កង្វះ​អគ្គិសនី នឹងត្រូវ​អូសបន្លាយ​ដល់​ចុងខែ​ឧសភា​!

237
ចែករម្លែក

​ជាថ្មី​ម្តងទៀត ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា កាលពី​ព្រឹក ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហ៊ុន សែន​បានប្រកាសអំពាវនាវ​ជាថ្មីទៀត​ឲ្យ​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​យោគយល់ចំពោះ​បញ្ហា​ដាច់​ភ្លើង និង​ដាច់ទឹក នៅ​តំបន់​មួយចំនួន ដែល​បណ្ដាលមកពី​ការ​កើនឡើងក​ម្តៅ ហើយ​ធ្វើ​ឲ្យ​វា​រី​អគ្គិសនី មិនអាច​ដំណើរការបាន​។ ក្នុងនោះ នាពេល​សព្វថ្ងៃនៅ​ប្រទេស​កម្ពុជា​យើង ខ្វះ​ថាមពល​អគ្គិសនី រហូតដល់ ៤០០​មេ​ហ្គា​វ៉ា​ត់​។

ចំពោះមុខ​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​នេះ កាលពី​ថ្ងៃទី​១៨ ខែមីនា អគ្គិសនី​កម្ពុជា​ឬ អឺ​ដេ​សេ (EDC) ក៏បាន​ចេញផ្សាយ​នូវ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​លើកឡើងថា កំណើនខ្ពស់​នៃ​ការវិនិយោគទុន​ពី​ក្នុង និង​ក្រៅប្រទេស ដោយសារ​ស្ថិរភាព​នយោបាយ ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ ការបញ្ចុះ​ថ្លៃ​អគ្គិសនី ចាប់ពី​ខែមករា អាកាសធាតុ​ក្តៅ​ខ្លាំង និង​ការខ្វះ​ទឹក​ខុស​ប្រក្រតី ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ថាមពលអគ្គិសនី នៅ​ឆ្នាំ​២០១៩ បាន​កើនឡើង​យ៉ាងគំហុក លើសពី​ការរំពឹងទុក​។​

​អឺ​ដេ​សេ បញ្ជាក់ថា ការខ្វះ​ទឹក ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ចេញពី​ប្រភព​វា​រីអគ្គិសនីថយចុះ មិនអាច​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំងប្រទេសដល់​ចុងរដូវ​ប្រាំង​ដូច​សព្វមួយដង​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​នេះ អឺ​ដេ​សេ បាន​ទំនាក់ទំនង​ប្រទេស ជិតខាង ឲ្យ​ជួយ​បង្កើន​ការផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា​។ ជា​លទ្ធផល ប្រទេស​ថៃ បាន​ជួយ​បង្កើន​ការផ្គត់ផ្គង់​បន្ថែម ៨០ មេ​ហ្គា​វ៉ា​ត់ ប្រទេស​ឡាវ​បន្ថែម ១០ មេ​ហ្គា​វ៉ា​ត់ និង​ប្រទេស​វៀតណាម​បាន​ជួយ​រក្សា​ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​នៅ​ដដែល​ទោះបីជាភាគខាងត្បូង​ប្រទេស​វៀតណាម កំពុង​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ដូចគ្នា​ក៏ដោយ​។​

​ទោះបី​យ៉ាងនេះ​ក៏ដោយ អគ្គិសនី​កម្ពុជា បានប្រកាសថា សព្វថ្ងៃ ប្រទេស​កម្ពុជា​យើងនៅមាន​កង្វះ​ថាមពល​ប្រមាណ ១៣​ភាគរយ ដែល​តម្រូវ​ឲ្យ​អគ្គិសនី​កម្ពុជា ធ្វើការ​កាត់បន្ថយ​ការផ្គត់ផ្គង់​ខ្លះ រហូត​រដូវវស្សា​មក​ដល់​។ ការកាត់បន្ថយ​ការផ្គត់ផ្គង់​នេះ​ធ្វើឡើងនៅពេល​ថ្ងៃ តាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការផ្គត់ផ្គង់​នៅពេល​យប់​ដែលជា​ពេល ប្រជាពលរដ្ឋត្រូវការ​ប្រើប្រាស់​ចាំបាច់​។

​ក៏ប៉ុន្តែ អគ្គិសនី​កម្ពុជា ក៏បាន​បញ្ជាក់​ពី​លទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី នៅពេល​ថ្ងៃ ដោយមាន​ទាំង​ដំណើរការ​ម៉ាស៊ីនភ្លើង​ផ្ទាល់ខ្លួន​ផង សម្រាប់​ដំណើរការ​ផ្នែក​ឧស្សាហកម្ម ការ​កិនស្រូវ​អង្ករ​សម្រាប់​នាំចេញ មន្ទីរពេទ្យ រដ្ឋាករ​ទឹ​ក ស្ថានទូត និង​ស្ថាប័ន​រាជរដ្ឋាភិបាល​។​

