កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដណ្តើម​កាន់កាប់​ទីតាំង​ចុងក្រោយ​របស់​អាយ​ស៊ី​សបាន​ទាំងស្រុង​

179
ចែករម្លែក
  • 31
    Shares

​កងកម្លាំង​ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ​បានប្រកាស​ពី​ការស្លាប់​នៃ “​ទីក្រុង​កាលី​ហ្វេ​” ចំណាស់​ជិត​៥​ឆ្នាំ​របស់​ក្រុម​រដ្ឋ​ស្លាម​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​មីនា បន្ទាប់ពី​កម្ចាត់​ជន​ជី​ហាដ​ក្បាលរឹង​ចេញពី​បន្ទាយ​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​ភាគ​ខាងកើត​។​

​ពួក​យុទ្ធជន​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក​បាន​លើក​ទង់​ពណ៌​លឿង​របស់​ពួកគេ​នៅ​ក្នុងភូមិ​ដាច់ស្រយាល​ឈ្មោះ​បា​ហ្គូ​ស (Baghouz) កន្លែង​ដែល​ជន​ជី​ហាដ​ក្បាលរឹង​ចម្រុះ​ជាតិ​សាសន៍​ខំប្រឹង​ទាំង​ត្រដរ​ដើម្បី​ការពារ​ជម្រក​ចុងក្រោយ​របស់​ពួកគេ​។​

​ជ័យជម្នះ​របស់ SDF គឺ​បាន​បិទ​បញ្ចប់​ប្រតិបត្តិ​ការប្រយុទ្ធ​ដ៏​លំបាក​រយៈពេល ៦​ខែ ហើយនឹង​ក្លាយជា​កាលបរិច្ឆេទ​និមិត្តរូប​មួយ​នៅក្នុង​សង្គ្រាម ដែល​បាន​ប្រែ​មុខមាត់​តំបន់​និង​ជំរុញ​ការវាយប្រហារ​ភេរវកម្ម​ជាស​កល​នោះ​។​

​អ្នកនាំពាក្យ​លោក​មូ​ស្តេ​ហ្វា បាលី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ប្រកាស​កម្ចាត់​បាន​ទាំងស្រុង​នូវ​ពួក​កាលី​ហ្វេ (​ពាក្យកាត់​របស់​អាយ​ស៊ី​ស​) និង​ការបាត់បង់​ទឹកដី ១០០​ភាគរយ​របស់​ពួក​អាយ​ស៊ី​ស​”​។​

​រដ្ឋ​អ៊ីស្លាម ដែល​ប្រកាស​ជា​ទឹកដី​ក្នុង​ឆ្នាំ ២០១៤ ដោយ​មេដឹកនាំ​កំពូល​របស់​អាយ​ស៊ី​ស​ដែល​រត់គេចខ្លួន ឈ្មោះ អា​ប៊ូ បាក់ អាល់ បា​ដា​ឌី (Abu Bakr al-Baghdadi) បានចាប់ផ្តើម​ដួលរលំ​នៅ​ឆ្នាំ ២០១៧ នៅពេលដែល​ការវាយលុក​ស្របពេល​ដំណាលគ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​បាន​ដណ្តើមបាន​មកវិញ​នូវ​មូលដ្ឋាន​សំខាន់​របស់​អាយ​ស៊ី​សគឺ​ទីក្រុង​រ៉ា​កា និង​ទីក្រុង​ម៉ូ​ស៊ុ​ល​។​

​ការប្រយុទ្ធ​ជិត​ប្រាំ​ឆ្នាំ​ប្រឆាំងនឹង​ក្រុម​ជី​ហាដ​ដ៏​ឃោរឃៅ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យថ្មី​បាន​បំផ្លាញ​ទីក្រុង​បុរាណ​ចំណាស់​រាប់ពាន់​ឆ្នាំ​ជាច្រើន​កន្លែង និង​នាំឱ្យ​ប្រជាជន​ជាច្រើន​លាន​នាក់​គ្មាន​ផ្ទះសម្បែង​។​

​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ពួក​អាយ​ស៊ី​ស​សេសសល់​មួយ​ក្តាប់​តូច​បាន​បន្ត​ថយចុះ​ពីមួយ​ខែ​ទៅ​មួយខែ ហើយ​នៅ​ខែកញ្ញា​ឆ្នាំ ២០១៨ កងកម្លាំង SDF បានចាប់ផ្តើម​ការវាយលុក​ចុងក្រោយ​ទៅលើ “​ទីក្រុង​កាលី​ហ្វេ​” នៅក្នុង​តំបន់​ទន្លេ​យូ​ប្រេត រហូត​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង​នៅ​ថ្ងៃ​សៅរ៍​នេះ​៕ ដោយ៖ កញ្ញាដាលីស

កងកម្លាំង SDF ដណ្តើម​កាន់កាប់​ទឹកដី​របស់​អាយ​ស៊ី​ស​ទាំងស្រុង
កងកម្លាំង SDF ដណ្តើម​កាន់កាប់​ទឹកដី​របស់​អាយ​ស៊ី​ស​ទាំងស្រុង