កងទ័ព កង​នគរបាល​បន្ត​ពង្រឹង​ខឿន​ការពារជាតិ តែ​ក៏​រក្សា​និង​ពង្រឹង​មិត្តភាពកិច្ចសហប្រតិបត្តិការ​នឹង​ភាគី​ថៃ​ដែរ

421
ចែករម្លែក

ដោយ:ប​.​ជ័យ​/បន្ទាយមានជ័យ ៖ មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ជំនាញ​ស៊ី​វិល​ជា​ដៃគូ​សម្ព័ន្ធ​មេត្រីភាព​ស៊ី​វី​ល កងទ័ព កង​នគរបាល​បន្ត​ពង្រឹង​ខឿន​ការពារជាតិ តែ​ក៏​រក្សា​និង​ពង្រឹង​មិត្តភាព កិច្ចសហប្រតិបត្តិការ​នឹង​ភាគី​ថៃ​ដែរ។​

លោក​ អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែង​ដូច្នេះ ​ក្នុងពេល​ដឹកនាំ​មន្ត្រី​នៃ​ដៃគូ​សម្ព័ន្ធមេត្រីភាព​ស៊ី​វី​ល ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​របស់​អាជ្ញាធរខេត្ត​ និង​មន្ទីរ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ចំពោះ​នាយ នាយរង​នៃ​កងអនុសេនាធំ​ទី​១ ផ្នែក​សឹក​រង​ម៉ាឡៃ ស្ថិតនៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​កាលពី​ថ្ងៃទី​៨​ ខែមេសា ​ឆ្នាំ​២០១៩។

លោ​កវេ​សេនីយ៍ ជា រឹ​ទ្ធុ មេបញ្ជាការ​កងអនុសេនាធំ​ទី​១ ផ្នែក​សឹក​រង​ម៉ាឡៃ ឲ្យដឹងថា កងឯកភាព​នេះ​ទទួលខុសត្រូវ​ភូមិសាស្ត្រ​ផ្ទៃក្នុង​ស្រុក​ម៉ាឡៃ​ផង​ និង​ការពារ​ព្រំដែន​កម្ពុជា-ថៃ​ផង។​

លោក​ អែម សុខា អភិបាលស្រុក​ម៉ាឡៃ ក៏​ដូច​លោក​អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយ​ស្រដៀង​គ្នា​ថា​ ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា ក៏​ដូច​ខេត្តបន្ទាយមានជ័យ​កំពុង​រស់នៅ​និង​រីកចម្រើន​ក្នុង​សុខសន្តិភាព កងកម្លាំង​គ្រប់​ប្រភេទ ពិសេស​កងកម្លាំង​ឈរជើង​តាម​បណ្តោយ​ព្រំដែន ត្រូវ​បន្ត​ថែរក្សា ពង្រឹង​ឯកភាព សាមគ្គីភាព​និង​អនុវត្តតាម​បទបញ្ជា សេចក្តីណែនាំ​និង​តួនាទី​ភារកិច្ច​គឺ​កិច្ចការ​ថែរក្សា ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ផ្ទៃក្នុង​ភូមិសាស្ត្រ ហើយ​សកម្ម​ក្នុង​ការងារ​អន្តរាគមន៍ ការងារ​មនុស្ស​ធ​ម៍​ជួយ​ពលរដ្ឋ​ និង​ពង្រឹង​ខឿន​ការពារជាតិ ការពារ​បូរណភាព​ទឹក​ដី។​

លោក​ អោម ចន្ថា​ បន្តថា​ ទោះយ៉ាងណា ក៏ត្រូវ​បន្ត​ថែរក្សា​ទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ​ និង​គាំទ្រ​ការអភិវឌ្ឍន៍​ តាម​បណ្តោយ​ព្រំដែន​ជាមួយ​ភាគី​ថៃ។​
សូមបញ្ជាក់ថា អំណោយ​ជូន​កងកម្លាំង​ក្នុងឱកាស​សួរសុខទុក្ខ​នា​រដូវ​បុណ្យចូលឆ្នាំ​នោះ​រួមមាន​គ្រឿងឧបភោគ បរិភោគ​និង​ថវិកា៕B/