និង​បង្ក​របួស ២៦៦ នាក់​។​

​អង្គការ​នេះ​និយាយថា “​មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ពី​ផ្ទះសម្បែង​របស់​ពួកគេ ខណៈ​អ្នក​ខ្លះទៀត​កំពុង​ជាប់​នៅក្នុង​តំបន់​ជម្លោះ​។ មន្ទីរពេទ្យ​នៅក្នុង​និង​នៅក្រៅ​ទីក្រុង​ទ្រី​ប៉ូ​លី​កំពុង​ទទួល​អ្នករបួស​រាល់ថ្ងៃ​”​។

​ប្រមុខ​អ​.​ស​.​ប​បាន​កំពុង​ស្ថិតនៅ​លី​ប៊ី នៅពេល​កងកម្លាំង​ស្មោះ​នឹង​បុរស​ខ្លាំង ខា​លី​ហ្វា ហា​ហ្វ​តា បើក​ការវាយលុក​កាលពី​សប្តាហ៍​មុន​ដើម្បី​កាន់កាប់​ទីក្រុង​ទ្រី​ប៉ូ​លី ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​គាំទ្រ​ដោយ​អ​.​ស​.​ប និង កងជីវពល​មួយចំនួន​។​

​លោក​ហា​ហ្វ​តា​គាំទ្រ​រដ្ឋបាល​ជា​គូប្រជែង​នៅ​លី​ប៊ី​ភាគ​ខាងកើត ដែល​ជំទាស់​មិន​ព្រម​ទទួលស្គាល់​រដ្ឋអំណាចរ​បស់​រដ្ឋាភិបាល​ស្រុះស្រួល​ជាតិ (GNA) ដឹកនាំ​ដោយ​លោក​ហ្វា​យ៉េ​ស អាល់​សា​រ៉ា​ច (Fayez al-Sarraj)​។​

​លោក អា​ម៉ា​ត អាល់​ម៉េ​ស្មា​រី (Ahmad al-Mesmari) អ្នកនាំពាក្យ​របស់​កង​ទ័ព​ជាតិ​លី​ប៊ី (LNA) របស់លោក​ហា​ហ្វ​តា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​កងកម្លាំង​របស់​យើង​បន្ត​ឆ្ពោះទៅមុខ​គ្រប់​ជួរមុខ​ទាំងអស់​និង​កំពុង​សំដៅ​ជួបជុំគ្នា​នៅ​កណ្តាល​រដ្ឋធានី​។​

​លោក​បាន​និយាយថា កងកម្លាំង LNA បានចេញ​ដីកាចាប់ខ្លួន​លោក​សា​រ៉ា​ច​និង​មន្ត្រី GNA ដទៃទៀត​ពីបទ “​ក្បត់ជាតិ​” “​គាំទ្រ​ក្រុម​ភេរវកម្ម​” និង “​ឃុបឃិត​ជាមួយ​ប្រទេស​ដទៃ​”៕ ដោយ៖ កញ្ញាដាលីស

កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អ​.​ស​.​ប​កំពុង​ប្រយុទ្ធ​ដើម្បី​ការពារ​ទីក្រុង​ទ្រី​ប៉ូ​លី
#