កងកម្លាំង​ស៊ី​រី​គាំទ្រ​ដោយ​អាមេរិក ផ្អាក​ការវាយប្រហារ​ប្រឆាំង​ពួក​អាយ​ស៊ី​ស បន្ទាប់ពី​តួ​ក​គី​វាយប្រហារ​ឃឺ​ដ

682
ចែករម្លែក

​កងកម្លាំង​ដឹកនាំ​ដោយ​ពួក​អម្បូរ​ឃឺ​ដដែល​គាំទ្រ​ដោយ​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣១​តុលា​ថា ខ្លួន​បាន​ផ្អាក​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម (​អាយ​ស៊ី​ស​) បន្ទាប់ពី​តួ​ក​គី​បាន​បាញ់​ផ្លោង​លើ​ទីតាំង​ឈរជើង​របស់​កងជីវពល​ឃឺ​ដ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែលជា​អង្គភាព​រួមគ្នា​រវាង​អារ៉ាប់​និង​អម្បូរ​ឃឺ​ដ​ដឹកនាំ​ដោយ​ពួក​ឃឺ​ដ បានប្រកាស​បញ្ឈប់​ប្រតិបត្តិការ​បណ្តោះអាសន្នរ​បស់​ពួកគេ ដែល​បាន​បើក​ដំណើរការ​នៅ​ភាគ​ខាងកើត​ស៊ី​រី​កាលពី​ថ្ងៃទី ១០ កញ្ញា និង​បាន​ថ្កោលទោស​ការបង្ក​ហេតុ​រប​ស់​តួ​ក​គី​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​រដ្ឋ​តួ​ក​គី​បានឱ្យដឹងថា កាលពី​ថ្ងៃ​ពុធ តួ​ក​គី​បាន​បាញ់​ផ្លោង​លើ​ទីតាំង​ឈរជើង​របស់​ពួក​ឃឺ​ដ​ក្នុង​តំបន់​កូ​បា​ណេ ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដោយ​សម្លាប់​អ្នក​ប្រយុទ្ធ ៤ នាក់​។​

SDF បាន​ថ្កោលទោស​នូវ​អ្វីដែល​ខ្លួន​ហៅថា “​ការសម្របសម្រួល​” នៃ​ការវាយប្រហារ​របស់​តួ​ក​គី​ជាមួយនឹង​ការប្រយុទ្ធ​តដៃ​វិញ​ដោយ​ពួក​ជី​ហាដ និង​បាន​ព្រមាន​អំពី “​ការផ្អាក​សកម្មភាព​យោធា​ដ៏​យូរ​របស់​យើង​” ប្រឆាំងនឹង​ពួក​អាយ​ស៊ី​ស ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បន្ត​ការវាយប្រហារ​របស់ខ្លួន​។​

​ជន​ស៊ីវិល​ឃឺ​ដ​រាប់រយ​នាក់​ដែល​កាន់​ទង់​គណបក្ស បានធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ក្វា​មី​ស្ល៊ី (Qamishli) ភាគ​ឦសាន​ប្រទេស ដើម្បី​ថ្កោលទោស​ការវាយប្រហារ​រ​បស់​តួ​ក​គី​។​

​ដោយមាន​ការគាំទ្រ​ដោយ​ការវាយប្រហារ​តាម​អាកាស​ពី​ក្រុម​សម្ព័ន្ធមិត្ត SDF មានបំណង​បណ្តេញ​ពួក​អាយ​ស៊ី​ស​ចេញពី​ការកាន់កាប់​នៅជាប់​ព្រំដែន​អ៊ីរ៉ាក់ ប៉ុន្តែ​ក្រុម​ជី​ហាដ​និយម​នេះ​បានធ្វើការ​វាយប្រហារ​ត​ប​វិញ​ដ៏​សាហាវ​កាលពី​សប្តាហ៍​មុន​ក្រោម​ការបិទបាំង​ដោយ​ព្យុះ​ខ្សាច់ ជាហេតុ​បង្ខំ​ឱ្យ​ពួក​ឃឺ​ដ​ដកថយ​៕ ដោយ៖ កញ្ញាដាលីស

ជន​ស៊ីវិល​ឃឺ​ដ​រាប់រយ​នាក់​ដែល​កាន់​ទង់​គណបក្ស បានធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ក្វា​មី​ស្ល៊ី (Qamishli) ភាគ​ឦសាន​ប្រទេស ដើម្បី​ថ្កោលទោស​ការវាយប្រហារ​រ​បស់​តួ​ក​គី