កងទ័ព​ថៃ​ប្រុង​ជើងការ​ខ្ពស់ ខណៈ​ទឹកជំនន់​កំពុង​គំរាមកំហែង​

880
ចែករម្លែក

មេទ័ព​ថៃ​លោក ចា​ឡឺម​ចៃ សិទ្ធី​សាដ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​ថា ទាហាន​រាប់ពាន់នាក់​ត្រូវបាន​ដាក់ឱ្យ​ប្រុង​ជើងការ​ខ្ពស់ ដើម្បី​ត្រៀម​ជួយ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ដោយ​សំដៅលើ​កងទ័ព​ចំនួន​១៥០​នាក់​ក្នុង​មួយ​កងអនុសេនាធំ​ក្នុង​បណ្តា​ខេត្ត​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ លោក​សិទ្ធី​សាដ​បាន​និយាយថា “​កងអនុសេនាធំ​ចំនួន ២០៣ របស់​យើង​ឥឡូវនេះ​កំពុង​ប្រុង​ជើងការ និង ត្រៀមខ្លួន​ចេញពី​បន្ទាយ​របស់​ពួកគេ គ្រប់ពេល​ដែលមាន​ឧបទ្ទវហេតុ​កើតឡើង​”​។

​ផែនការ​របស់លោក​ត្រូវបាន​លាតត្រដាង​នៅពេលដែល​ក្រុមមន្ត្រី​នៅក្នុង​តំបន់​ជាច្រើន​ព្រួយបារម្ភ​អំពី​គ្រោះទឹកជំនន់​ភ្លាមៗ ចំពេល​មានការ​ព្រមាន​ចុងក្រោយ​បំផុត​ពី​នាយកដ្ឋាន​ឧតុនិយម​អំពី​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​តំបន់​ទាំងអស់​រវាង​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ (​ទី​៥ និង ៦ សីហា​)​។​

​មន្ត្រី​នៅ​ខេត្ត​នគរ​ភ្នំ ភាគ​ឦសាន កន្លែង​ដែល​កម្ពស់​ទឹកទន្លេ​មេគង្គ​ដ៏​ខ្ពស់​កំពុង​រារាំង​ការបង្ហូរ​ទឹក​ចេញ​តាម​ដៃ​ស្ទឹង​នានា បានប្រកាស​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១០ ក្នុងចំណោម ១២ ស្រុក ខណៈដែល​មេស្រុក​ទាំងអស់​នៅ​ខេត្ត​កាញ់​ចា​ណា​បុរី បានទទួល “​ទូរសារ​បន្ទាន់​” ពី​អភិបាលរង​ខេត្ត ដែល​ព្រមាន​ឱ្យ​ត្រៀម​រៀបចំ​តំបន់​សុវត្ថិភាព​សម្រាប់​អ្នកស្រុក​ក្នុងករណី​មានការ​ជម្លៀស​ចាំបាច់ ដោយសារតែ​ការ​រអិល​បាក់​ដី​និង​ទឹកជំនន់​ភ្លាមៗ​។​

​ឧ​ត្ត​ម​សេនីយ៍​ចា​ឡឺម​ចៃ​បាន​និយាយថា អង្គភាព​យោធា​ត្រូវបាន​ប្រាប់​ឱ្យធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីខេត្ត អំឡុងពេល​ស្ថានភាព ដែល​ងាយ​ប្រែប្រួល​ទាំងនេះ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​ថៃ​ទូទាំង​បណ្តា​ខេត្ត​ងាយ​រងគ្រោះ​ទឹកជំនន់​កំពុង​ប្រុង​ជើងការ​ខ្ពស់ ខណៈ​ភ្លៀង​ខ្លាំង​រំពឹង​កើតឡើង​នៅ​ថ្ងៃអាទិត្យ និង​ចន្ទ