កងកម្លាំង​ស្រីលង្កា​ឆ្មក់​ចូល​ផ្ទះ​ភេរ​វករ​ បណ្តាលឲ្យមាន​ការបាញ់ប្រហារ​និង​រកឃើញ​ទង់​និង​ឯកសណ្ឋាន​ក្រុម​រដ្ឋ​អ៊ីស្លាម​

387
ចែករម្លែក

​កងកម្លាំង​សន្តិសុខ​ស្រីលង្កា ​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​មេសា​ បាន​ឆ្មក់​ចូល​ទីតាំង​ដែល​គេ​ជឿ​ថា​ពួក​រ៉ាឌីកាល់​អ៊ីស្លាម​ប្រើ​ដើម្បី​ថត​វីដេអូ​បង្ហាញ​អំពី​ការ​ស្មោះស្ម័គ្រ​ចំពោះ​មេដឹកនាំ​ក្រុម​​រដ្ឋ​អ៊ីស្លាម អា​ប៊ូ បាក អាល់​-​បាក​ដា​ឌី មុន​ពេល​ពួកគេ​ធ្វើ​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃអាទិត្យ​មុន​។​

​ប៉ូលិស​បាន​និយាយថា គេ​បាន​រកឃើញ​ទង់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​មួយ​និង​ឯកសណ្ឋាន​ដូចគ្នា​នឹង​សម្លៀក​បំពាក់​ដែល​ភេរ​វករ​៨​នាក់​បាន​ពាក់​ថត​នៅមុន​ពួកគេ​វាយប្រហារ​​លើ​សណ្ឋាគារ​និង​ព្រះវិហារ ដែល​បាន​សម្លាប់​មនុស្ស​២៥៣​នាក់​។​

​ក្នុងអំឡុង​ការឆែកឆេរ​មួយទៀត កងកម្លាំង​សន្តិសុខ​និង​យោធា​បាន​ស្ថិត​ក្រោយ​ការបាញ់ប្រហារ តែ​មិន​មាន​របាយការណ៍​អំពី​ការ​រងគ្រោះថ្នាក់​ទេ​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« យើង​បាន​រកឃើញ​វត្ថុតាង​ដែល​ក្រុម​នេះ​បាន​ប្រើ​ថត​វីដេអូ​»​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បញ្ចេញ​វីដេអូ​នេះ​នៅ​២​ថ្ងៃក្រោយ​ការវាយប្រហារ​។​

​ប៉ូលិស​បាន​បង្ហាញ​សម្លៀក​បំពាក់​និង​ទង់​នៅក្នុង​ទូរទស្សន៍​ជាតិ ព្រមទាំង​រំសេវ​ផ្ទុះ​១៥០​ដុំ​និង​គ្រាប់​ដែក​សម្រាប់​ផលិត​អំបែង​គ្រាប់​ប្រមាណ​១​ម៉ឺន​នៅក្នុង​ផ្ទះ​ពួក​ភេរ​វករ​។​

​ការ​រក​ឃើញ​នៅក្នុង​ទីប្រជុំជន​សាម​ម៉ាន់​ធូ​រ៉ាយ ចម្ងាយ​៣៧០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កូឡុំបូ កើតឡើង​ខណៈ​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​បន្ត​ប្រតិបត្តិ​ការស្វែងរក​ពួក​ជ្រុលនិយម​​អ៊ីស្លាម​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​កាលពី​ថ្ងៃ​បុណ្យ​អ៊ី​ស្ទឺ កន្លងទៅ​។​

​ក៏​មាន​របាយការណ៍​អំពី​ការផ្ទុះ​តូចៗ​នៅ​កន្លែង​មួយ​ផ្សេង​ទៀត​ក្នុង​តំបន់​ដដែល តែ​មិន​មាន​របាយការណ៍​អំពី​ការស្លាប់​ឬ​របួស​មនុស្ស​ទេ​។​

​ក្នុងពេល​ជាមួយគ្នា អាចារ្យ​កាតូលិក​នៅ​ក្រុង​កូឡុំបូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ព័ត៌មាន​សន្តិសុខ​ផ្ទៃក្នុង​ដែល​លេច​ធ្លាយ​បាន​ព្រមាន​អំពី​ការវាយប្រហារ​ភេរវកម្ម​បន្ថែម​​លើ​ព្រះវិហារ​គ្រិស្ត​ ហើយ​នឹង​មិន​មាន​ការជួប​ជុំ​សូត្រធម៌​នៅ​ថ្ងៃអាទិត្យ​នេះ​ទេ​នៅ​ស្រីលង្កា។​

​ចំពោះ​ការវាយប្រហារ​ដ៏​អាក្រក់​នេះដែរ នាយ​ប៉ូលិស​កំពូល​របស់​ប្រទេស គឺ​អគ្គស្នងការ​ប៉ូលិស បាន​លាឈប់​ពីមុខ​តំណែង​ដោយសារតែ​បរាជ័យ​ផ្នែក​សន្តិសុខ​។​ការលាឈប់​នេះ​កើត​​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ការពារជាតិ​បាន​លាឈប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ចំណែក​នាយករដ្ឋមន្ត្រី​ស្រីលង្កា​ កាលពី​ថ្ងៃ​សុក្រ​បាន​សុំទោស​ប្រជាជាតិ​ចំពោះ​បរាជ័យ​ក្នុង​ការការពារ​ជនរងគ្រោះ​ពី​ការ​ផ្ទុះ​៕​ដោយ​៖​វាសនា​

ប៉ូលិស​ប្រដាប់​ដោយ​ឆ្កែ​យាម​តាម​ព្រះវិហារ​នៅ​ស្រីលង្ការ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ជន​ជន​អ៊ីស្លាម​នាំគ្នា​បន់ស្រន់​នៅ​ថ្ងៃ​សុក្រ​ដោយ​ភ័យ​ខ្លាចក្រែង​មាន​ការវាយប្រហារ​សង​សឹក​លើ​​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​