កងទ័ព​រុស្ស៊ី​បង្កើត​កិច្ចសហប្រតិបត្តិការ ជាមួយ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​

995
ចែករម្លែក

ដោយ​: យោធិន / ភ្នំពេញ​: ឆ្លង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ ដែល​ធ្វើឡើង​ដោយ​ប្រតិភូ​កងទ័ព​រុស្ស៊ី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក VEDENSKIY Sergey ប្រធាន​នាយកដ្ឋាន​វិស្វកម្ម​កងទ័ព​រុស្ស៊ី នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​នាយទាហាន ក្នុង​ស្ថាប័ន​មជ្ឈមណ្ឌល​រក្សា​សន្តិភាព ពាក់ព័ន្ធ​ទៅលើ​ជំនាញ​រុករក​បោសសម្អាត​គ្រឿងផ្ទុះ​កែច្នៃ (IED) និង​កម្ទេច​កាកសំណល់​សង្គ្រាម​(EOD) ប្រតិភូ​កងទ័ព​រុស្ស៊ី បានបង្ហាញ​ពី​គោលបំណង​បង្កើត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កងកម្លាំង​វិស្វកម្ម​រុស្ស៊ី ជាមួយ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​។​

​ក្នុងឱកាស​ស្វាគមន៍ និង​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​វិស្វកម្ម​កងទ័ព​រុស្ស៊ី នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី​អនុប្រធាន​ទី​២​អាជ្ញាធរ​មីន​កម្ពុជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ប្រកបដោយ​ផ្លែផ្កា​ជា​វិជ្ជមាន​ក្នុងការ​ពង្រឹង​ឡើងវិញ​កិច្ច​សហប្រតិបត្តិ​រវាង​កងទ័ព​ភាគី​ប្រទេស​ទាំងពីរ​កម្ពុជា​-​រុស្ស៊ី ដែល​ត្រូវបាន​ខកខាន​អស់​រយៈកាល​ជាច្រើន​ទសវត្សរ៍​កន្លងទៅ​។​

​ឆ្លងតាម​សេចក្តីរាយការណ៍​ពី​លទ្ធផល​កិច្ចពិភាក្សា​ដែល​ធ្វើឡើង​ក្នុងអំឡុងពេល​ទស្សនកិច្ច​ស្វែងយល់​ពី​សកម្មភាព​ការងារ​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ពី​សំណាក់​ប្រតិភូ​កងកម្លាំង​វិស្វកម្ម​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី ក្នុង​រយៈពេល​ពីរ​ថ្ងៃ​(២៥-២៦)​។ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក NPNEC បាន​ស្វាគមន៍ និង​សោមនស្ស​រីករាយ​ទទួលយក​នូវ​គំនិត​ផ្តួចផ្តើម ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជា​លើកដំបូង រវាង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ជាមួយ​វិស្វកម្ម​កងទ័ព​រុស្ស៊ី​។​

​សូមបញ្ជាក់ថា អនុលោម​តាម​ស្មារតី​កិច្ចពិភាក្សា​ភាគី​កងទ័ព​រុស្ស៊ី បាន​វាយតម្លៃ​ខ្ពស់​កម្រិត​សមត្ថភាព​រុករក និង​បោសសម្អាត​មីន​ទាំង​ផ្ទៃក្នុង​ប្រទេស ក៏ដូចជា​នៅតាម​តំបន់​បេសកកម្ម​នានា ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​ឯកភាព​ផងដែរ ដែល​ភាគី​កងទ័ព​រុស្ស៊ី​ក្នុង​គម្រោង​ផ្តល់​ការបណ្តុះបណ្តាល លើ​វិស័យ​ធនធានមនុស្ស​លើ​ផ្នែក​ជំនាញ​រុករក​គ្រឿងផ្ទុះ គ្រឿងផ្ទុះ​កែច្នៃ និង​កាកសំណល់​សង្គ្រាម ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី ក៏បាន​ស្នើ​ដល់​ភាគី​កងទ័ព​រុស្ស៊ី ក្នុងការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច រួម​ជាមួយនឹង​ការជួយ​ហ្វឹកហ្វឺន​ជំនាញ ឲ្យ​ដល់​កងយោធពល​ខេមរភូមិន្ទ​ទាំង​នៅក្នុង​ប្រទេស និង​ទទួលយក​សិក្ខាកាម​កងទ័ព​កម្ពុជា ទៅ​បណ្តុះបណ្តាល​នៅ​រុស្ស៊ី​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ នា​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ រុស្ស៊ី​នឹង​ដំណើរការ​ប្រារព្ធ​អង្គសិក្ខាសាលា ក្រោម​ប្រធានបទ​យល់ដឹង​ពី​មីន​ជា​លក្ខណៈ​អន្តរជាតិ ដោយមាន​ការអញ្ជើញ​បណ្តា​ប្រទេស​ជា​មិត្ត​ចូលរួម ដែល​ក្នុងចំណោម​នេះ​កងទ័ព​កម្ពុជា​ក៏ត្រូវ​បាន​អញ្ជើញ​ផងដែរ​៕ ល​