កងទ័ពជើងទឹក​អាមេរិក​កំពុង​ផលិត​យាន​ដូច UFO ជាសម្ងាត់​?

628
ចែករម្លែក

​អ្នកស៊ើប​អង្កេត​យាន UFO ដ៏​ល្បីល្បាញ​ម្នាក់ ដែល​ពីមុន​ធ្លាប់ធ្វើ​ការឱ្យ​យោធា​អង់គ្លេស បាន​កត់សម្គាល់ថា ម៉ូត​របស់​យាន​ដែល​បាន​រៀបរាប់​នៅក្នុង​ប៉ាតង់​មួយ មើលទៅ​គឺ​ស្រដៀង​គ្នា​ទៅនឹង​យាន UFO សង្ស័យ​មួយគ្រឿង ដែល​ពើបប្រទះ​ដោយ​ពួក​អាកាសយានិក​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី ១៥ ឆ្នាំមុន​។​

​វេ​ប​សាយ Metro បាន​រាយការណ៍​ថា អ្នកវិទ្យាសាស្ត្រ​កងទ័ពជើងទឹក​អាមេរិក​ម្នាក់​ឈ្មោះ សាល់​វ៉ា​ត័​រ សេសា ផា​អ៊ី​ស (Salvatore Cezar Pais) បានដាក់​ពាក្យសុំ​ប៉ាតង់​មួយ​សម្រាប់​យាន​ដែល​ហោះ​មិន​ប្រក្រតី (UFO) “​ដែល​ប្រើ​ឧបករណ៍​កាត់បន្ថយ​ទម្ងន់​យ៉ាងច្រើន​” ដើម្បី​អាច​ហោះ​ក្នុង “​ល្បឿន​លឿន​ខ្លាំង​បំផុត​” ហើយ​ដែល​មើលទៅ​ហាក់ដូចជា​អ្វីមួយ​ចេញពី​ទ្រឹស្ដី​អា​ថ៍កំ​បាំង​អំពី​ការធ្វើ​តេស្ត​ម៉ាស៊ីន​ស្រដៀង​យាន UFO របស់​យោធា​អាមេរិក​យ៉ាង​អ៊ីចឹង​។​

​យោងតាម​កាសែត​អន​ឡាញ​នេះ ប៉ាតង់​នេះ​បាន​រៀបរាប់​ពី​វិធី​កាត់បន្ថយ​ទម្ងន់​របស់​យន្តហោះ​តាមរយៈ​វិធីសាស្ត្រ​ជាច្រើន​ដែល​រួមបញ្ចូល​រលក​ទំនាញ និង​ថា​ម៉ូត​របស់​យាន​នេះ​នឹង​អនុញ្ញាតឱ្យ​វា​បង្កើត​ចន្លោះ​នៅ​ជុំវិញខ្លួន​វា ហើយ​ដូច្នេះ​អនុញ្ញាតឱ្យ​វា​ហោះ​ក្នុង​ល្បឿន​លឿន​បំផុត​នៅលើ​មេឃ ក្នុង​ទឹក ឬ​សូម្បី​ក្នុង​ទី​អវកាស​។​

​ប៉ាតង់​នោះ​លើកឡើងថា “​វា​អាចទៅរួច​ក្នុងការ​បង្កើត​យានអវកាស​ហាយ​ប្រ៊ី​ដ​/​យាន​បើក​ក្រោម​ទឹក (HUC) ដែល​តាមរយៈ​ការកាត់បន្ថយ​ទម្ងន់​តួ​យាន​យ៉ាងច្រើន​បំផុត អាច​ដើរតួនាទី​ជា​យាន​ការពារ​ការ​ជ្រៀប​ទឹក​ដែល​អាចមាន​ល្បឿន​លឿន​បំផុត​នៅក្រោម​ទឹក​…​និង​បង្កើន​សមត្ថភាព​បំបាំងកាយ​។ យាន​ហាយ​ប្រ៊ី​ដ​នេះ​អាច​នឹងធ្វើ​បំលាស់​ទី​យ៉ាង​ងាយស្រួល​ឆ្លងកាត់​ផ្ទៃមេឃ​/​ទី​អវកាស​/​ទឹក ដោយ​ការហ៊ុមព័ទ្ធ​ជុំវិញ​តួ​របស់​វា​ដោយ​ពពុះ​ផ្លា​ស្មា​/​សមត្ថភាព​បំបាំងកាយ​”​។​

