កងកម្លាំង​ប៉េអឹម ក្រុមមន្ត្រី​បរិស្ថាន ផ្ទុះអាវុធ​រំដោះខ្លួន​ចេញពី​ការឡោមព័ទ្ធ​របស់​ប្រជាពលរដ្ឋនៅក្នុង​ព្រៃ​

1227
ចែករម្លែក
កងកម្លាំង​ប៉េអឹម ក្រុមមន្ត្រី​បរិស្ថាន ផ្ទុះអាវុធ​រំដោះខ្លួន​ចេញពី​ការឡោមព័ទ្ធ​របស់​ប្រជាពលរដ្ឋនៅក្នុង​ព្រៃ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ កងកម្លាំង​ប៉េអឹម​ប្រដាប់​ដោយ​អាវុធ​និង​មន្ត្រី​បរិស្ថាន​រួមទាំង​ជនបរទេស​សរុប ៣៤​នាក់ បាន​ប៉ះទង្គិច​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​២០០ នាក់ រហូតដល់​មានការ​ផ្ទុះអាវុធថែម​ទៀតផង ។ ការប៉ះទង្គិច​គ្នា​នេះ​នៅ​ភូមិ​ព្រះអង្គរ​កែវ ឃុំ​ដង​ពែង​ ស្រុក​ស្រែអំបិល ខេត្តកោះកុង កាលពី​ល្ងាច​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០១៩​។​

​ការប៉ះទង្គិច​គ្នា​នេះ​គឺ​ខណៈពេលដែល​ក្រុមមន្ត្រី​បរិស្ថាន ​មន្ត្រី​កងរាជអាវុធហត្ថ បានធ្វើ​ការបើក​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ហើយ​ជួប​ជាមួយនឹង​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ នៅក្នុង​ព្រៃ​។​ក្រុម​ប្រជាពលរដ្ឋ​បាន​ឡោមព័ទ្ធ​ក្រុមមន្ត្រី​បរិស្ថាន​និង​កម្លាំង​ប៉េអឹម​ទាំងនោះ រហូតដល់​មានការ​ប្រើប្រាស់​ការ​គប់​ដុំថ្ម​មកលើ​សមត្ថកិច្ច​ថែម​ទៀតផង ជាហេតុ​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ផ្ទុះអាវុធ​ដើម្បី​បំបែក​ក្រុម​ប្រជាពលរដ្ឋ​។ រហូតដល់​ម៉ោង​ជិត ១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែមិថុនា ទើប​ក្រុមមន្ត្រី​បរិស្ថាន​និង​កម្លាំង​ប៉េអឹម សម្រេចចិត្ត​សម្រុក​ចេញមក​ខាងក្រៅ​បាន ។​


​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២០ ខែមិថុនា ក្រុមការងារ​ស្នាក់ការ​ស្រែអំបិល បានធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រះអង្គរ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ លុះដល់​ម៉ោង​៤:៣០​រសៀល​ក្រុម​ល្បាតបាន​ជួបប្រទះ​ប្រជាពលរដ្ឋ​ប្រហែល ២០០​នាក់ បានមក​រារាំង​បិទផ្លូវ​ក្រុមការងារ និង​ឃាត់​រថយន្ត​ក្រុមការងារ​មិន​ឲ្យ​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីស្នាក់ការ​ល្បាត​វិញ ។ ក្រុមការងារ​ដែលជា​ប់​ក្នុងការ​រារាំង​មាន កងរាជអាវុធហត្ថ​​ចំនួន​២២​នាក់ មន្ត្រី​បរិស្ថាន​ចំនួន​៦​នាក់ ជំនួយការ​របស់​អង្គរការ​ចំនួន​៤​នាក់ និង​ជនបរទេស​ចំនួន​២​នាក់ ។ បន្ទាប់ពី​មានការ​រារាំង​ក្រុមការងារ​បាន​រាយការណ៍​ជូន​អភិបាលខេត្ត​ដើម្បី​សុំ​អន្តរាគមន៍ ។ អភិបាលខេត្ត​បាន​បញ្ជា​ទៅ​ស្រុក និងឃុំចាត់​កម្លាំងនគរបាល​ប៉ុស្តិ និងនគរបាល​អធិការដ្ឋាន​ស្រុកស្រែ​អំបិល រួមជាមួយ​ក្រុម​ល្បាត បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ដើម្បី​ឲ្យ​ពួកគាត់​បើកផ្លូវ តែ​ពួកគាត់​មិន​ព្រម ហើយ​ទាមទារ​ឲ្យ​ក្រុម​ល្បាត​យើង​សន្យា​ដោះលែង​ជនសង្ស័យ​ថ្ងៃ​ណា​ឲ្យ​ច្បាស់លាស់​។ (​ជនសង្ស័យ​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន ករណី​សង់ផ្ទះ​ខុសច្បាប់​លើដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង កាលពី​សប្តាហ៍​មុន​)​។ ប៉ុន្តែ​នៅវេលា​ម៉ោង​១២:៥៦​យប់​រំលងអធ្រាត្រ​ក្រុមការងារ​ល្បាត​បានសម្រេច​ចិត្ត​សម្រុក​ចេញពី​ការរារាំង និង​ពេលដែល​សម្រុក​ចេញ​នោះ ក្រុម​ប្រជាពលរដ្ឋ​បាន​ដេញតាម​និង​គប់​ដុំថ្ម​មកលើ​កម្លាំង​ល្បាត​ធ្វើ​ឲ្យ​បែក​កញ្ចក់​ឡាន និង​ក្រុម​ល្បាត​បាន​បាញ់​គំរាម​ឡើងលើ​ចំនួន​៥​គ្រាប់​ដើម្បី​បញ្ឈប់​ដំណើរ​ដេញតាម​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​ដែល​រារាំង ។​មិនមាន​អ្នករងរបួស​នៅក្នុង​ហេតុការណ៍​នេះ​ទេ​៕​SRN/Ha