កងទ័ព​និយាយថា ជន​កម្ម​ប្រយុទ្ធ​ហ្វីលីពីន​សម្លាប់​កាត់​ក្បាល​ចំណាប់ខ្មាំង​វៀតណាម​២​នាក់​

879
ចែករម្លែក

កងទ័ព​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៥​ខែកក្កដា​ថា ក្រុម​ជនក​ម្ម​ប្រយុទ្ធ បានសម្លាប់​កាត់ ក្បាល អ្នកដើរ​កប៉ាល់​វៀតណាម​ចំនួន​២​នាក់ ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​៨​ខែ​នៅ​ប្រទេស​ហ្វីលីពីន​ភាគខាងត្បូង​។​

លោកស្រី ចូ អាន ប៉េ​ទីង​ឡេ អ្នកនាំពាក្យ​កងទ័ព​ហ្វី​លី​លី​ពី​ន​បាន​និយាយថា កងទ័ព​ហ្វីលីពីន​បាន​រកឃើញ​សាកសព​នៃ​ចំណាប់ខ្មាំង​វៀតណាម​២​នាក់​នេះ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​កក្កដា​នេះ​នៅលើ​កោះ​បាស​លី​ល​ឡាន់ ដែលជា​តំបន់​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ដែល​ល្បី​ខាង​ចាប់ពង្រត់ ដើម្បី​ទារប្រាក់​លោះ​នេះ ។ លោកស្រី​បាន​និយាយថា “​កងទ័ព​របស់​យើង​បាន​រកឃើញ​សាកសព​គ្មាន​ក្បាល​ទាំងនេះ និង ក្បាល​នៃ​សាកសព​ទាំងនោះ នៅ​ជិត​សាកសព​ទាំងនោះ​ផងដែរ​” ។​

លោកស្រី​បាន​បន្ថែមថា “​នេះ​ជា​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ដោយសារតែ​ពួកគេ​គិតថា ពួកគេ​មិនបាន​ប្រាក់​លោះ​នោះ​”​។​

កងទ័ព​បាន​និយាយថា ជនជាតិ​វៀ​ណា​ម​ទាំង​២​នាក់​នេះ ត្រូវបាន​ពង្រត់​នាំខ្លួន​ទៅ កាលពី​ខែវិច្ឆិកា​ជាមួយ​សមាជិក​ក្រុម​នាវិក​វៀតណាម​ចំនួន​៤​នាក់​នៅលើ​នាវា​មួយ​ដែល​ត្រូវបាន​ស្ទាក់​ឃាត់ ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ​នៅឯ​តំបន់​កោះ មិន​ដា​ណាវ ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​។​

លោកស្រី​បាន​និយាយថា ម្នាក់​ក្នុងចំណោម​ក្រុម​សមាជិក​នាវិក​៦​នាក់​ជា​បុរស​នេះ​ត្រូវបាន​សង្គ្រោះ កាលពី​ខែ​មុន ហើយ​៣​នាក់​ទៀត​នៅ​ស្ថិតនៅក្នុង​ការឃុំខ្លួន​នៅឡើយ​របស់​ក្រុម​អ្នក​ចាប់ពង្រត់​នេះ​៕ ​ដោយ ៖សុខា

កងទ័ព​រដ្ឋាភិបាល​ហ្វីលីពីន ស្ថិតនៅ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន
#