កងកម្លាំង​អវកាស ៖ ជា​កាដូ​របស់​ត្រាំ​ដល់​ក្រុមហ៊ុន​ម៉ៅការ​

4804
ចែករម្លែក

​នៅពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ហែល​ស៊ីន​គី​កាលពី​ខែ​មុន​នោះ លោកពូ​ទីន​បានស្នើ​ឱ្យមាន​សន្ធិសញ្ញា​ថ្មី​មួយ​ដើម្បី​កុំឱ្យ​មាន​យោធា​នៅ​ទី​អវកាស​។ សកម្មជន​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​កាលពី​ថ្ងៃ​សុក្រ​ទី​១០​សីហា​ថា ដោយ​ព​ន្លឿ​ន​ទៅមុខ​ជាមួយនឹង​ការបង្កើត​កងកម្លាំង​អវកាស លោក​ត្រាំ​បាន​ច្រានចោល​ការបើកចំហ​ដើម្បី​សន្តិភាព​របស់​លោកពូ​ទីន​ដើម្បី​តែ​ប្រាក់ចំណេញ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ឧស្សាហកម្ម​យោធា​របស់ខ្លួន​។​

​ឯកសារ​បកប្រែ​ជា​ភាសា​អង់គ្លេស ដែល​ទទួលបាន​ដោយ​វេ​ប​សាយ Politico និង​ចេញផ្សាយ​កាលពី​ថ្ងៃទី ៧ សីហា​បាន​លាតត្រដាង​ថា ប្រធានាធិបតី​រុស្ស៊ី​បានស្នើ​ឱ្យមាន​សន្ធិសញ្ញា​អវកាស​ថ្មី ដែល​រារាំង​អាវុធ​នៅ​ដង​តារាវិថី និង​បាន​ជំ​រុញឱ្យ​ប្រទេស​ទាំង​២ “​ពិភាក្សា​អំពី​ការមិន​ដាក់អាវុធ​នៅក្នុង​លំហ​អាកាស​”​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ស្ពុ​ត​និក​។​

​ទោះយ៉ាងណា លោក​ត្រាំ​នៅតែ​ជំរុញ​ទៅមុខ​ជាមួយនឹង​ការបង្កើត​អង្គភាព​យោធា​ទី ៦ គឺ​កងកម្លាំង​អវកាស ដែល​គាត់​បានប្រកាស​កាលពីដើម​ឆ្នាំនេះ ថ្វីបើ​សភា​បាន​បដិសេធ​ផ្តល់​មូលនិធិ​ក្នុង​ថវិកា​ការពារជាតិ​ឆ្នាំ ២០១៩ ដែល​បានអនុម័ត​កាលពី​ខែ​កន្លងទៅ​ក៏ដោយ​។​

​ស្ពុ​ត​និក​បាន​រាយការណ៍​ថា អនុ​ប្រធានាធិបតី​លោក ម៉ៃ ផេ​ន បាន​ចេញមក​បញ្ជា​ក់អំ​ពី​រចនាសម្ព័ន្ធ​អង្គភាព​ថ្មី​នេះ​និង​ផ្តោត​សំខាន់​លើ​កងកម្លាំង​អវកាស​នៅក្នុង​សុន្ទរកថា​របស់គាត់​នៅ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​សីហា ដោយ​កត់សម្គាល់ថា​ការកើនឡើង​យ៉ាងខ្លាំង​លើ​ការពឹងផ្អែក​របស់​យោធា​អាមេរិក​ទៅលើ​ផ្កាយរណប​ដែល​ខ្លួន​មិនអាច​ការពារ​បាន​គ្រប់គ្រាន់​នោះ​គឺ​ងាយ​រងគ្រោះ​បំផុត ដែល​នេះ​ចាំបាច់​ត្រូវមាន​កងទ័ព​ការពារ​។ ហើយ​របាយការណ៍​រប​ស់​មន្ទីរ​បញ្ច​កោណ​ទៅកាន់​គណៈកម្មាធិការ​ការពា​រ​ជាតិ​របស់​សភា​អាមេរិក​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានកត់សម្គាល់​ថាស​ហរ​ដ្ឋ​អាមេរិក​កំពុង​ស្ថិតក្នុង​ហានិភ័យ​នៃ​ការបាត់បង់​ភាពខ្លាំង​របស់ខ្លួន​នៅក្នុង​លំហ​អាកាស​ឱ្យទៅ​ប្រទេស​មហាអំណាច​លេចធ្លោ​ដទៃទៀត ដោយ​ព្រមាន​ថា “​សត្រូវ​ដ៏​មាន​សក្តានុពល​ទាំងនោះ​កំពុង​អភិវឌ្ឍ​យ៉ាងសកម្ម​នូវ​វិធី​ដើម្បី​បដិសេធ​អាមេរិក​មិនឱ្យ​ប្រើ​ទី​អវកាស​ក្នុងពេល​មាន​វិបត្តិ​”​។​

