កងទ័ព​៖ ចំណាប់ខ្មាំង​វៀតណាម ត្រូវបាន​សង្គ្រោះ​នៅ​ហ្វីលីពីន​

1362
ចែករម្លែក
  • 347
    Shares

​វៀតណាម​បានបញ្ជាក់​ព័ត៌មាន​ថា អ្នកដើរ​កប៉ាល់​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម នៅ​ឯនាយសមុទ្រ​នៃ​ប្រទេស​ហ្វីលីពីន​នោះ ត្រូវបាន​សង្គ្រោះ បន្ទាប់ពី​បាន​ស្ថិតនៅ​ក្នុងការ​ចាប់ឃុំខ្លួន​របស់​ក្រុម​នេះ​អស់​រយៈពេល​៩​ខែ​មក​។ នេះ​បើ​យោងតាម​វេ​ប​សាយ VnExpress ។​

​ដោយនិយាយ​សំដៅលើ​អ្នកដើរ​កប៉ាល់​វៀតណាម​ដែល​ត្រូវបាន​សង្គ្រោះ​នោះ ក្រសួងការបរទេស​វៀ​ត​ណា​ម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​សីហា ថា “​យើង​បាន​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន​ដើម្បី​បញ្ជាក់​ព័ត៌មាន​នេះ និង បាន​ណែនាំ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ម៉ានីល ឱ្យ​ត្រៀមខ្លួន​ដើម្បី​នាំ លោក ដូ ត្រាំ​ង វីវ ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​”​។​

​កងទ័ព​ហ្វីលីពីន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​សង្គ្រោះ​ចំណាប់ខ្មាំង​វៀតណាម​នេះ កាលពី​មួយថ្ងៃ​មុននេះ នៅ​កោះ​បា​ស៊ី​ឡាន នៅ​តំបន់​កោះ​មិន​ដា​ណាវ ភាគខាងត្បូង ដែលជា​តំបន់​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ (Abu Sayyaf ) ដែលជា​ក្រុម​ចាប់ពង្រត់​ដើម្បី​ទារប្រាក់​លោះ​នេះ បន្ទាប់ពី​មាន​ប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ​។ ការសង្គ្រោះ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​សម្លាប់​កាត់​ក្បាល​ចំណាប់ខ្មាំង​វៀតណាម​២ កាលពី​ខែកក្កដា​៕ ដោយ៖ សុខា

កងទ័ព​ហ្វីលីពីន​នៅ​កោះ​មិន​ដា​ណាវ