កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​លួច​ម៉ូតូ​ទៅ​តុលា​រការ​

742
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ញ្ជូ​ន​ជនសង្ស័យ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួច ម៉ូតូ​។

​ជនសង្ស័យ​រូបនេះ មានឈ្មោះ ចាន់ណា វិ​រៈ​ឆៃ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៍​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1GQ-1987 ជា​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុត សុខ​ចាន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ដែល​ចត​ទុក​នៅមុខ​ផ្ទះ​ហើយ​ពុំបាន​ដក​សោរ​ចេញពី​ម៉ូតូ​នោះទេ បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរចូល​ក្នុងផ្ទះ​របស់ខ្លួន​បាត់ទៅ​។ លុះ​ប្រហែល​០៥​នាទី​ក្រោយមក ស្រាប់​តែមាន​ជនសង្ស័យ ខាងលើ បាន​ឆ្លៀតឱកាស ចូល​លួច​យក​ម៉ូតូ របស់​ជនរងគ្រោះ តែ​សំណាង​មិនល្អ​ត្រូវបាន​ជនរងគ្រោះ​ឃើញ​បាន​ស្ទុះ​មក​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ហើយ​ស្រែក​ឆោ​រ​ឡោ​លឺ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌទួលគោក ដែល​កំពុង​ល្បាត​ឃើញ បាន​ចុះមក​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។ ករណីនេះ​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧:១០​នាទី​ព្រឹក នៅ​ចំណុច មុខផ្ទះ​លេខ​៣១៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ រូបគេ បាន​ទៅយក​លុយ​ពី​ការដាក់​បញ្ចាំ​ទូរស័ព្ទ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ តែ​យក​មិនទាន់បាន​ក៏​ដើរ​ត្រលប់មក​ផ្ទះ​វិញ លុះ​ពេល​ដើរ​ដល់​ចំណុចកើតហេតុ​ខាងលើ បានឃើញ​ម៉ូតូ ០១​គ្រឿង ចត​ទុក​មុខផ្ទះ​ដោយ​ពុំ​ឃើញ​មាន​ម្ចាស់ ហើយ​មាន​សោរ​នៅជាប់​និង​ម៉ូតូ​ផង ភ្លាមនោះ រូបគេ​បាន​ឆ្លៀតឱកាស ចូលទៅ​លួច​យក តែ​ត្រូវបាន​ជនរងគ្រោះ​ឃើញ បាន​ស្ទុះ​រត់​មក​ចាប់​ប្រតាយប្រតប់​ជាមួយ​ខ្លួន និង​ស្រែក​ឆោ​រ​ឡោ ដឹង​ដល់​សមត្ថ​អាវុធហត្ថ​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​៕ ល​