កងទ័ព​ចិន​ដឹកជញ្ជូន​គ្រឿង​សម្ភារៈ​និង​សព្វាវុធ​យោធា​ទៅកាន់​តំបន់​ទី​បេ​តិ៍​

1649
ចែករម្លែក
  • 415
    Shares

​កងទ័ព​រំដោះប្រជាជន​ចិន​បាន​កេណ្ឌ​ប្រមូល​ត្រៀម​រថយន្ត​រាប់ពាន់​គ្រឿង​និង​គ្រឿង​សម្ភារៈ​យោធា​មួយចំនួនទៀត ស្រប​ពេលដែល ភាពទាល់ច្រក​រវាង​ក​ង​ទ័ព​ចិន​និង​កងទ័ព​ឥណ្ឌា​នៅ​ជិត​តំបន់​ព្រំដែន​រដ្ឋ​ស៊ី​ក​គីម ដែលមាន​ជម្លោះ បន្ត​កើតឡើង ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត PLA Daily ។​

​សេចក្តីរាយការណ៍​នេះ មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ពិតប្រាកដ ដែលថា គ្រឿង​សម្ភារៈ​និង​សព្វាវុធ​យោធា​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ទី​បេ​តិ៍​ទេ ប៉ុន្តែ​បាន​និ​យា​យថា​វា​បាន​កើតឡើង​កាលពី​ចុងខែ​មិថុនា ។ គ្រឿង​សម្ភារៈ​និង​សព្វាវុធ​យោធា​ទាំងនេះ ត្រូវបាន​ដឹក​តាម​រថភ្លើង​និង​ផ្លូវគោក​។

​គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​គ្រឿង​សម្ភារៈ​យោធា​ទាំងនេះ ត្រូវបាន​ដាក់​នៅ​កន្លែង​ណា​នៅ​តំបន់​ទី​បេ​តិ៍​នោះទេ​។ សេចក្តីរាយការណ៍​នេះ​ក៏​មិនបាន​និយាយ​ផងដែរ​ថា​តើ​គ្រឿង​សម្ភារៈ​យោធា​ទាំងនេះ នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុងពេល​ជាមួយគ្នា​នឹង​កង​អង្គភាព​កងទ័ព​ចិន​មួយ ដែល​ទើបបាន​បញ្ចប់​ការធ្វើ​សមយុទ្ធ កាលពីពេល​ថ្មីៗ​នេះ​នៅ​តំបន់​ទី​បេ​តិ៍ ដែលជា​ខេត្ត​ដ៏​ធំ​ទី​២​របស់​ចិន​នេះ ដែរ​ឬ​អត់​នោះ​។​

​កាលពី​ចុង​សប្តាហ៍​មុន កងទ័ព​ចិន បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ខេត្ត​នេះ​។​

​លោក វ៉ាង តេ​ហួ (Wang Dehua) មកពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អន្តរជាតិ​ក្រុង​សៀង​ហៃ​បាន​និយាយប្រាប់​កាសែត LiveMint នៅ​ថ្ងៃ​ពុធ​ទី​២៦​ខែកក្កដា​ថា “​ការពង្រឹង​កម្លាំង​នៅ​តំបន់​ជួរមុខ​ភាគ​ខាងលិច​ដោយមាន​កងទ័ព​និង​គ្រឿង​សម្ភារៈ​យោធា​ទាំងនេះ គឺ​បង្ក​ការងាយស្រួល​ដល់​ក្រុម​មេបញ្ជាការ​ក្នុងការ​ការពារ​ព្រំដែន​។ ការវាយលុក​និង​ចំណាត់ការ​ការពារ​ខ្លួន ត្រូវបាន​ត្រៀម​ទុកជា​ស្រេច​ដើម្បី​គាំទ្រ​និង​ការពារ​តំបន់​ទី​បេ​តិ៍​។​

​ជម្លោះ​នៅ​តំបន់​ព្រំដែន​ស៊ី​ក​គីម ដែល​បានចាប់ផ្តើម​កើតឡើង​កាលពី​ពាក់កណ្តាល​ខែមិថុនា គឺ​នៅពេលដែល​កងទ័ព​ឥណ្ឌា បាន​បញ្ឈប់​ក្រុមកម្មករ​ចិន​ពី​ការធ្វើ​ផ្លូវ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយថា ស្ថិតនៅក្នុង​ទឹកដី​របស់ខ្លួន​។ ប្រទេស​ប៊ូ​តង់​បាន​អះអាងថា តំបន់​ដែល​ការកសាង​ផ្លូវ ត្រូវបាន​ធ្វើឡើង​នោះ គឺ​ពិតជា​ស្ថិតនៅក្នុង​ទឹកដី​របស់ខ្លួន ហើយ ឥណ្ឌា​បាន​គាំទ្រ​ប្រទេស​ប៊ូ​តង់​៕ ដោយ៖ សុខា

​កងរថក្រោះ​ចិន​ស្ថិតនៅ​ក្នុងអំឡុង​ការហ្វឹកហាត់​មួយ​របស់​កងទ័ព​ចិន កាលពី​ឆ្នាំ​២០១៤