កងទ័ព​ថែរក្សា​សន្តិភាព​សហប្រជាជាតិ​៤​នាក់​ត្រូវបាន​សម្លាប់​និង​១៦​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​នៅ​ប្រទេស​ម៉ាលី

338

​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី បាន​បញ្ជាក់ថា កងទ័ព​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​៤​នាក់​និង​ទាហាន​ម៉ាលី​ម្នាក់​ត្រូវបាន​សម្លាប់ និង កងទ័ព​ថែរក្សា​សន្តិភាព​សហប្រជាជាតិ​ចំនួន​១៥​នាក់​និង​ជន​ស៊ីវិល​ម្នាក់​បាន​រង​បួស​នៅ ប្រទេស​ម៉ាលី​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​ការវាយប្រហារ​២​ដាច់ដោយឡែក​ពីគ្នា​។​

​សញ្ជាតិ​នៃ​កងទ័ព​ថែរក្សា​សន្តិភាព​នេះ មិនត្រូវ​បានបញ្ជាក់​នោះទេ ។ កងទ័ព​អង្គការសហប្រជាជាតិ​បាន​ស្ថិតនៅ​ប្រទេស​ម៉ាលី ដោយ​ខំប្រឹងប្រែង​ធ្វើឱ្យ​ប្រទេស​នេះ មាន​ស្ថិរភាព ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។​

​ប្រទេស​ម៉ាលី ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​នី​ហ្សេ​និង​ប្រទេស​បូ​គី​ណា​ហ្វា​សូ​នេះ បាន​តស៊ូ​ប្រយុទ្ធប្រឆាំង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម ដែល​បាន​វាយប្រហារ​ជា​ញឹកញាប់​ទៅលើ​កងទ័ព​រក្សា​សន្តិភាព​អន្តរជាតិ និង​កងទ័ព​ម៉ាលី​។​

​ទាហាន​ចំនួន​១៤៦​នាក់​នៃ​ក្រុម​បេសកកម្ម​អង្គការសហប្រជាជាតិ​ហៅថា “Minusma” នេះ​បាន​ស្លាប់​នៅ​ប្រទេស​ម៉ាលី ដែលជា​ចំនួន​ស្លាប់​ដ៏​ច្រើន​បំផុត​របស់​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ​នៅពេល​ថ្មីៗ​នេះ​៕ ដោយ៖ សុខា

​កងទ័ព​ថែរក្សា​សន្តិភាព​សហប្រជាជាតិ នៅ ប្រទេស​ម៉ាលី (​ឯកសារ​)