កងទ័ព​យេ​ម៉ែន​ចាប់ផ្តើម​វាយប្រហារ​ទៅលើ​ទីក្រុង​កំពង់ផែ​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​

3011
ចែករម្លែក

កងទ័ពយេម៉ែនដែលត្រូវបានគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមការវាយប្រហារដើម្បីដណ្តើមកាន់កាប់ទីក្រុងកំពង់ផែHodeidaដែលកាន់កាប់ដោយក្រុមឧទ្ទាមនេះមកវិញ ដែលជាទីក្រុងកំពងផែដ៏សំខាន់សម្រាប់ការមកដល់នៃជំនួយមនុស្សធម៌ ។ ការចាប់ផ្តើមវាយប្រយុទ្ធនេះ បាននាំឱ្យមាន
ការអំពាវនាវពីសហគមន៍អន្ដរជាតិឱ្យមានការអត់ធ្មត់។

កងទ័ពគាំទ្ររដ្ឋាភិបាលបានចាប់ផ្តើមវាយប្រហារកាលពីថ្ងៃពុធ ទោះបីជាមានការព្រួយបារម្ភជាអន្តរជាតិខ្លាំងឡើងអំពីការធ្លាក់ចុះជំនួយមនុស្សធម៌ក៏ដោយ ។ ការវាយប្រហារនេះតម្រង់ទៅកាន់ព្រលានយន្តហោះក្រុងHodeida ភាគខាងត្បូង បន្ទាប់ពីទទួលបាន” ភ្លើងខៀវ “ពីក្រុមចម្រុះនេះ។

ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៤ខែមិថុនាដើម្បីឱ្យមានការចរចាជាបន្ទាន់អំពីការវាយប្រហារនេះ បន្ទាប់ពីមានសំណើមួយពីប្រទេសអង់គ្លេស។កិច្ចប្រជុំនេះ នឹងក្លាយជាកិច្ចប្រជុំលើកទី២អំពីវិបត្តិយេម៉ែនក្នុងសប្តាហ៍នេះ។

កំពង់ផែHodeida ដែលត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមHuthi ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលចេញមកពីប្រទេសយេម៉ែនភាគខាងជើងនេះ ត្រូវបានប្រើប្រាស់ជាចំណុចច្រកចូលនៃការនាំចូលជំនួយនិងទំនិញផេ្សងៗសរុបចំនួន៧០ភាគរយនៃការនាំចូលរបស់ប្រទេសក្រីក្រនេះ។

ទីភ្នាក់ងារសារព័ត៌មានWAMរបស់អេមីរ៉ាត់អារ៉ាប់រួមបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានកំពុងបន្តធ្វើ”ដោយមានការចូលរួមនិងការគាំទ្រ តាមរយៈការវាយប្រហារតាមជើងគោក សមុទ្រ និង អាកាសពីកងទ័ពអេមីរ៉ាត់អារ៉ាប់រួម។

សារព័ត៌មានបាននិយាយថា ការវាយប្រហាររបស់កងទ័ពនេះ បានវាយរំដោះតំបន់ជាច្រើននៅជុំវិញព្រលានយន្តហោះនៅទីក្រុងនេះ និងបានចាប់និងសម្លាប់ក្រុមឧទ្ទាមHuthi រាប់សិបនាក់៕ដោយ៖សុខា/SN

ក្បួនរថយន្តនៃកងទ័ពដែលគាំទ្ររដ្ឋាភិបាលយេម៉ែន មកដល់សង្កាត់Al-Durayhimi នៅទីក្រុងHodeidah កាលពីថ្ងៃពុធ