កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ទម្លាក់​គ្រាប់បែក​លើ​គុក​អាយ​ស៊ី​ស​នៅ​ស៊ី​រី ដោយ​សម្លាប់​អ្នកទោស​៤២​នាក់​និង​ជន​សកម្មប្រយុទ្ធ​១៥​នាក់​

506

​ក្រុម​សកម្មជន​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​ដោយ​យន្តហោះ​ច្រើន​គ្រឿង​របស់​កងទ័ព​ចម្រុះ ដែល​ដឹកនាំ​ដោយ​អាមេរិក បាន​បំផ្លាញ​គុក​មួយ​នៅ​ស៊ី​រី ភាគ​ខាងកើត ដោយបាន​សម្លាប់​អ្នកទោស​៤២​នាក់​។​

អង្គការសិទ្ធិមនុស្ស​ស៊ី​រី Observatory បាន​និយាយថា​ការវាយប្រហារ​មួយ​លើ​ទីក្រុង Mayadin នៅ​ខេត្ត Deir Ezzor បាន​ត្រូវចំ​គុក​នោះ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​

ក្រុម​សកម្មជន Deirezzor24 បាន​និយាយថា ជន​សកម្មប្រយុទ្ធ​អាយ​ស៊ី​ស​ចំនួន​១៥​នាក់ បាន​ស្លាប់​ក្នុងការ​វាយ ប្រហារ​នេះ ជាមួយនឹង​ការស្លាប់​របស់​ពួក​អ្នកទោស​ទាំងនេះ ដែល​រួមទាំង​ជន​ស៊ី​ល​វិល​ច្រើន​នាក់ និង​សមាជិក​នៃ​ក្រុម​ឧទ្ទាម​ដែល​វាយ​ប្រយុទ្ធ​ក្រុម​អាយ​ស៊ី​ស​។​

បន្ទាប់ពី​ការវាយប្រហារ​នេះ សាកសព​នៃ​អ្នកស្លាប់​ទាំងនេះ ត្រូវបាន​ដង្ហែ​កាត់​តាមផ្លូវ​ដោយ​ក្រុម​អាយ​ស៊ី​ស​។ នេះ​បើ​យោងតាម​ក្រុម​សកម្មជន​។​

អ្នកនាំពាក្យ​របស់​ក្រុម​កងទ័ព​ចម្រុះ​នេះ បាន​អះអាងថា តំបន់​នោះ ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន កាលពី​យប់​ថ្ងៃអាទិត្យ ហើយ​ឈានចូល​ថ្ងៃ​ចន្ទ ប៉ុន្តែ​មិនបាន​និយាយថា​តើ​គុក​នោះ​ត្រូវបាន​វាយប្រហារ​ចំ​នោះទេ​។​

អ្នកនាំពាក្យ​នេះ បាន​បន្ថែមថា ឥឡូវនេះ ក្រុម​អ្នកស៊ើប​អង្កេត កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ​៕

កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក វាយប្រហារ​តាម​អាកាស​លើ​គុក​មួយ​ខេត្ត Deir Ezzor នៅ​ស៊ី​រី​ ​ដោយ​សម្លាប់​អ្នកទោស​៤២​នាក់​និង​ជន​សកម្មប្រយុទ្ធ​១៥​នាក់