កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ម៉ាលី​រង​ការវាយប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​

1708
ចែករម្លែក

​ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ក្រសួងការពារជាតិ បានទទួល​សេចក្តីរាយការណ៍​មួយ​ថា នៅវេលា​ម៉ោង​៦​និង​៥៥​នាទី​ព្រឹក ម៉ោង​នៅ​ម៉ាលី ដែល​ត្រូវ​នឹង​ម៉ោង ១​និង​៥៥​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា ថ្ងៃទី​២២ ខែមីនា នេះ មាន​ករណី​បំ​ផ្លោង​គ្រាប់​ចំនួន​៣​គ្រាប់ ត្រូវចំ​ស្នាក់ការ​របស់​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ២​ខ្នង នៅ​តំបន់ Kidal ប្រទេស​ម៉ាលី បណ្តាលឱ្យមាន​ការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា ករណីនេះ មិនបាន​បង្ក​ឱ្យ​កងកម្លាំង​វិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៨៩ របស់​កម្ពុជា​ដែល​បំពេញការងារ​នៅ​តំបន់​នេះ រងរបួស​នោះទេ​។​
​រហូតដល់​ពេលនេះ ស្ថានការណ៍​នៅ​កន្លែងកើតហេតុ មាន​ភាពប្រក្រតី​ឡើងវិញ​ហើយ​។ ជាមួយគ្នានេះ កម្លាំង​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ នៃ​ការវាយប្រហារ​ខាងលើ​ផងដែរ​។​

​សេចក្តីរាយការណ៍​បានអោយដឹងថា ភាគី​អង្គការសហប្រជាជាតិ​បាន​ប្រញាប់​ចុះ​ប្រតិបត្តិការ​ក្នុងការ​ស្រាវជ្រាវ​កំណត់​អត្ត​សញ្ញាញ​ក្រុម​វាយប្រហារ​នោះ​ហើយ​។ នេះ​ជាការ វាយប្រហារ​មួយ​ថ្មី​ទៀត របស់​ក្រុម​ឧទ្ទាម​មកលើ​កម្លាំង​មួក​ខៀវ​របស់​កម្ពុជា​ដែល​កំពុង​បំពេញបេសកកម្ម​ក្រោម ឆ័​ត្រ​អង្គការសហប្រជាជាតិ​។

​សូមជម្រាបថា កាលពី​ខែ​ខែឧសភា ឆ្នាំ​២០១៧ កម្លាំង​មួក​ខៀវ​កម្ពុជា​៤​នាក់ បាន​រង​ការបាត់បង់ ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ដោយសារ​ការវាយប្រហារ​របស់​ក្រុម​ទ័ពព្រៃ​។ ដោយឡែក​កាលពី​ខែ វិច្ឆិកា​ឆ្នាំ​២០១៧ កន្លងមក កម្លាំង​ក្រុម​ឧទ្ទាម​ទ័ពព្រៃ ក៏​ធ្លាប់​បានធ្វើការ​វាយឆ្មក់​ទៅលើ​កងកម្លាំង​មួក​ខៀវ​កម្ពុជា នៅ​ប្រទេស​ម៉ាលី​ផងដែរ​។ ក្នុងការ​វាយប្រហារ​ពេលនោះ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ម្នាក់​រងរបួស​ស្រាល ខណៈ​កងទ័ព​មួក​ខៀវ​ប្រទេស​ផ្សេងទៀត ចំនួន​២​នាក់ បាន​បាត់​បង់ជីវិត និង​កម្លាំង​មួក​ខៀវ​១៥​នាក់​ដទៃទៀត​រង របួស​៕L​