កងទ័ពជើងទឹក​ចិន​បញ្ជូន​នាវា​ស៊ើបការណ៍​ទៅតាម​ដាន​មើល​សមយុទ្ធ​RIMPAC

983
ចែករម្លែក

ចិនមន្រ្តីដែលចូលរួមក្នុងសមយុទ្ធយោធាជ្រោយប៉ាស៊ីហ្វិក(RIMPAC)បានកត់សំគាល់ឃើញនាវាស៊ើបការណ៍ចិនមួយចំនួនតាមឃ្លាំមើលលំហាត់យោធាដែលមានការចូលរួមពី២៥ប្រទេសនេះពីចម្ងាយ។

យោងតាមសារព័ត៌មានUSNI News មន្រ្តីកងទ័ពជើងទឹកអាមេរិកម្នាក់បានអះអាងកាលពីថ្ងៃសុក្រទី១៣​កក្ក​ដា​ថា កងទ័ពជើងទឹករំដោះប្រជាជនចិនបានបញ្ចូននាវាស៊ើបការណ៍ធុនType 815ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសមួយនៅឯនាយឆ្នេរកោះហាវ៉ៃ ដើម្បីតាមឃ្លាំមើលសមយុទ្ធពីរឆ្នាំម្តងនេះ។

អនុសេនីយឯក ឆាលី ប្រោន អ្នកនាំពាក្យកងនាវាប៉ាស៊ីហ្វិកអាមេរិក បានបញ្ជាក់ថា” យើងរំពឹងថានាវានេះនឹងនៅក្រៅសមុទ្ររបស់អាមេរិក និងមិនប្រតិបត្តិការក្នុងលក្ខណៈរំខានដល់សមយុទ្ធRIMPAC ទេ។ទោះជាយ៉ាងណា យើងបានចាត់វិធានការបង្ការជាការប្រុងប្រយ័ត្នទាំងអស់ដើម្បីការពារព័ត៌មានដ៏សំខាន់របស់យើង។វត្តមាន
នៃនាវានេះមិនប៉ះពាល់ការហ្វឹកហាត់របស់យើងទេ”។

USNIបានរាយការណ៍ថា នាវាស៊ើបការណ៍ធុនDongdiaoនេះជាប្រភេទនាវាដូចគ្នានឹងនាវាដែលត្រូវបានចិនប្រើសំរាប់ស៊ើបការណ៍លើRIMPACកាលពីឆ្នាំ២០១៤និង២០១៦។

សូមបញ្ជាក់ថា ចិនកាលពីដំបូងត្រូវបានអញ្ជើញអោយចូលរួមសមយុទ្ធឆ្នាំ២០១៨នេះ តែអាមេរិកបានដកការអញ្ជើញវិញដោយសារតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ចិនថាធ្វើយោធូបនីយកម្មសមុទ្រចិនខាងត្បូង ហើយអាមេរិក បែរជាអញ្ជើញវៀតណាមអោយចូលរួមជំនួសវិញ។

សមយុទ្ធRIMPACដែលបានចាប់ផ្តើមនៅឆ្នាំ១៩៧១ ត្រូវធ្វើចាប់ពីថ្ងៃ២៧មិថុនា ដល់ថ្ងៃ២សីហាឆ្នាំ២០១៨ ហើយឆ្នាំនេះមាន២៥ប្រទេសចូលរួម និងនាវាសរុប៤៦ យន្តហោះ២០០ព្រមទាំងនាវាមុជទឹក៥គ្រឿង៕ដោយ:វាសនា