ទង់ជាតិតួកគីបានបង្ហូតនៅតំបន់អាហ្វ្រីនកាលពីថ្ងៃអាទិត្យទី ១៨ មីនា បន្ទាប់ពីកងទ័ពរបស់ខ្លួននិងក្រុមឧទ្ទាមដែលគាំទ្រដោយរដ្ឋាភិបាលក្រុងអង់ការ៉ាបានបណ្តេញកងជីវពលឃឺដដើម្បីដណ្ដើមកាន់កាប់ទីក្រុងស៊ីរីមួយនេះ។
ក្នុងជ័យជម្នះដ៏ធំសម្រាប់ប្រតិបត្តិការពីរខែរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅភាគខាងជើងប្រទេសស៊ីរី កងកម្លាំងដឹកនាំដោយតួកគីបានសម្រុកចូលទៅក្នុងតំបន់អាហ្វ្រីន ដោយមិនមានការតតាំង ពេលចូលកាន់កាប់ទីតាំងនានានៅទូទាំងទីក្រុងនេះ។
ការសម្រុកចូលនេះកើតឡើង នៅពេលដែលសង្គ្រាមស៊ីវិលស៊ីរីបានឈានចូលដល់ឆ្នាំទី ៨ នៅសប្តាហ៍នេះ ជាមួយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំពុងកើតឡើងនៅសមរភូមិមុខចំនួន ២ គឺនៅជុំវិញតំបន់អាហ្វ្រីន និងនៅក្នុងតំបន់បះបោរ ហ្គោតាភាគខាងកើត ក្បែរទីក្រុងដាម៉ាស។
មនុស្សរាប់រយនាក់ត្រូវបានសម្លាប់និងមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេដោយសារតែការវាយប្រហារដ៏សាហាវឃោរឃៅនៅហ្គោតា កន្លែងដែលប្រធានាធិបតីបាសា អាល់អាសាដ កាលពីថ្ងៃអាទិត្យបានទៅសួរសុខទុក្ខកងទ័ព ដែលប្រយុទ្ធដើម្បីដណ្ដើមកាន់កាប់ទីតាំងរឹងមាំចុងក្រោយរបស់ទ័ពឧទ្ទាមនៅជិតរដ្ឋធានីនេះ។
នៅអាហ្វ្រីន ក្រុមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានឃើញកងកម្លាំងតួកគីនិងសម្ព័ន្ធមិត្តស៊ីរីរបស់ពួកគេមានវត្តមាននៅគ្រប់សង្កាត់ទាំងអស់នៃទីក្រុង បន្ទាប់ពីពួកគេបានធ្វើការសម្រុកចូលលឿនដូចផ្លេកបន្ទោរកាលពីថ្ងៃអាទិត្យ។
ពួកឧទ្ទាមស៊ីរី (សម្ព័ន្ធមិត្តតួកគី) នាំគ្នាដើរពេញទីក្រុង ដោយផ្តល់សញ្ញាណនៃជ័យជម្នះ និងបានថតរូបជាមួយរថក្រោះតួកគី ដែលចតនៅខាងក្រៅអគារផ្លូវការនានា។
ក៏ប៉ុន្តែការអបអរមិនយូរប៉ុន្មានហាក់ដូចជាប្រែក្លាយទៅជាការលួចឆក់ប្លន់ទៅវិញ ខណៈពួកឧទ្ទាមគាំទ្រតួកគី បានចាប់ផ្ដើមលួចទំនិញ និងវាយបំផ្លាញរូបសំណាកវីរបុរសជនជាតិឃឺដ។
ក្រុមអ្នកប្រយុទ្ធទាំងនោះត្រូវគេមើលឃើញកំពុងទម្លុះចូលទៅក្នុងហាង ភោជនីយដ្ឋាន និងផ្ទះជាច្រើន មុនពេលដឹកជញ្ជូនម្ហូបអាហារ ឧបករណ៍អេឡិចត្រូនិច ភួយ និងទំនិញដទៃទៀតដាក់តាមឡានដឹកទំនិញ៕ ដោយ៖ កញ្ញាដាលីស