កងទ័ពអាកាស​អាមេរិក​កំពុង​ងាក​ចេញពី​យន្តហោះ​ដ្រូ​ន Predators មករក​យន្តហោះ​ដ្រូ​ន Reaper ដែល​សាហាវ​ជាង​មុន​

1425
ចែករម្លែក

​កងកម្លាំង​អាកាស​អាមេរិក​កំពុង​លុបបំបាត់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ MQ-1 Predator និង​ជំនួស​វិញ​ដោយ​យន្តហោះ​ដ្រូ​ន​ធុន MQ-9 Reaper ដែល​លឿន​ជាង ធំ​ជាង និង​សាហាវ​ជាង​មុន​។​

​លោក​វរសេនីយ៍ឯក ចា​សុន មេបញ្ជាការ​នៃ​កងកម្លាំង​វាយលុក​និង​កង​អាវុធហត្ថ​អាកាស​ទី ៤៦ (ERAS) បាន​ប្រាប់​វេ​ប​សាយ Military.com ថា “​វា​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​របស់​កងទ័ព​អាកាស​ទាំងមូល​។ យើង​នឹង​បន្ត​មើលឃើញ​យន្តហោះ MQ-1 មាន​តិចជាង​មុន និង​យន្តហោះ MQ-9 មាន​ច្រើនជាង​មុន​”​។​

​លោក​ចា​សុន​បាន​និយាយថា ដំណើរការ​ចាប់ផ្តើម​និង​ទាញយក​យន្តហោះ​មកវិញ នឹង​នៅតែ​មិន​ផ្លាស់ប្តូរ បើទោះបីជា​ការផ្លាស់ប្តូរ​ទៅរក​យន្តហោះ MQ-9 នឹង​តម្រូវឱ្យមាន​ការកែតម្រូវ​តិចតួច​ក៏ដោយ​។ លោក​បាន​និយាយថា ពួកវា​គឺជា “​បេសកកម្ម​មួយ​ក្នុងចំណោម​បេសកកម្ម MQ-1 ជាច្រើន​” នៅក្នុង​តំបន់ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ចំនួន​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក (UAVS) ដែល​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​នោះទេ​។​

​យន្តហោះ Reaper អាច​ផ្ទុក​គ្រាប់​ច្រើនជាង​យន្តហោះ Predator ហើយ​ក៏មាន​ឧបករណ៍​ចាប់​សញ្ញា​ខ្ពស់ជាង​និង​មាន​ល្បឿន​លឿន​ជាង​ផងដែរ ដោយ​អនុញ្ញាតឱ្យ​វា​ដំណើរការ​នៅក្នុង​បេសកកម្ម​បាន​ធំ​ជាង​យន្តហោះ MQ-1 ។​

​មន្ត្រី​នៅ​មូលដ្ឋាន​ទ័ពអាកាស​គ្រី​ច (Creech) ក្នុង​រដ្ឋ​ណេ​វ៉ា​ដា បាន​សង្កត់ធ្ងន់ថា ទីតាំង​មូលដ្ឋានទ័ព​របស់​ពួកគេ​គ្រប់គ្រង​ប្រតិបត្តិ​ការវាយលុក​តាម​អាកាស ហើយ​ថា​កងកម្លាំង​វាយលុក​និង​កង​អាវុធហត្ថ​អាកាស​ទី ៤៦ បាន​ត្រឹម​សម្របសម្រួល​ការចាប់ផ្តើម​វាយលុក និង​ដំណើរ​ការបញ្ជា​យន្តហោះ​ដ្រូ​ន​ត្រឡប់មកវិញ​ប៉ុណ្ណោះ​។​

​ទោះបីជា​បេសកកម្ម​របស់ MQ-9 ទាំងអស់​នឹង​បង្កើន​ប្រសិទ្ធភាព​សម្រាប់​អាកាសយានិក​ក៏ដោយ ក៏ប៉ុន្តែ​មន្ត្រី​ខ្លះ​រួមទាំង​លោក​ចា​សុន​ផងដែរ​នោះ បារម្ភ​ថា ពួកគេ​អាច​នឹង​បាត់បង់​នូវ​ភាពបត់បែន​ដែល​កើតចេញពី​ការ​ដែលមាន​យន្តហោះ​ពីរ​ប្រភេទ​នេះ​នៅក្នុង​ដៃ​ក្នុងពេល​តែមួយ​។​

​លោក​ចា​សុន​បាន​បកស្រាយ​ថា ការប្រើប្រាស់​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងពីរ​នេះ គឺ​ពង្រីក​នូវ “​ជម្រើស​ដែល​យើង​មាន​” ។​

​ប៉ុន្តែ​លោក​បន្តថា “​ប្រសិនបើ​យើង​ពឹងផ្អែក​តែ MQ-9 ហើយ​អាកាសធាតុ​ពិតជា​អាក្រក់​នោះ ហើយ​មាន​យន្តហោះ MQ-1 ដែល​អាច​ហោះហើរ​បាន នោះ​យើង​ប្រហែលជា​មិនអាច​ទាញយក​ពួកវា​បាន​វិញ​ទេ ប្រសិនបើ​យើង​មិនមាន​អ្នកជំនាញ​ខាង​បញ្ជា​យន្តហោះ MQ-1 ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​មូលដ្ឋានទ័ព​”​។

​គាត់​បាន​និយាយទៀតថា ការ​ដែលមាន​បុគ្គលិក​ដែលមាន​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​យន្តហោះ​ទាំងពីរ​នឹង​ផ្តល់​ភាពបត់បែន​។​

​យោងតាម​មន្ត្រី​បញ្ជាការ​ប្រយុទ្ធប្រឆាំង​យន្តហោះ​បានឱ្យដឹងថា MQ-9 និង Predator បច្ចុប្បន្ន​គឺជា​ប្រព័ន្ធ​អាវុធ​ធំ​បំផុត​កំពុង​បម្រើការ​ហើយ​គេ​បានប្រកាស​កាលពី​ខែមីនា​ថា​បញ្ជាការ​នេះ​មានមុខ​តំណែង​ទំនេរ​សម្រាប់​អ្នកបញ្ជា​យន្តហោះ MQ-9s និង MQ-1 ជាជាង​ការងារ​បើកបរ​យន្តហោះ​ផ្សេងទៀត​។​

​យន្តហោះ​ទាំងពីរ​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​សម្រាប់​បេសកកម្ម​ឈ្លបយកការណ៍​សម្ងាត់​និង​ការឃ្លាំមើល​ជាពិសេស​ប្រឆាំងនឹង​ពួក​អាយ​ស៊ី​ស​៕ ដោយ៖ កញ្ញាដាលីស

កងកម្លាំង​អាកាស​អាមេរិក​កំពុង​លុបបំបាត់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ MQ-1 Predator និង​ជំនួស​វិញ​ដោយ​យន្តហោះ​ដ្រូ​ន​ធុន MQ-9 Reaper ដែល​លឿន​ជាង ធំ​ជាង និង​សាហាវ​ជាង​មុន