​លោក នី​ក ផូ​ប (Nick Pope) អតីត​អ្នកស៊ើប​អង្កេត​យាន UFO នៅ​ក្រសួងការពារជាតិ​អង់គ្លេស​ក៏បាន​ប្រាប់​កាសែត​អន​ឡាញ​នេះ​ផងដែរ​ថា ម៉ូត​របស់​យាន​ដែល​សរសេរ​នៅក្នុង​ប៉ាតង់​នេះ​គឺមាន​ភាពស្រដៀងគ្នា​គួរឱ្យកត់សម្គាល់​ចំពោះ “​អ្វីដែល​ត្រូវបាន​រាយការណ៍​នៅក្នុង​ឧ​ទ្ទ​វ​ហេតុ​នាវា​ផ្ទុក​យន្តហោះ USS Nimitz ពី​ឆ្នាំ ២០០៤” ដោយ​សំដៅលើ​រ៉ា​ដា​របស់​នាវា ដែល​ចាប់បាន​ភ្លាមៗ​នូវ​យាន UFO នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​លោក​ផូ​ប​បាន​សង្កេតឃើញថា «​មាន​ឧបទ្ទវហេតុ​ស្រ​ដ​ងៀ​គ្នា​នៃ​យាន UFO ហោះ​ក្រោម​ទឹក​នៅ​ប្រទេស​ព័រ​តូ​រី​កូ​ក្នុង​ឆ្នាំ​២០១៣​។ លទ្ធភាព​នៃ​ការជាប់​ពាក់ព័ន្ធ​គ្នា​រវាង​នាវា​ផ្ទុក​យន្តហោះ USS Nimitz និង​ប៉ាតង់​នេះ​គឺ​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ហើយ​វារឹតតែ​គួរឱ្យ​ចាប់អារម្មណ៍​ដែលថា​កងទ័ពជើងទឹក​អាមេរិក​ហាក់ដូចជា​អ្នក​ដែល​ជាប់ទាក់ទង​នៅទីនេះ​។ វា​អាចទៅរួច​ដែលថា​ប៉ាតង់​នេះ​ត្រូវបាន​បំផុសគំនិត​ដោយសារ​ឧបទ្ទវហេតុ​នេះហើយ​ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​ដើម្បី​ស្វែងរក​ការពិត​នៃ​បច្ចេកវិជ្ជា​ដែល​នៅ​ពីក្រោយ​វត្ថុ​ទាំងនោះ (UFO) ដែល​ត្រូវបាន​ដេញតាម​ដោយ​យន្តហោះ​ចម្បាំង F-18 របស់​កងទ័ពជើងទឹក​។ នេះ​ត្រូវបាន​គេ​ស្គាល់​ថា “​វិស្វកម្ម​បញ្ច្រាស​”»​។​

​លោក​ក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា ប្រសិនបើ​យោធា​អាមេរិក​ពិតជា​បាន​បង្កើត​បច្ចេកវិជ្ជា​ដូចដែល​បាន​រៀបរាប់​នៅក្នុង​ប៉ាតង់​នេះ​មែន នោះ​កម្មវិធី​បែបនេះ​នឹងត្រូវ​បាន​ចាត់ថ្នាក់​ជាការ​សម្ងាត់​ខ្ពស់បំផុត ហើយ​បាន​បន្ថែមទៀតថា “​ប្រសិនបើ​បច្ចេកវិជ្ជា​ទាំងនេះ​ដើរទៅ​មុខ​មែន​នោះ យើង​ច្បាស់​ជា​កំពុង​ស្ថិតក្នុង​ដែនដី​ដែល​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​ជាក់​ជាមិនខាន​”៕ ដោយ៖ កញ្ញាដាលីស