កងទ័ព​ម៉ា​រី​ន​អាមេរិក​ធ្វើតេស្ត​ឧទ្ធម្ភាគចក្រ​ហោះ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ដឹក​ជំនួយ​ផ្គត់ផ្គង់​ដល់​កងទ័ព​នៅ​សមរភូមិ​

230

​កងទ័ព​ម៉ា​រី​ន​អាមេរិក​ឆាប់ៗ​នេះ​អាច​នឹង​ចូល​សមរភូមិ​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​ហោះហើរ​ដោយ​ខ្លួនឯង​។​

​ការិយាល័យ​ស្រាវជ្រាវ​កងទ័ពជើងទឹក (ONR) បានបង្ហាញ​នូវ​ការសាកល្បង​លើកដំបូង​របស់ខ្លួន​លើ​ឧទ្ធម្ភាគចក្រ​ស្វ័យប្រវត្តិ​មួយគ្រឿង​។​

​គេ​សង្ឃឹមថា​ប្រព័ន្ធ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​លើកដំបូង​ដើម្បី​ផ្គត់ផ្គង់​ជំនួយ​ផ្សេងៗ​ដល់​កងទ័ព​នៅ​ជួរមុខ ហើយ​ថ្ងៃ​ណាមួយ ថែមទាំង​អាច​ដឹក​ពួកគេ​ចូលទៅក្នុង​សមរភូមិ​ទៀតផង​។​

​លោក វ៉ាល់​ធឺ ចូ​ន នាយក​ប្រតិបត្តិ ONR និយាយថា “​នេះ​មិនមែន​គ្រាន់តែ​ជា​ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើក​នោះទេ​។ AACUS គឺជា​បច្ចេកវិជ្ជា​ស្វ័យប្រវត្តិ ដែល​អាចដាក់​នៅលើ​យន្តហោះ​ស្លាបចក្រ​គ្រប់​ប្រភេទ និង ផ្តល់ឱ្យ​យន្តហោះ​ទាំងនោះ​នូវ​សមត្ថភាព​បើកបរ​ដោយ​ស្វ័យប្រវត្តិ​”​។​

​លោក​បន្តថា “​សាក​ស្រមៃ​មើលថា​កង​ម៉ា​រី​ន​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ទីតាំង​ដាច់ស្រយាល​មួយ ក្នុង​តំបន់​ដី​រដិបរដុប ដោយ​ត្រូវការ​គ្រាប់កាំភ្លើង ទឹក ថ្មពិល ឬ​សូម្បី​ឈាម​។ ជាមួយ​ប្រព័ន្ធ​បច្ចេកវិជ្ជា AACUS ឧទ្ធម្ភាគចក្រ​ឥត​មនុស្ស​បើក​នឹង​ដឹក​ជំនួយ​ផ្គត់ផ្គង់​ពី​មូលដ្ឋានទ័ព ជ្រើសរើស​ផ្លូវ​ជម្រើសៗ និង​ទីតាំង​ចុះចត​ល្អ​បំផុត ដែលមាន​ទីតាំង​កៀក​នឹង​អ្នក​ចម្បាំង ចុះចត និង វិល​ត្រឡប់មក​មូលដ្ឋាន​វិញ ល្គឹកណា​ការ​ផ្គត់​ផ្គត់​បានបញ្ចប់​រួចរាល់​។ ទាំងអស់នេះ​អាចធ្វើ​ទៅបាន​ដោយ​គ្រាន់តែ​អូស​ម្រាមដៃ​ទៅលើ​ឧបករណ៍​ថេ​ប្លេ​ត​តែប៉ុណ្ណោះ​”​។

​ក្រុម​អ្នកជំនាញ​និយាយថា តម្រូវការ​សម្រាប់​សម​ត្ថ​ភាព​ហោះ​ស្វ័យប្រវត្តិ​បែបនេះ​កើតឡើង អំឡុង​ប្រតិបត្តិការ​របស់​កង​ម៉ា​រី​ន​អាមេរិក​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់​។

​ឧទ្ធម្ភាគចក្រ​ដឹកទំនិញ និង ក្បួន​រថយន្ត​កាំ​មី​ញ៉ុ​ង​ដឹក​ការផ្គត់ផ្គង់ ដូចជា​ប្រេង អាហារ ទឹក គ្រាប់កាំភ្លើង និង ថ្នាំសង្កូវ ទៅកាន់​សមរភូមិ​ជួរមុខ តែង​ត្រូវបាន​វាយប្រហារ​ដោយ​ពួក​សត្រូវ ឬ រង​ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​តាមផ្លូវ​ជាដើម​៕ ដោយ៖​កញ្ញាដាលីស

កង​ម៉ា​រី​ន​អាមេរិក​កំពុង​ធ្វើតេស្ត​ឧទ្ធម្ភាគចក្រ​បើក​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងៗ​ដល់​ទាហាន​នៅ​សមរភូមិ