កងទ័ពជើងទឹក​អាមេរិក ដក​មេបញ្ជាការ​ពី​កង​នាវា បន្ទាប់ពី​ហេតុការណ៍​បុក​នាវា​ដឹក​ប្រេង​នៅ​ជិត​សិង្ហ​បុរី​

1227
ចែករម្លែក

​មន្ត្រី​ការពារជាតិ​ម្នាក់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា​ថា មេបញ្ជាការ​នៃ​កង​នា​វាទី​៧​របស់​កងទ័ពជើងទឹក​អាមេរិក នឹងត្រូវ​បាន​ដកចេញ បន្ទាប់ពី​មាន​ហេតុការណ៍​បុក​នាវា គឺ​បុក​គ្នា​រវាង នាវាចម្បាំង​អាមេរិក និង នាវា​ដឹក​ប្រេង នៅ​ឯនាយសមុទ្រ​នៃ​ប្រទេស​សិង្ហ​បុរី ។​

​ការសម្រេចចិត្ត ដក លោក យ៉ូ​សេប អូ​ខូ​អ៊ី​ន ឧ​ត្ត​មនា​វី​រង​រូបនេះ​ពី​តំណែង កើតឡើង​បន្ទាប់ពី កងទ័ពជើងទឹក​អាមេរិក ធ្វើការ​ស៊ើបអង្កេត​ដ៏​ធំ​ជា​អន្តរជាតិ ដែល​ទាក់ទង​នឹង​កង​នាវា​អាមេរិក​នេះ បន្ទាប់ពី​ហេតុការណ៍​នេះ កាលពី​ថ្ងៃ​ចន្ទ ដែល​ជាប់ទាក់ទង​នឹង នាវា​ពិឃាដ​អាមេរិក USS John S. McCain នេះ ដោយ​បណ្តាលឱ្យ​ទាហានជើងទឹក​អាមេរិក​១០​នាក់ បាត់​ខ្លួន និង ៥​នាក់​រងរបួស​។​

​កង​នា​វាទី​៧​របស់​កងទ័ពជើងទឹក​អាមេរិក ដែលជា​កង​នាវា​ដ៏​សំខាន់បំផុត​សម្រាប់​វត្តមាន​កងទ័ព​អាមេរិក​នៅ​អាស៊ី​នេះ ធ្វើ​បេសកកម្ម​ដ៏​សំខាន់ ដូចជា ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ ជាដើម​។​

​លោក យ៉ូ​សេប បាន​ធ្វើជា​មេបញ្ជាការ​នៃ​កង​នាវា​អាមេរិក​នេះ ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៥
​និង​បាន​ស្ថិតនៅក្នុង​អង្គភាព​កងទ័ពជើងទឹក​អាមេរិក​នេះ ចាប់តាំងពី​ឆ្នាំ​១៩៨០​។​

​ហេ​តុ​ការណ៍​បុក​នាវា​កាលពី​ថ្ងៃ​ចន្ទ​នោះ គឺជា​ហេតុការណ៍​បុក​នាវា​លើក​ទី​២​ក្នុង​រយៈពេល​២​ខែ គឺ បន្ទាប់ពី​នាវា​អាមេរិក USS Fitzgerald បាន​បុក​ជាមួយ​នាវា​ដឹកទំនិញ​មួយគ្រឿង នៅ​ឯនាយសមុទ្រ​នៃ​ប្រទេស​ជប៉ុន កាលពី​ខែមិថុនា ដោយ​បណ្តាលឱ្យ​ទាហានជើងទឹក​អាមេរិក​៧​នាក់​ស្លាប់ ហើយ​វា​ជាហេតុ​ការណ៍​បុក​នាវា​លើក​ទី​៤​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំនេះ ដែល​ទាក់ទង​នឹង​នាវាចម្បាំង​អាមេរិក​៕ ដោយ៖ សុខា

លោក យ៉ូ​សេប អូ​ខូ​អ៊ី​ន ឧ​ត្ត​មនា​វី​រង
នាវា​ពិឃាដ​អា​មេ​រិ USS John S. McCain ទទួលរង​ការខូចខាត​នៅ​ជ្រុង​ម្ខាង បន្ទាប់ពី​បុក​ជាមួយ​នាវា​ដឹង​ប្រេង Alnic MC នៅ​ជិត​ប្រទេស​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