កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ប្រគល់​ផ្ទះ​១​ខ្នង​ជូន​ដល់​សមាជិក​អតីតយុទ្ធជន​ ​នៅ​ស្រុក​ប្រាសាទបាគង​

1402
ចែករម្លែក

ដោយ : វិបុល / សៀមរាប ៖ ផ្ទះ​ថ្មី​១​ខ្នង​ដែលមាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់ ត្រូវបាន​លោក ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​អនុប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្តសៀមរាប និង លោក នឹម សុវណ្ណ អភិបាលរង​ស្រុក​ប្រាសាទបាគង បានធ្វើ​ពិធី​ប្រគល់ជូន​ដល់​សមាជិក​អតីតយុទ្ធជន​។​

​ពិធី​ប្រគល់​និង​ទទួល​ផ្ទះ​ថ្មី​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។​

​លោក នឹម សុវណ្ណ អភិបាលរង​ស្រុក​ប្រាសាទបាគង បាន​បញ្ជាក់ថា ផ្ទះ​ថ្មី​១​ខ្នង​ដែលមាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ជញ្ជាំង​ធ្វើ​អំពី​ឥដ្ឋ​ប្រក់​សង្ក​សី ត្រូវបាន​ប្រគល់ជូន​ដល់​សមាជិក​អតីតយុទ្ធជន ឈ្មោះ មាម បាន ដែល​រស់នៅ​ក្នុងភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។​

​លោក ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​អនុប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្តសៀមរាប បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ភាពលំបាក​របស់​សមាជិក​អតីតយុទ្ធជន យើង សហគមន៍​អតីតយុទ្ធជន​បានសម្រេច​កសាង​ផ្ទះ​ថ្មី​១​ខ្នង​ដែលមាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ជូន​ដល់​រូបគាត់ ។​

​លោក​បន្តថា ក្រោយពី​កសាងបាន​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា​នេះ សហគមន៍​អតីតយុទ្ធជន​យើង​បានប្រគល់​ជូន​ដល់​រូបគាត់​និង​មាន​គ្រឿង​ឧបភោគបរិភោគ​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

​គ្រឿងឧបភោគ​បរិភោគ​ដែល​ត្រូវបាន​នាំយក​ទៅជូន​ដល់​អតីតយុទ្ធជន​រួមមាន អង្ករ ចំនួន​២​ការុង ទឹក​សុទ្ធ​ចំនួន ២​កេស​, មី​ចំនួន ២​កេស​, ទឹកក្រូច​១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ ,​ទឹកត្រី ១​យួរ​, និង​ត្រីខ ១​យួរ​។ ជាមួយនឹង​ការប្រគល់​ផ្ទះ​នេះ ប្រតិភូ​បានប្រគល់​ថវិកា​ជូន​ដល់​មនុស្ស​ចាស់​ចំនួន​២៥​នាក់ ក្នុង​១​នាក់​ទទួលបាន​ថវិកា ២០,០០០​រៀល​៕ គូលែន​
​រូបភាពៈ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ប្រគល់​ផ្ទះ​១​ខ្នង​ជូន​ដល់​សមាជិក​អតីតយុទ្ធជន​
​នៅ​ស្រុក​ប្រាសាទបាគង​៕B