ដោយ:គូលែន/សៀមរាប ៖ កង់ចំនួន៨៨៨គ្រឿង ត្រូវបានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ចូលរួមជាអធិបតីក្នុងពិធីចែកកង់ជូនដល់ចុងភៅចំអិនអាហារ និងសិស្សក្រីក្រតាមសាលាបឋមសិក្សាទូទាំងខេត្តសៀមរាបចំនួន ៨៨៨ នាក់។ពិធីចែកកង់ដល់ចុងភៅចំអិនអាហារ និងសិស្សក្រីក្រតាមសាលាបឋមសិក្សានេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ។
លោក ពិន ប្រាកដ បានបញ្ជាក់ថា កង់ទាំង៨៨៨គ្រឿងនេះគឺបានការឧបត្ថម្ភពី អង្គការឡូតធឺរីក្លិប ប្រទេសសាំហ្កាពួ តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។
លោកបានបន្តថា ក្នុងនោះសិស្សក្រីក្រតាមសាលាបឋមសិក្សាទូទាំងខេត្តសៀមរាបមានចំនួន ៧៥៦ នាក់ និងចុងភៅចំអិនអាហារតាមសាលារៀនបឋមសិក្សាមានចំនួន ១៣២ នាក់។
លោកអភិបាលរង បានបន្តទៀតថា ការផ្តល់កង់នេះដល់ប្អូនៗនាពេលនេះគឺជាការសម្រួលដល់ការលំបាកមួយចំនួនក្នុងធ្វើដំណើរទៅសាលារៀនផងដែរ។ ជាមួយគ្នានេះដែរលោកក៏បានសំណូមពរដល់ប្អូនត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនក្នុងពេលបញ្ជាយានជំនិះគ្រប់ប្រភេទ៕B/