កងទ័ព​ថៃ​ត្រៀមខ្លួន​ចាំ​ជួយ​ហ្វីលីពីន​

1002

​កងទ័ព​ថៃ ត្រៀមខ្លួន​បញ្ជូន​កងទ័ព​ទៅកាន់​ទីក្រុង​ម៉ា​រ៉ាវី ដែលមាន​ភាពវឹកវរ​នៅ​ប្រទេស​ហ្វីលីពីន​នេះ ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌ បើសិន ហ្វីលីពីន​ស្វែងរក​ជំនួយ​ពី​ថៃ​។​

​លោក ចាត់​ចៃ ប៉ា​ត្រា​ណាវី​ក មេដឹកនាំ​នៃ​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​កងទ័ព​ថៃ បាន​និយាយថា បើសិន​មាន​សំណើ​នោះ កងទ័ព​ថៃ​នឹង​អាច​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង​ម៉ា​រ៉ាវី ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌ សម្រាប់​ប្រជាជន​ដែល​ទទួលរង​ប៉ះពាល់​ដោយសារ​ជម្លោះ​និង​ការ​វាយ​ប្រយុទ្ធ​
​ប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ទៅនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​។​

​ការជួយ​នេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​កម្មវិធី​ជំនួយ​មនុស្សធម៌​និង​ជំនួយ​សង្គ្រោះ ។ លោក ចាត់​ចៃ បាន​បញ្ជាក់ថា ពួកគេ (​កងទ័ព​ថៃ​) នឹងមិន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​នោះទេ​។​

​លោក ចាត់​ចៃ ឧ​ត្ត​សេនីយ៍​ថៃ​រូបនេះ បាន​និយាយ​ដូចនេះ ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​របស់​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​៧​អំពី​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ។ កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​។​

​បច្ចុប្បន្ន​មានតែ​ក្រុម​ទីប្រឹក្សាយោធា​ប៉ុណ្ណោះ​មកពី អូស្ត្រាលី និង សហរដ្ឋអាមេរិក ដែល​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ម៉ា​រ៉ាវី​៕ ដោយ៖ សុខា

​កងទ័ព​ថៃ