កងកម្លាំង​ពិសេស​តាម​ប្រមាញ់​រក​ប្រភព​មី​ស៊ី​ល បន្ទាប់ពី​ដ្រូ​ន​ប្រឆាំង​ភេរវកម្ម​របស់​អាម៉េរិក​ត្រូវបាន​បាញ់​ធ្លាក់​នៅ​លី​ប៊ី​

274
ចែករម្លែក

​កងកម្លាំង​អាកាស​ពិសេស​របស់​អង់គ្លេស (SAS) ត្រូវបាន​កោះហៅ​កាលពី​សប្តាហ៍​មុន​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ MI6 នៅក្នុងការ​វាយតម្លៃថា​តើ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​លី​ប៊ី​កំពុង​ប្រើប្រាស់​អាវុធ​ដែល​លក់​ដោយ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង រុស្ស៊ី ឬ​អត់​។​

​ការកោះហៅ​នេះ​កើតឡើង​បន្ទាប់ពី​មាន​មី​ស៊ី​ល​ហោះ​មក​បាញ់​ទម្លាក់​ដ្រូ​ន Reaper របស់​អាម៉េរិក​និង​អ៊ីតាលី​នៅ​ភាគ​ខាងលិច​ទីក្រុង​ទ្រី​ប៉ូ​លី​កាលពីពេល​ថ្មីៗ​នេះ​។​

​ដ្រូ​ន Reaper មាន​សារៈសំខាន់​ណាស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់​ទល់នឹង​កងកម្លាំង​រដ្ឋ​អ៊ីស្លាម​នៅ​លី​ប៊ី​។ កាលពី​ខែកញ្ញា ការវាយប្រហារ​តាម​ដ្រូ​ន​ចំនួន ៤ លើក​របស់​អាម៉េរិក​បាន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ៤៣ នាក់​ក្នុងចំណោម​គ្នា​វា​ប្រមាណ ១៥០ នាក់​នៅក្នុង​ប្រទេស​លី​ប៊ី​។​

​ប្រទេស​ហ្សកដានី អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង តួ​ក​គី​បាន​រំលោភ​ម្តង​ហើយ​ម្តងទៀត​លើ​ការហាមឃាត់​លក់​អាវុធ​ឱ្យ​លី​ប៊ី​។ កងកម្លាំង​ឧទ្ទាម​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ខា​លី​ហ្វា ហា​ហ្វ​ថា ត្រូវគេ​និយាយថា​បាន​ប្រើប្រាស់​មី​ស៊ី​ល Hawk បាញ់​ពី​ដី​ទៅ​អាកាស​ផលិត​នៅ​អាម៉េរិក​។​

​ការព្រួយបារម្ភ​របស់​អង្គការសហប្រជាជាតិ​ក្រោយមក​ត្រូវបាន​គាំទ្រ​ដោយ​រូបភាព​ផ្កាយរណប ដែល​បង្ហាញថា​មី​ស៊ី​ល Hawk ត្រូវបាន​ប្រើ​ដើម្បី​បាញ់​ទម្លាក់​ដូន​អាម៉េរិក​តម្លៃ ៦ លាន​ដុល្លារ​។​

​ឧ​ត្ត​ម​សេនីយ៍​ហា​ហ្វ​ថា​និយាយថា ការតម្រង់​ចំ​គោលដៅ​ដ្រូ​ន​របស់​កងកម្លាំង​ចម្រុះ​គឺជា​កំហុស​បច្ចេកទេស​។ ប៉ុន្តែ​ពួក​មេទ័ព​អង់គ្លេស​ដែល​ធ្វើ​ប្រតិបត្តិការ​យន្តហោះ​ស៊ើបការណ៍​ក្បែរ​សមុទ្រ​លី​ប៊ី​បារម្ភ​ថា លោក​ហា​ហ្វ​ថា​ពុំមាន​អំណាច​ក្តោប​ក្តាប់​កងកម្លាំង​របស់គាត់​ពេញលេញ​ទេ​។​

​ខណៈ​កងកម្លាំង​ពិសេស SAS ចូលរួម​ជាមួយ​កងក​ម្លាំ​ង​ពិសេស​អាម៉េរិក​និង​អ៊ីតាលី​ដើម្បី​រក​ភស្តុតាង​នៅនឹងកន្លែង អ្នកការទូត​អាម៉េរិក​អ៊ីតាលី​និង​អង់គ្លេស​បាន​ផ្ញើ​សារ​ទៅ​លោក​ហា​ហ្វ​ថា ថា ប្រព័ន្ធ​អាវុធ​របស់គាត់​នឹងត្រូវ​បំផ្លាញ ប្រសិនបើ​ប្រើ​វា​ម្តងទៀត​។​

​ចក្រភព​អង់គ្លេស​អាម៉េរិក​និង​អ៊ីតាលី​បាន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​យោធា​ជាច្រើន​ដល់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​និង​ហ្ស៊​កដា​នី​ដោយ​ផ្អែកលើ​លក្ខខណ្ឌ​ថា ប្រទេស​ទាំងនេះ​នឹងមិន​លក់​វា​ឱ្យទៅ​ភាគី​ទី​បី​៕ ដោយ៖កញ្ញាដាលីស

កងកម្លាំង​អាកាស​ពិសេស​របស់​អង់គ្លេស (SAS) ត្រូវបាន​កោះហៅ​កាលពី​សប្តាហ៍​មុន​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ MI6