​អឺ​ដេ​សេ បាន​បញ្ជាក់ថា ការលំបាក​ខ្វះ​ថាមពល​អគ្គិសនី​នេះ មាន​រយៈពេល ៧២​ថ្ងៃ ពោលគឺ​រហូតដល់​ចុងខែ​ឧសភា​។ ដោយឡែក ថ្ងៃបុណ្យ​ជាតិ រួម​នឹង​ថ្ងៃអាទិត្យ ដែលជា​ថ្ងៃ​សម្រាក​សរុប ២៣​ថ្ងៃ អគ្គិសនី​កម្ពុជានឹង​រក្សា​ការផ្គត់ផ្គង់​ឲ្យ​មាន​ជាធម្មតា​។

​អគ្គិសនី​កម្ពុជា ក៏បាន​ប្រកាស​រក្សា​គោលការណ៍ មិន​ឲ្យ​មានការ​ដំឡើងថ្លៃ​អគ្គិសនី ហើយ​នៅតែ​អាច​ចុះថ្លៃ​ភ្លើង ជូន​ប្រជាពលរដ្ឋ នៅ​ឆ្នាំក្រោយ​ថែមទៀត​។​

​ជាមួយគ្នានេះ​អគ្គិសនី​កម្ពុជា ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់ អធ្យាស្រ័យ និង​ជួយ​សន្សំសំចៃ​ការប្រើប្រាស់​អគ្គិសនី ដើម្បី​បន្ថយ ការលំបាក ដែល​យើង​កំពុង​ជួបប្រទះ ក្នុង​រយៈពេល​អន្តរកាល​នេះ​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ភ្លើងអគ្គិសនី បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​អគ្គិសនី​កម្ពុជា ដឹកនាំ​ដោយ​លោក កែវ រតនៈ មិន​រៀបចំ​ផែនការ​ទុកជាមុន ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ភ្លើង ក្នុងពេល​អាកាសធាតុ​ក្តៅ​ហួតហែង ឈានដល់​រីង​ទឹក នៅតាម​ទំនប់​វា​រី​អគ្គិសនី នៅពេលនេះ​ដូច្នេះ​? ព្រោះថា អាកាសធាតុ​ប្រែប្រួល​ក្លាយជាក្តៅ​ខ្លាំង នៅ​អំឡុង​ខែមីនា និង​ខែមេសា​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​តាំងពី ចុងឆ្នាំ​២០១៨ មក​ម្លេះ​?​។​

​មួយវិញទៀត បើតាម​របាយការណ៍​ស្តីពី​ថាមពល​អគ្គិសនី ដែល​បានបង្ហាញ​ក្នុងពេល កន្លងមក គឺ​កម្ពុជា​យើង​មាន​អគ្គិសនី​ប្រើប្រាស់ស្ទើរតែ​លក់​ទៅ​ឲ្យ​ប្រទេសជិតខាងថែម​ទៀតផង​។ ចុះ​ពេលនេះ បែរជា អឺ​ដេ​សេ ប្រកាស​ពី​ការខ្វះ​ភ្លើងអគ្គិសនី​នៅតាម​វា​រីអគ្គិសនី​ទៅវិញ​? ។ ដល់ពេល​បញ្ហា​ខ្វះ​អគ្គិសនី ក៏​ខាង​ជំនាញ​អគ្គិសនីបោះ​បញ្ហាដែលជា​ដុំ​ដែក​ក្តៅឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​ចាំ​កាន់​ដោះស្រាយ​ទៅវិញ​?

​ក៏ប៉ុន្តែ​ដោយ​មូលហេតុ​ណាក៏ដោយ នៅ​ចំពោះមុខ​បញ្ហា​ខ្វះ​ភ្លើង​នាពេលនេះ​គឺមាន​តែ​ការចូលរួម​ទាំងអស់គ្នា ពិសេស​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ភ្លើងអគ្គិសនី​ត្រូវ​ចូលរួម​សន្សំសំចៃ ហើយ​បើ​ដាច់​ភ្លើង សុំ​មេត្តា​អត់ធ្មត់ និង​រក​មធ្យោបាយ ជា​អាគុយ ឬ​ម៉ាស៊ីនភ្លើង ដើម្បី​ប្រើប្រាស់ ពិសេស​នៅតាម​រោងចក្រ​សហគ្រាស ឬ​ក្រុមហ៊ុន​មួយចំនួន​។​

​រីឯ​ខាង អឺ​ដេ​សេ វិញ ក៏​គួរតែ​បង្កើន​ការទទួលខុសត្រូវ ដោយ​ចាត់ទុក​បញ្ហា​ខ្វះ​ភ្លើង អគ្គិសនីនាពេលនេះ ជា​មេរៀន​មួយសម្រាប់​ឆ្នាំ​ខាងមុខ ត្រូវ​ត្រៀម​បង្ការ រៀបចំ​ផែនការទុកជា​ស្រេច សម្រាប់​រដូវប្រាំង​ឆ្នាំក្រោយ តិច​មាន​បញ្ហា​អាកាសធាតុ​ក្តៅ រីង​ហួតហែងទៀត តិច​ថាខ្វះ​ទឹក ដើម្បី​ផលិត​អគ្គិសនី នៅតាម​វា​រី​អគ្គិសនី​ទៀត​ចុះ​៕ ដោយៈ ម៉េង​ឆៃ​/Ha