កងទ័ពជើងទឹក​អាមេរិក​បាញ់​ព្រមាន​ទៅលើ​នាវា​ល្បាត​អ៊ីរ៉ង់​

728

​មន្ត្រី​ម្នាក់​នៃ​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយថា នាវា​ល្បាត​កងទ័ពជើងទឹក​អាមេរិក​មួយគ្រឿង បាន​បាញ់​ព្រមាន​ជាច្រើន​គ្រាប់​កាលពី​ថ្ងៃ​អង្គារ​នៅ​ជិត​នាវា​អ៊ីរ៉ង់​មួយគ្រឿង ដែល​បានមក​កាន់តែ​ជិត​នាវា​ល្បាត​កងទ័ពជើងទឹក​អាមេរិក​នោះ ក្នុងអំឡុងពេល​ជួបប្រទះ​ទល់មុខ​គ្នា នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក្រោយមក បាន​ស្តីបន្ទោស​នាវា​ល្បាត​អាមេរិក​នោះ​ថា​បាន​បង្កឱ្យមាន​ហេតុការណ៍​នេះ​។​

​ការជួប​ប្រទះ​ទល់មុខ​គ្នា​ដែល​ជាប់ទាក់ទង​នាវា​ល្បាត​អាមេរិក USS Thunderbolt នេះ គឺ​ការប្រឈមមុខ​ដាក់គ្នា​ចុងក្រោយ​បំផុត​រវាង​នាវា​អ៊ីរ៉ង់​និង​នាវាចម្បាំង​អាមេរិក​។

​មន្ត្រី​អាមេរិក​នេះ បាន​និយាយថា​នាវា​ល្បាត​អាមេរិក​នេះ​បាន​កំពុង​ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​មួយ​ជាមួយ​កង​នាវា​កងទ័ព​ចម្រុះ​និង​កង​នាវា​អាមេរិក នៅពេលដែល​នាវា​ល្បាត​អ៊ីរ៉ង់​នេះ បាន​បើក​មក​ជិត​ខ្លួន​នោះ​។ នាវា​អ៊ីរ៉ង់​នោះ​មិនបាន​ឆ្លើយតប​ចំពោះ​ការហៅ​តាម​វិទ្យុទាក់ទង ការផ្តល់​ភ្លើង​សញ្ញា និង សំឡេង​ស៊ី​រ៉ែ​ន នៅពេលដែល​នាវា​នោះមក​សំដៅ​នាវា​អាមេរិក USS Thunderbolt នៅ​ចម្ងាយ​១៣៧​ម៉ែត្រ ដោយ​នាំឱ្យ​កងទ័ពជើងទឹក​អាមេរិក​បាញ់​ព្រមាន​ជាច្រើន​គ្រាប់​នៅពេលនោះ​។ នាវា​អ៊ីរ៉ង់​នោះ បាន​ឈប់​មក​ជិត បន្ទាប់ពី​ការបាញ់​ព្រមាន​នោះ ហើយ​នាវា​ទាំងអស់​បាន​បើក​ងាក​ចេញពី​តំបន់​នោះ ដោយ​មិនមាន​ហេតុអ្វី​ទៀត​កើតឡើង​នោះទេ​៕ ដោយ៖ សុខា

​នាវា​ល្បាត​អាមេរិក USS Thunderbolt