កងទ័ព​អាមេរិក​រាប់ពាន់នាក់​ធ្វើដំណើរ​ឆ្ពោះទៅ​ព្រំដែន​ភាគខាងត្បូង​

1206
ចែករម្លែក

​ក្រុមមន្ត្រី​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​តុលា​ថា មន្ទីរ​បញ្ច​កោណ​កំពុង​ដាក់ពង្រាយ​កងកម្លាំង​កាតព្វកិច្ច​សកម្ម​ចំនួន ៥.២០០ នាក់​ដើម្បី​បង្កើន​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ក្នុង​គោលបំណង​ទប់ស្កាត់​ក្បួន​ជនអន្តោប្រវេសន៍​មកពី​អាមេរិក​កណ្តាល​កុំ​ឆ្លង​ព្រំដែន​ខុសច្បាប់​។​

​ចំណាត់ការ​នេះ​គឺ​តំណាងឱ្យ​ការបង្កើន​យោធា​ដ៏​ធំ​នៅតាម​បណ្តោយ​ព្រំដែន​ដែលមាន​ឆ្មាំ​ការពារ ២.០០០ នាក់​រួចជាស្រេច​កំពុងធ្វើការ​ដើម្បី​ផ្តល់ជំនួយ​ដល់​អាជ្ញាធរ​នៅ​ទីនោះ​។​

​លោក​ត្រាំ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា កងទ័ព​ច្រើន​ថែមទៀត​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​រឹតបន្តឹង​សន្តិសុខ​តាម​ព្រំដែន​ហើយ​លោក​បានធ្វើ​នយោបាយ​សំខាន់​ទៅលើ​ក្បួន​ជន​អន្តោ​ស​ប្រវេសន៍​ជាង​ការបោះឆ្នោត​សភា​ពាក់កណ្តាល​ដ៏​សំខាន់ ដែល​អាច​នឹង​ឃើញ​គណបក្ស​ប្រជាធិបតេយ្យ​ទទួលបាន​អំណាច​ឡើងវិញ​។​

​យោងតាម​ស្នងការ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក​លោក ខេ​វិ​ន ម៉ាក​អា​លីន​ណាន បានឱ្យដឹងថា អាជ្ញាធរ​អាមេរិក​កំពុង​តាមដាន​ក្រុមមនុស្ស​ប្រហែលជា ៣.៥០០ នាក់​ដែល​កំពុងធ្វើដំណើរ​ឆ្លង​កាត់​តាម​តំបន់​ឆៀ​ប៉ាស​-​អូ​អាសា​កា (Chiapas-Oaxaca) នៅ​ភាគខាងត្បូង​ម៉ិ​ក​ស៊ិ​ក​។​

​លើសពីនេះ​ទៀត ក្រុមមន្ត្រី​កំពុង​តាមដាន​ក្រុមមនុស្ស​ប្រហែល ៣.០០០ នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ច្រកព្រំដែន​រវាង​ប្រទេស​ក្វា​តេ​ម៉ា​ឡា​និង​ម៉ិ​ក​ស៊ិ​ក​។​

​ទោះបីជា​មន្ត្រី​អាមេរិក​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ការដាក់​ពង្រាយ​យោធា​ក៏ដោយ ក៏​ជនអន្តោប្រវេសន៍​ព្យាយាម​ឆ្លងកាត់​ទន្លេ​ស៊ូ​ឈី​អេ​ត ពី​ក្វា​តេ​ម៉ា​ឡា​ទៅ​ម៉ិចស៊ិក​តាមរយៈ​ក្បូន​ផលិត​ពី​សំបក​កង់ឡាន​ដឹកទំនិញ​ឬ​ដោយ​ការបង្កើត​ខ្សែសង្វាក់​មនុស្ស​ជា​ហ្វូង​ដើម្បី​បញ្ចៀស​ពី​ការ​បំបែក​។​

​អ្នកផ្សេង​ទៀត​បាន​ហែល​ទឹក​ឆ្លងកាត់​ព្រំដែន បន្ទាប់ពី​អាជ្ញាធរ​ម៉ិចស៊ិក​បាន​បដិសេធ​បើក​ស្ពាន​ព្រំដែន​។​

​លោក​ម៉ាក​អា​លីន​ណាន​បាន​ពណ៌នា​ស្ថានភាព​នៅតាម​បណ្តោយ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​កថា​ជា “​វិបត្តិ​សន្តិសុខ​និង​មនុស្សជាតិ​នៅតាម​ព្រំដែន​” ហើយ​បាន​និយាយថា​ភ្នាក់ងារ​ព្រំដែន​ក្នុង​រយៈពេល​៣​សប្តាហ៍​ចុងក្រោយ​នេះ​បាន​ចាប់ខ្លួន​មនុស្ស​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ប្រហែល ១.៩០០ នាក់​ក្នុង​មួយថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អាមេរិក ៥.២០០ នាក់​បន្ថែមទៀត​ត្រូវបាន​បញ្ជូនទៅ​ព្រំដែន​ភាគខាងត្បូង​ដើម្បី​ទប់​ទល់នឹង​ក្រុម​ជនអន្តោប្រវេសន៍