កងទ័ពអាកាស​អាមេរិក​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​ជោគជ័យ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​

859
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា កងទ័ពអាកាស​អាមេរិក កាលពី​ថ្ងៃ​ពុធ​ទី​២៥ មេសា បាន​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប Minuteman III ចេញពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់​ដេ​ន​បឺ​ក ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ទីបញ្ជាការ​វាយប្រហារ​ជា​សកល​របស់​កងទ័ព​អាកាស​បានឱ្យដឹងថា មី​ស៊ី​ល​នោះបាន​បាញ់​ចេញ​នៅ​ម៉ោង ៥:២៦ នាទី​ព្រឹក និង​ទទួលបាន​ជោគជ័យ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​ការបាញ់​សាកល្បង​ដ៏​ជឿទុកចិត្ត​នេះ​កើតឡើង នៅពេល​មី​ស៊ី​ល​សាកល្បង​នោះ បាន​បាញ់​ចេញ បំពេញបាន​នូវ​ផ្លូវ​ហោះហើរ​របស់​វា​ក្នុង​រយៈ​ចម្ងាយ​សុវត្ថិភាព​ដែល​បានរៀបចំ​ទុកជាមុន មី​ស៊ី​ល​ដំណើរការបាន​ត្រឹមត្រូវ ទិន្នន័យ​របស់​ឧបករណ៍​ចាប់​សញ្ញា (Sensor) ត្រូវបាន​ប្រមូល និង មី​ស៊ី​ល​សាកល្បង​នេះ​បាញ់​ចំ​ទីកន្លែង​គោលដៅ​ច្បាស់លាស់​”​។​

“​ទោះបីជា​មី​ស៊ី​ល​នេះ​បាញ់​ចំ​គោលដៅ​របស់​វា​ក៏ដោយ ក៏​ការធ្វើ​តេស្ត​និង​ការវិភាគ​ទិន្នន័យ​មិនត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះទេ​”​។​

​ក្រុមមន្ត្រី​បាន​និយាយថា​ការធ្វើ​តេស្ត​នេះ​ត្រូវ​បានកំណត់​ធ្វើឡើង​តាំងពី ៣ ទៅ ៥ ឆ្នាំមុន​មកម្ល៉េះ ហើយ​នេះ​គឺជា​ការបាញ់​សាកល្បង​លើកដំបូង​នៅ​ឆ្នាំនេះ​។​

​ច្រើន​ទសវត្សរ៍​ក្រោយ​សង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក​នៅតែ​ដាក់ពង្រាយ​មី​ស៊ី​ល​ឆ្លង​ទ្វីប Minuteman III រាប់រយ​ដើម ពាសពេញ​សហរដ្ឋអាមេរិក​។​

​ក្នុង​រយៈពេល ២០ ឆ្នាំ​ទៀត កងទ័ពអាកាស​នឹង​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​មី​ស៊ី​ល Minuteman III ជំនួស​ដោយ​មី​ស៊ី​ល​ថ្មី ដែល​គេ​ស្គាល់​ថា GBSD៕ ដោយ៖ កញ្ញាដាលីស

កងទ័ពអាកាស​អាមេរិក​សាកល្បង​មី​ស៊ី​ល Minuteman III បាន​ជោគជ័យ​កាលពី​ថ្ងៃ​ពុធ