កងចល័ត​នៅ​ទំនប់​អាង​ត្រពាំងថ្ម​

344

(​ភ្នំពេញ​)៖ យ៉ែម គឹម​រស់ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ គាត់​មាន​ឪពុក​ឈ្មោះ យ៉ែម ញឹ​ប និង​មា្ត​យ​ឈ្មោះ ចិ លឿន ព្រមទាំង​មាន​បងប្អូន​ប្រាំបួន​នាក់ (​ស្លាប់​បីនាក់ ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​)​។ កាលពី​សង្គម ចាស់ គឹម​រស់ បាន​រៀនសូត្រ​ដល់​ថ្នាក់​ទី​១ នៅ​ស្វាយ​ស៊ីសូផុន រហូតដល់​ថ្ងៃ​ដែល​ខ្មែរក្រហម​បាន​ជ័យជម្នះ​ទាំងស្រុង​លើ​រដ្ឋាភិបាល លន់ នល់ នៅ​ខែមេសា ឆ្នាំ​១៩៧៥ ទើប គាត់​ឈប់រៀន ហើយ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។

​គឹម​រស់ មក​ផ្ទះ​បាន​ពីរ​បី​ថ្ងៃ ក៏ត្រូវ​ខ្មែរក្រហម​ចាត់​ឲ្យ​ទៅ​នៅ​កងចល័ត​ភូមិ​ដូន​ច្រែង ប៉ុន្តែ​អំឡុង​ពេលនោះ ខ្មែរក្រហម​មិនទាន់​រឹតត្បិត​ខ្លាំង​ទេ គាត់​អាចមក​លេង​ផ្ទះ​បាន​ម្តង ម្កាល​។ នៅក្នុង​ឆ្នាំ​ដដែល គឹម​រស់ ត្រូវបាន​ខ្មែរក្រហម​ផ្លាស់​ទៅលើ​ក​ទំនប់​នៅ​ដើម​គរ​៣ ដើម ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​មាន់​។ ការងារ​លើក​ទំនប់​នោះ អង្គការ​បាន​បែង​ចែកជា​ក្រុម ដោយមាន​ក្រុម​រែក​ដី ក្រុម​កាប់​ដី បណ្តាក់​គ្នា​។ គឹម​រស់ បាន​ឲ្យ​ដឹងថា អំឡុង​ពេលនោះ ម្នាក់ៗ​ធ្វើ​ការងារ​មិនសូវ​ហត់នឿយ​ទេ ហើយ​អង្គការ​ក៏បាន​ចែក​របប​អាហារ​ឲ្យ​គ្រប់គ្រាន់​ដែរ​។ មួយរយៈ​ក្រោយមក គឹម​រស់ ឃើញ​អង្គការ​បញ្ជូន​អ្នកថ្មី​មក​រស់នៅ និង​លើក​ទំនប់​ជា បន្តបន្ទាប់​។ នៅ​ឆ្នាំ​១៩៧៦ អង្គការ​បាន​ផ្លាស់ គឹម​រស់ មក​ធ្វើ​កងចល័ត​នៅ​ភូមិ​ដូន​ច្រែង វិញ​។ រស់នៅ និង​ធ្វើការ​នៅ​ភូមិ​បាន​មួយឆ្នាំ អង្គការ​បាន​ចាត់តាំង គឹម​រស់ ឲ្យ​ទៅ​លើក ទំនប់​នៅ​អាង​ត្រពាំងថ្ម ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្តបាត់ដំបង (​សព្វថ្ងៃ ខេត្ត បន្ទាយមានជ័យ​)​។​

