កងទ័ព​ស្នើឱ្យ​មានការ​ចាប់ខ្លួន​អតីត​សង្ឃ សឺ​ន ហាយ ចំពោះ​ការប្រមាថ​អាយុជីវិត សម្តេច​ពិជ័យ​សេនា ទៀ បាញ់

933
ចែករម្លែក
  • 140
    Shares

(​ភ្នំពេញ​) ៖ ក្រោយពី​មានការ​ចុះផ្សាយ​បំភ្លៃ​ការពិត​អំពី​មរណភាព​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ពេលនេះ​បានធ្វើ​ឲ្យ​មាន​ការខឹង​​សម្បារ​យ៉ាងខ្លាំង​ពី​សំណាក់​កងទ័ព​កម្ពុជា និង​បានទាមទារ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចាប់ខ្លួន​ជន​នោះ​ឲ្យ​បាទ​ក្រោម​បទ​ប្រមាថ​​អាយុជីវិត​។​
​ ​
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​ថ្លែងថា នៅពេលនេះ​កងទ័ព​កម្ពុជា បាន​ខឹងសម្បារ​យ៉ាងខ្លាំង ចំពោះ​អតីត សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ សឺ​ន ហាយ ដែល​បាន​បង្ហោះ Facebook ប្រមាថ​ដល់​អាយុជីវិត​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​
​ ​
​លោក​បាន​បញ្ជាក់ថា ក្រសួងការពារជាតិ សូម​ប្រកាស​ស្នើ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ឱ្យ​ចាប់ខ្លួន​ជន​អន្ធពាល​រូបនេះ​ឱ្យខាងតែបាន ដើម្បី​យកមក​កាត់ទោស តាមច្បាប់ ទោះបីជា​ជននេះ​ស្ថិត​នៅទីណា​ក៏ដោយ ដោយ​មិនអាច​អត់ឱន​បានទេ​។​
​ ​
​ការប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ធ្វើឡើង​បន្ទាប់ពី អតីត​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ន ហាយ តាមរយៈ Facebook មួយ​ឈ្មោះថា «Hai Khmerkrom» បាន​បង្ហោះ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ដែលជា​ថ្នាក់ដឹកនាំ​មួយរូប​របស់​កម្ពុជា ដោយ​កាត់ត​រូបភាព ហើយ​ផ្សព្វផ្សាយ​បំភ្លៃ​បែប​ប្រមាថ​ថា សម្តេច​បានទទួល​មរណភាព​។​
​ ​
​លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា ការកាត់ត​បែបនេះ គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ដែល​មិនត្រូវ​អត់ឱន​ឱ្យ​​បានឡើយ​។ លោក​ថ្លែងថា រូបភាព ដែល​ជនល្មើស​បាន​យកមក​កាត់ត​នោះ គឺ​សម្តេច​ពិជ័យ​សេនា​គ្រាន់តែ​ទៅពិនិត្យ​សុខភាព​ធម្មតា​​ប៉ុណ្ណោះ មិនមាន​បញ្ហា​សុខភាព​អ្វី​ធ្ងន់ធ្ងរ​នោះទេ ហើយ​ពេលនេះ សម្តេច​មាន​សុខភាព​ធម្មតា មិនមាន​អ្វី​កើតឡើង​ឡើយ​។​
​ ​
​លោក​បាន​ថ្លែងបន្តថា ការផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ គឺជា​ទង្វើ​អសីលធម៌ និង​អមនុស្សធម៌ ខុសច្បាប់​ហើយ​កងទ័ព​កម្ពុជា​នឹង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ទាំងឡាយ ដែល​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​របស់​ពួកគេ​៕​ដោយៈ​វិបុល​