កងទ័ព​ហ្វីលីពីន​៖ ពួក​មេដឹកនាំ​ចុងក្រោយ​នៃ​ក្រុម​ភេរវកម្មពាក់ព័ន្ធអាយ​ស៊ី​ស ត្រូវបាន​សម្លាប់ នៅ​ទីក្រុង​ម៉ា​រ៉ាវី

437

​ក្រុមមន្ត្រី​សន្តិសុខ​បាន​និយាយថា​មេដឹកនាំ​ចុងក្រោយ​២​នាក់​នៃ​ក្រុមភេរវកម្មពាក់ព័ន្ធនឹងក្រុម​អាយ​ស៊ី​ស នៅក្នុង​ការឡោមព័ទ្ធ​មួយ នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ដែល​រួមទាំង​ជនសង្ស័យ​ភេរវករ​អាស៊ី​ដ៏​សំខាន់​ម្នាក់ ត្រូវបាន​សម្លាប់​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែតុលា នៅក្នុង​ការប្រយុទ្ធ​ចុងក្រោយ​ដោយ​កងទ័ព​រាប់ពាន់នាក់​ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​ចុង​ក្រោយនេះ​នៅ​ទីក្រុង​ម៉ា​រ៉ាវី ភាគ​ខា​ត្បូង​នៃ​ប្រទេស​នេះ ដែល​កាន់កាប់​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​នៃ​រដ្ឋ​អ៊ីស្លាម​។​

​ក្រុមមន្ត្រី​ដែល​និយាយ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន Associated Press ថា មេដឹកនាំ​ចុងក្រោយ​២​នាក់​នៃ​ក្រុមពាក់ព័ន្ធនឹង​អាយ​ស៊ី​ស នៅក្នុង​ចំណោម​ជន​ស្ស័​យ​ភេរវករម​ច្រើន​នាក់ ដែល​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត ដោយ​ក្រុម​អ្នកស៊ើប​ការណ៍ FBI របស់​អាមេរិក នោះ គឺ ម្នាក់​ឈ្មោះ អ៊ី​ស្នី​ឡុ​ន ហា​ពី​ឡុ​ន (Isnilon Hapilon) និង​ម្នាក់ទៀត​ឈ្មោះ អូ​ម៉ា​ខា​យ៉ា​ម មូ​តេ (Omarkhayam Maute) ត្រូវបាន​សម្លាប់​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា ហើយ​សាកសព​របស់​ពួកគេ ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ម៉ា​រ៉ាវី នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែតុលា​។​

​កាលពី​ខែ​មុន ក្រុម​មេដឹកនាំ​កងទ័ព​ហ្វីលីពីន បាន​និយាយថា មេដឹកនាំ​៣​នាក់​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ​ដែល​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​នេះ កាលពី​ថ្ងៃទី​២៣​ខែឧសភា​នោះ ត្រូវបាន​សម្លាប់​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​អស់​ពេល​ជាច្រើន​ខែ​មកនេះ ប៉ុន្តែ​មេដឹកនាំ​២​នាក់​ដែល​នៅរស់​នៅពេលនោះ ត្រូវបាន​សម្លាប់​នៅ​ដំណាក់​ចុងក្រោយ​នេះ​។​

​មនុស្ស​ជាង​១.០០០​នាក់ ត្រូវបាន​សម្លាប់ ដោយ​រួមទាំង​ជន​សកម្មប្រយុទ្ធ​ជាង​៨០០​នាក់ នៅក្នុង​អំពើហិង្សា​នៅ​ទីក្រុង​ម៉ា​រ៉ាវី ។ លោក រ៉ូ​មេ​អូ ប្រូ​ន័​រ មន្ត្រី​យោធា​ជាន់ខ្ពស់ បាន​និយាយថា​ក្រុម​ជនក​ម្ម​ប្រយុទ្ធ​ជិត​៤០​នាក់ បាន​កំពុង​នៅ​តស៊ូ​ប្រយុទ្ធ​នៅឡើយ​នៅ​តំបន់​មួយ​ដែលមាន​ប្រជាជន​តិចតួច​រស់នៅ​នៅ​ទីក្រុង​នេះ ៕ ដោយ៖ សុខា

អ៊ី​ស្នី​ឡុ​ន ហា​ពី​ឡុ​ន មេដឹកនាំ​នៃ​ក្រុម​ភេរវកម្ម ដែល​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត ដោយ​ក្រុម​អ្នកស៊ើប​ការណ៍ FBI របស់​អាមេរិក