កងទ័ពជើងទឹក​អាម៉េរិក ៖ គ្រាប់មីន​ក្នុងការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​គឺមាន​ស្នាម​សម្គាល់​របស់​អ៊ីរ៉ង់​

627
ចែករម្លែក

អ្នកជំនាញ​ផ្នែក​គ្រឿងផ្ទុះ​របស់​កងទ័ពជើងទឹក​អាម៉េរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មិថុនា​ថា កម្ទេចកម្ទី​គ្រាប់មីន​មួយ​គ្រាប់ ដែល​ប្រើ​ដើម្បី​វាយប្រហារ​នាវា​ដឹក​ប្រេង​របស់​ជប៉ុន​នៅក្បែរ​ច្រក​សមុទ្រ​ហ័​រ​មូស​កាលពី​សប្ដាហ៍​មុន គឺមាន​ភាពស្រដៀងគ្នា​ទៅនឹង​គ្រាប់មីន​ដែល​គេ​ឃើញ​នៅ​អ៊ីរ៉ង់ ដោយ​ធ្វើ​ឱ្យគេ​ហ៊ាន​ស្តីបន្ទោស​ចំៗ​លើ​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​នេះ​តែម្តង​។​

​អ៊ីរ៉ង់​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​កាល​ពីថ្ងៃ​ទី ១៣ មិថុនា​ទៅលើ​នាវា​ដឹក​ប្រេង​របស់​ជប៉ុន​ឈ្មោះ Kokuka Courageous និង នាវា Front Altair ដែលជា​កម្មសិទ្ធិ​របស់​ប្រទេស​ន័​រ​វែ​ស​។​

​សម្តី​របស់​វរ​នា​វី​ទោ​លោក​ស៊ន គី​ដូ (Sean Kido) បានធ្វើ​ឡើង ខណៈ​កង​នាវិក​បានបង្ហាញ​ដល់​អ្នកយកព័ត៌មាន​នូវ​បំណែក​កម្ទេចកម្ទី​និង​មេដែក​ដែល​កងទ័ពជើងទឹក​និយាយថា​ត្រូវបាន​ប្រើ​ដើម្បី​ភ្ជាប់​គ្រាប់មីន​មិនទាន់​ផ្ទុះ​ទៅនឹង​ទៅនឹង​តួ​កប៉ាល់​ដឹក​ប្រេង Kokuka Courageous​។ អាជ្ញាធរ​អាម៉េរិក​និយាយថា​បំណែក​ទាំងនោះ​ត្រូវបាន​បន្សល់ទុក​ដោយ​ឆ្មាំ​បដិវត្តន៍ អ៊ីរ៉ង់​នៅពេល​ពួកគេ​លប​មក​ដោះ​គ្រាប់មីន​មិនទាន់​ផ្ទុះ​នោះ​ចេញពី​តួ​កប៉ាល់ បន្ទាប់ពី​ការវាយប្រហារ​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​។​

​អ៊ីរ៉ង់​ដែល​ធ្លាប់បាន​ប្រើ​មីន​ប្រឆាំងនឹង​នាវា​ដឹក​ប្រេង​នៅតាម​ដងផ្លូវ​ទឹក​សំខាន់ៗ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ក៏​មិនបាន​ទទួលស្គាល់​ការ​ដោះយក​គ្រាប់មីន​នោះដែរ​។​

​លោក​គី​ដូ​បាន​សង្កត់ធ្ងន់ថា ការខូចខាត​ចំពោះ​នាវា Kokuka Courageous គឺ​មិន​ស្របទៅនឹង​វត្ថុ​ហោះ​ពី​ខាងក្រៅ​ប៉ះ​នឹង​កប៉ាល់​នោះទេ​” ព្រោះ​ម្ចាស់​នាវា​បាន​អះអាងថា​បាន​កើតឡើង​ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​នេះ​តែម្តង​។​

​លោក​គី​ដូ​បាន​និយាយថា “​ការខូចខាត​ដែល​យើង​បាន​សង្កេតឃើញ​គឺ​ស្រប​នឹង​ការវាយប្រហារ​ដោយ​គ្រាប់មីន​”៕ ដោយ៖ កញ្ញាដាលីស

នាវា Kokuka Courageous ត្រូវបាន​យកទៅ​ចត​នៅក្បែរ​ឆ្នេរ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត