កងទ័ពជើងទឹក​អាមេរិក​គ្រោង​បង្កើត​ជំរំ​ដាក់​ជនអន្តោប្រវេសន៍​

3065
ចែករម្លែក

​កងទ័ពជើងទឹក​អាមេរិក​មាន​ផែនការ​សាងសង់​ជំរំ​ឃុំឃាំង​សំរាប់​ដាក់​ជនអន្តោប្រវេសន៍​រាប់ម៉ឺន​នាក់​នៅ​មូលដ្ឋាន​ដាច់ស្រយាលៗ​ក្នុងការ​គាំទ្រ​គោលនយោបាយ​មិន​​ត្រា​ប្រណី​សោះ​លើ​ការ​ចំណាកស្រុក​ខុសច្បាប់​។​

​យោងតាម​សេចក្តីព្រាងច្បាប់​មួយ​ដែល​ទស្សនា​វ​ដ្តី​Time​ទទួលបាន​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មិថុនា កងទ័ពជើងទឹក​មាន​ផែន​ការសង់​ទីក្រុង​តង់​ក្រណាត់​បណ្តោះអាសន្ន​​ដ៏​តឹងរឹង​ដើម្បី​ដាក់​ជនអន្តោប្រវេសន៍​ដ​ល់​ទៅ​២៥.០០០​នាក់​នៅ​មូលដ្ឋាន​ទ័ពអាកាស​ដែល​បោះបង់ចោល​ចំនួន​៣​នៅ អា​ឡា​បា​ម៉ា ៤៧.០០០​នាក់​នៅ​ទីតាំង​មួយ​​នៅ​ជិត​ទីក្រុង​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ និង​៤៧.០០០​នាក់​ទៀត​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​មួយ​នៅ​កាលីហ្វ័រ​ញ៉ា​។​

​ឯកសារ​បាន​វាយ​តំលៃ​ថា​កងទ័ពជើងទឹក​នឹង​ចំណាយ​២៣៣​លាន​ដុល្លារ​ដើម្បី​បង្កើត​ជំរំ​មួយ​សំរាប់​ដាក់​មនុស្ស​២៥.០០០​នាក់​នៅ​៦​ខែ​ខាងមុខ​។​

​នៅពេល​ត្រូវបាន​សួរ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយថា​” ក្រសួងការពារជាតិ​កំពុង​រៀបចំ​ផែនការ​ដោយ​ប្រុងប្រយ័ត្ន​និង​កំពុង​សម្លឹង​រក​ទីតាំង​របស់​​ក្រសួង បើ​ក្រសួង​សន្តិសុខ​មាតុភូមិ​(​មហាផ្ទៃ​)​សុំអោយ​ជួយ​រក​កន្លែង​ដាក់​ជនអន្តោប្រវេសន៍​ខុសច្បាប់​”​។​

​សូមបញ្ជាក់ថា​ជោគវាសនា​របស់​ក្មេងៗ​២.៣០០​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​អាមេរិក​បំបែក​ចេញពី​ឪពុកម្តាយ​របស់គេ​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ច​នៅ​មិនទាន់​ដឹងថា​យ៉ាងណា​​នៅឡើយ​ទេ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បញ្ជា​អោយ​បញ្ចប់​ការ​បំបែក​គ្រួសារ​។​

​នៅពេល​មេដឹកនាំ​អាមេរិក​ឱនក្បាល​ចំពោះ​សម្ពាធ​កំហឹង​ពិភពលោក​ដោយសារតែ​ការបំបែកបំបាក់​គ្រួសារ​នេះ សារ​ចំរុះ​កំពុង​ចូលរួម​បង្ក​ភាពច្របូកច្របល់​អំពី​ការ​ដោះ​​ស្រាយ​ជនអន្តោប្រវេសន៍​។​ទោះជា​យ៉ាងណា​លោក​ត្រាំ​នៅតែ​និយាយថា​លោក​តាំងចិត្ត​រក្សា​គោលនយោបាយ​គ្មាន​ត្រា​ប្រណី​ដដែល​ដើម្បី​ទប់ស្កាត់​ការហូរចូល​នៃ​ជន​​ចំណាកស្រុក​មកពី​អាមេរិក​កណ្តាល​៕​ដោយ​៖​វាសនា​

​ស្ត្រី​រាប់សិប​នាក់​និង​កូនៗ​របស់គេ ដែល​ភៀសខ្លួន​ចេញពី​ភាពក្រីក្រ​និង​អំពើហិង្សា​នៅ​ហុង​ឌុយ​រ៉ា​ស ក្វា​តេ​ម៉ា​ឡា​និង​អែល សាល់​វ៉ា​ឌ័​រ បាន​ទៅដល់​ចំណត់​រថយន្ត​​ក្រុង​មួយ​ក្រោយពី​ត្រូវបាន​ដោះលែង​ចេញពី​កន្លែង​ឃុំឃាំង​នៅ​ព្រំដែន​ក្នុង​រដ្ឋ​តិច​សាស់​កាលពី​ថ្ងៃ​២២​មិថុនា​