​គឹម​រស់ បាន​រម្លឹក​អំពី​ការងារ​នៅ​ទំនប់​អាង​ត្រពាំងថ្ម​ថា អង្គការ​តម្រូវ​ឲ្យ​ម្នាក់ៗ​លើក ដី​ឲ្យ​បាន​៣​ម៉ែត្រគូប ហើយ​ម្នាក់ៗ​ត្រូវធ្វើ​ឲ្យ​បាន​គ្រប់​ផែនការ​ដែល​អង្គ​ការដាក់​ឲ្យ ទើប​អាច សម្រាក និង​ហូប​អាហារ​បាន​។ បើ​និយាយ​អំពី​កន្លែង​សម្រាក​វិញ គឹម​រស់ បាន​ឲ្យ​ដឹងថា គាត់ និង​អ្នក​ដទៃទៀត​ស្នាក់នៅ​រោង​វែង​ដែល​ធ្វើ​អំពី​ឈើ ដោយ​មិនមាន​គ្រែ ឬ​មុង​អ្វី ឡើយ​។ ម្នាក់ៗ​ត្រូវ​ថែរក្សា​ចប បង្គី របស់ខ្លួន​។ អង្គការ​បានប្រកាស​ប្រាប់​រួចហើយ​ថា ម្នាក់ៗ​ត្រូវ​ឯករាជ្យ ម្ចាស់ការ និង​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​។ ប្រសិនបើ​នរណាម្នាក់ ធ្វើ​ឲ្យ បាត់​ចប ឬ​បង្គី គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការងារ និង​អង្គការ​។ ចំពោះ​របប​អាហារ​វិញ អង្គការ​បាន​ចែក​របប​ក្នុង​ម្នាក់ៗ បាន​បាយ​មួយ​កូនចាន​ចង្កឹះ​តូច ជាមួយនឹង​ទឹកប្រហុក​។​

​គឹម​រស់ បាន​រម្លឹកថា នៅ​ទំនប់​អាង​ត្រពាំងថ្ម មាន​ប្រជាជន​ជាច្រើន​រាប់ពាន់នាក់ បាន​ស្លាប់​ជីវិត​នៅ​ទីនោះ ដោយសារ​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល និង​ខ្មែរក្រហម​យកទៅ​សម្លាប់ ដោយ​ចោទថា ខ្ជិល​ធ្វើ​ការងារ​។ អំឡុងពេល​លើក​ទំនប់ គឹម​រស់ បានធ្វើ​នៅ​ខ្សែត្រៀម​ទី​បី ដោយ​ត្រូវ​លើក​ទំនប់​ប្រដេញ​ពី​ទំនប់​មួយ​ទៅ​ទំនប់​មួយ រហូតដល់​ទំនប់​កូនខ្លែង ដែលមាន ទីតាំងនៅ​ខាងជើង​អាង​ត្រពាំងថ្ម​។ ការងារ​នៅ​ទំនប់​កូនខ្លែង គឺមាន​ការលំបាក​ជាង​ការងារ នៅ​ទំនប់​អាង​ត្រពាំងថ្ម​ទៅទៀត ព្រោះ​នៅ​រដូវប្រាំង ការដ្ឋាន​ការងា​រេ​នះ នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​ទឹក​សម្រាប់​ផឹក និង​ងូត​។ អង្គការ​បាន​បែងចែក​ទឹក ក្នុង​មួយ​វរៈ​ដែលមាន​គ្នា​៣០០​នាក់ ត្រឹមតែ​ទឹក​៣០​លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ដោយសារ​ខ្វះខាត​ទឹក ម្នាក់ៗ​មិនបាន​ងូតទឹក​ជាច្រើន​ខែ បានធ្វើ​ឲ្យ​កើត​ចៃ​សាច់ ពេញ​ខ្លួន និង​ក្បាល គ្រប់គ្នា​។​

​ឆ្នាំ​១៩៧៨ អង្គការ​បាន​ដក គឹម​រស់ មក​នៅ​ភូមិ​វិញ ហើយ​មួយរយៈ​ក្រោយមក អង្គការ​បាន​ចាត់​គាត់​ឲ្យ​ទៅធ្វើ​ការ​នៅ​ភ្នំ​កង​វ៉ា ដោយមាន​នាទី​បាញ់ថ្នាំ​កប្បាស់​។ នៅ​ដើម ឆ្នាំ​១៩៧៩ បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ គឹម​រស់ បាន​រត់​មករក​គ្រួសារ​នៅ​ភូមិ វិញ​។ បន្ទាប់មក គាត់​បាន​ចុះឈ្មោះ​ចូល​ធ្វើជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ព្រះ​នេត្រ ព្រះ និង​បាន​បន្តទៅ​រៀន​វគ្គ​បំប៉ន​គរុកោសល្យ​នៅ​បាត់ដំបង​។ ក្រោយពី​បញ្ចប់​វគ្គ​បំប៉ន បាន​បី​ខែ គឹម​រស់ បាន​ផ្លាស់​មក​បង្រៀន​នៅ​អនុវិទ្យាល័យ​ព្រះនេត្រព្រះ​រហូតមកដល់​សព្វថ្ងៃ​៕ L ដោយៈ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​