​របាយការណ៍​នេះ​បាន​បញ្ជាក់ថា “​ចិន​និង​រុស្ស៊ី​ដែលជា​គូប្រជែង​ជា​យុទ្ធសាស្ត្រ​របស់​យើង​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​ធ្វើឱ្យ​ចុះខ្សោយ​សមត្ថភាព​អវកាស​របស់​អាមេរិក​ក្នុងអំឡុងពេល​មាន​ជម្លោះ​”​។ ស្ពុ​ត​និក​បាន​រាយការណ៍​ថា ការអភិវឌ្ឍ​អាវុធ​ឡាស៊ែរ​ប្រឆាំង​ផ្កាយរណប​ដោយ​ប្រទេស​ចិន​និង​រុស្ស៊ី គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​នៅ​ពីក្រោយ​ការបង្កើត​កងកម្លាំង​អវកាស​របស់​អាម​រិ​ក​។​

​លោក ប្រ៊ូ​ស ហ្គា​ក​ណុន (Bruce Gagnon) អ្នកសម្របសម្រួល​រប​ស់​បណ្តាញ​សកល​ប្រឆាំងនឹង​អាវុធ​និង​ថាមពលនុយក្លេអ៊ែរ​នៅក្នុង​លំហ​អាកាស​បាន​ប្រាប់​កម្មវិធី Loud & Clear របស់​វិទ្យុ​ស្ពុ​ត​និក​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​មិន​ត្រូវការ​កងកម្លាំង​អវកាស​អ្វី​ទាល់តែសោះ “​ដរាបណា​យើង​មិន​ចង់​ធ្វើឱ្យមាន​ស្ថិរភាព​នៅ​លំហ​អាកាស ដូច​របៀប​ដែល​យើង​បានធ្វើឱ្យ​អស្ថិរភាព​នៅលើ​ផែនដី​”​។​

​សកម្មជន​រូបនេះ​បាន​និយាយប្រាប់​ពិធីករ​វិទ្យុ លោក ច​ន គី​រី​អា​គូ និង លោក ប្រាយ​អែន បេ​ក​ឃើ ថា “​សហរដ្ឋអាមេរិក​មាន​បញ្ជាការ​អវកាស​អាមេរិក​ជា​យូរណាស់​មកហើយ​។ តាមពិត កាលពី​ឆ្នាំ ១៩៩៧ មាន​ទីបញ្ជាការ​កណ្តាល​មួយ​នៅឯ​មូលដ្ឋាន​កងទ័ពអាកាស​ភី​ត​ធឺ​សុន​ក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ដោយមាន​ឃ្លា​មួយ​សរសេរ​លើ​ក្លោងទ្វារ​ចូល​យ៉ាង​ដូច្នេះ “​ស្តេច​អវកាស​” ។ នោះ​ហើយ​ជា​ឡូហ្គោ​របស់​ពួកគេ​។ ហើយ​ទីបញ្ជាការ​អវកាស​អាមេរិក​បានដាក់​ចេញ​នូវ​ឯកសារ​រៀបចំ​ផែនការ​ឆ្នាំ ១៩៩៧ ដោយ​និយាយថា សហរដ្ឋអាមេរិក​នឹង​គ្រប់គ្រង​អវកាស ក្តោប​ក្តាប់​លំហ​អាកាស និង​បដិសេធ​ប្រទេស​ដទៃ​មិន​ឱ្យចូល​ទៅដល់​លំហ​អាកាស​ទេ​។ យើង​នឹង​ធ្វើជា​ស្តេច​អវកាស​”​។​

​លោក​ហ្គា​ក​ណុន​បាន​និយាយថា “​ឥឡូវនេះ ត្រាំ​កំពុង​នាំ​វា​ទៅ​កម្រិត​បន្ទាប់​មួយទៀត​”​។​

​លោក​ហ្គា​ក​ណុន​និយាយថា “​អ្វីដែល​ពិតជា​ជំរុញឱ្យមាន​កងកម្លាំង​អវកាស​គឺថា​ឧស្សាហកម្ម​អវកាស​បាន​អភិវឌ្ឍ​ទាំងស្រុង​ជា​យូរ​មកហើយ​។ សង្គ្រាម​ផ្កាយ​នឹង​ក្លាយជា​គម្រោង​ឧស្សាហកម្ម​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ភពផែនដី​។ ហើយ​ពួកគេ​ទទួលស្គាល់ថា ពួកគេ​អាច​រកប្រាក់​បាន​គ្រប់​ប្រភេទ ប្រសិនបើ​ពួកគេ​ពិតជា​អាចបង្កើត​កងកម្លាំង​អវកាស​ថ្មី​និង​ចាក់​លុយ​ដ៏​ធំ​សម្បើម​ចូលទៅក្នុង​វិស័យនេះ ហើយ​ខ្ញុំ​គិតថា​នោះ​ហើយ​ពិតជា​អ្វីដែល​ជំរុញ​ឱ្យ​អាមេរិក​បង្កើត​កងកម្លាំង​អវកាស​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ sputniknews.com

ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