កងជើង​ទឹក​ថៃ​រុះរើ​ផ្ទះ​សមុទ្រ​របស់​បុរស​អាមេរិក ដែល​រំលោភ​អធិបតេយ្យភាព​របស់​ថៃ​

535
ចែករម្លែក

​កងទ័ពជើងទឹក​បាន​សណ្តោង​ផ្ទះ​បណ្តែត​លើ​សមុទ្រ​ដ៏​ចម្រូងចម្រាស់​មួយ​ចេញពី​ទីតាំង​របស់​វា​នៅ​សមុទ្រ​អា​ដា​ម៉ាន​ភាគ​អាគ្នេយ៍​នៃ​កោះ​ភូ​កេ​ត​មកកាន់​ឆ្នេរសមុទ្រ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២២​មេសា​។​

​កងទ័ពជើងទឹក​ភូមិ​ភាគ​៣ ដែល​ទទួលខុសត្រូវ​លើ​កោះ​រមណីយដ្ឋាន​នេះ បានដាក់​ពង្រាយ​នាវា​បី​គ្រឿង​នៅក្នុង​បេសកកម្ម​នេះ​។ នាវា HTMS Sriracha ដែលជា​នាវា​ល្បាត​ដ៏​ធំ គឺ​ប្រើ​សម្រាប់​ជា​មជ្ឈមណ្ឌល​បញ្ជាការ ខណៈដែល​នាវា HTMS Mun Nai ដែលជា​នាវា​ដឹកជញ្ជូន បាន​ដឹកជញ្ជូន​ផ្ទះ​បណ្តែត​នេះ​ទៅកាន់​កំពង់ផែ​សមុទ្រ​ជ្រៅ​ភូ​កេ​ត​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។​

​លោក​វី​ថា​ណា​រ៉ាត់ កូ​ចា​សេនី អ្នកនាំពាក្យ​រង​នៃ​កងទ័ពជើងទឹក​ភូមិភាគ​៣ ដែល​ត្រួត​ពិនិត្យមើល​បេសកកម្ម​នោះ បាន​និយាយថា នាវា HTMS Rin ត្រូវបាន​ប្រើ​ដើម្បី​សណ្តោង​គ្រឹះ​និង​បង្គោល​របស់​ផ្ទះ​សមុទ្រ​នេះ​ទៅ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​រាត្រី​ថ្ងៃ​ចន្ទ​ឬ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៣​មេសា​។​

​ប្រតិបត្តិ​ការរុះរើ​ផ្ទះ​សមុទ្រ​នេះ​មាន​ចូលរួម​ពី​មន្ត្រី​កងទ័ពជើងទឹក អ្នកជំនាញ​ខាង​សំណង់ អ្នក​មុជទឹក និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​បាន​ដំឡើង​ផ្ទះ​សមុទ្រ​នេះ ដើម្បី​ធានាថា សំណង់​ដែល​ត្រូវបាន​ចាត់ទុកជា​ភស្តុតាង​នេះ គឺ​នៅ​រក្សា​រូបរាង​ដើម​ដដែល​។​

​ក្រុមមន្ត្រី​ក៏​គ្រោង​នឹង​សុំ​ដីកាចាប់ខ្លួន​ប្តី​ប្រពន្ធ​ជនជាតិ​អាមេរិក​និង​ថៃ ដែល​សង់ផ្ទះ​នេះ​ផងដែរ​។ ផ្ទះ​សមុទ្រ​នេះ​មាន​ចម្ងាយ ២៦ គីឡូម៉ែត្រ​ពី​ឆ្នេរ​។

​លោក​វី​ថា​ណា​រ៉ាត់​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅលើ​នាវា HTMS Sriracha កាលពី​ថ្ងៃ​ចន្ទ​ថា ផ្ទះ​របស់​បុរស​អាមេរិក​ឈ្មោះ ឆាត អែល​វ៉ាត​តូ​វ​ស្គី (Chad Elwartowski) និង​ប្រពន្ធ​ថៃ​របស់គាត់​ឈ្មោះ ស៊ូ​ប្រា​នី ថេប​ដេ​ត (Supranee Thepdet) គឺ​រំលោភ​អធិបតេយ្យភាព​របស់​ថៃ​។​

​លោក​និយាយថា “​ប្តី​ប្រពន្ធ​នេះ​បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ថា​ពួកគេ​មាន​ឯករាជ្យភាព​ពី​ប្រព័ន្ធតុលាការ​ឬ​ច្បាប់​របស់​រដ្ឋ​ទាំងឡាយ រួមទាំង​ប្រទេស​ថៃ និង​បាន​អញ្ជើញ​អ្នកដទៃ​ទៀតផង​ដែរ​ដែ​ល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការកសាង​លំនៅដ្ឋាន​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​ទំនងជា​ក្លាយជា​សហគមន៍​ឯករាជ្យ​មួយ​។ សកម្មភាព​របស់​ពួកគេ​ត្រូវបាន​ចាត់ទុកថា​ធ្វើឱ្យ​ខូច​ដល់​អធិបតេយ្យភាពរ​បស់​ប្រទេស​ថៃ​”៕ ដោយ៖ កញ្ញាដាលីស

កងទ័ពជើងទឹក​ថៃ​រុះរើ​ផ្ទះ​សមុទ្រ​របស់​បុរស​អាមេរិក​ឈ្មោះ​អែល​វ៉ាត​តូ​វ​ស្គី មកកាន់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ភូ​កេ​ត​កាលពី​ថ្ងៃ​ចន្ទ