កងទ័ព​រំដោះប្រជាជន​ចិន​ផ្តល់​សម្ភារ​ពេទ្យ​ដល់​កងពលតូច​លេខ​៧០​ទប់​ទល់នឹង​វីរុស​កូ​វីដ​១៩

57
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០​ចោមចៅ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​បាន​ប្រារព្ធ​ពិធី​ប្រគល់​និង​ទទួល​អំណោយ​របស់​ភាគី​មិត្ត​ចិន​ជា​សម្ភារ​ពេទ្យ​ជូន​កងពលតូច​លេខ​៧០​។​ពិធី​ប្រគល់​និង​ទទួល​នេះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ​សុផាន់​មេបញ្ជាការ​កងពលតូច​លេខ​៧០​និង​លោក​វរសេនីយ៍ឯក​ពិសេស​ចាង​ធិ​រិ​ន​ប្រធាន​ក្រុមការងារ​ដឹកនាំ​សមយុទ្ធ​នាគ​មាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។

​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​នាយទាហាន​តំណាង​កងទ័ព​រំដោះប្រជាជន​ចិន​,​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​នៃ​កងពលតូច​លេខ​៧០​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ​សុផាន់​មេបញ្ជាការ​កងពលតូច​លេខ​៧០​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​បំផុត​ចំពោះ​មិត្ត​ចិន​។​ដែល​ប្រគល់​សម្ភារ​និង​ថ្នាំពេទ្យ​មួយចំនួន​ជូន​កងពល​នេះ​អាច​បញ្ជាក់បាន​ថា​មិត្ត​ចិន​តែងតែ​គិតគូរ​និង​ព្រួយបារម្ភ​អំពី​សុខភាព​កងទ័ព​កម្ពុជា​ជានិច្ច​ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​ពិធី​នេះ​បានធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ចិន​ក្នុង​អត្ថន័យ​ថា​ចំណងមិត្តភាព​សាមគ្គីភាព​ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ដូច​ពាក្យស្លោក​ជួយ​គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​។​

​ទាក់ទង​ការឆ្លង​វីរុស​កូ​វីដ​១៩ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់ថា ត្រឹម​ម៉ោង ១០​ព្រឹក​ថ្ងៃទី​២៣ ខែមីនា​ឆ្នាំ​២០២០​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​សរុប​ទាំងអស់​ចំនួន​៨៦​ករណី​។​រហូត​ពេលនេះ​បាន​ព្យាបាល​ជា​ពីរ​នាក់​ហើយ​គឺ​ជនជាតិ​ចិន​ម្នាក់​និង​ជនជាតិ​អង់គ្លេស​ម្នាក់​។​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានបញ្ជាក់​ទៀតថា​ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ​តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង​៕S/​