កង​នាវា​ផ្ទុក​យន្តហោះ​ចិន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជាហេតុ​នាំ​អោយ​អាម៉េរិក ជប៉ុន​និង​តៃវ៉ាន់​បញ្ចេញ​នាវា​និង​យន្តហោះ​តាម​

2347
ចែករម្លែក

​មុន​នេះ​ប៉ុន្មាន​ថ្ងៃ នាវាចម្បាំង​អាម៉េរិក​Chancellorsville​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ខណ្ឌ​ចែក​ចិនដីគោក​និង​កោះ​តៃវ៉ាន់ ។​កាល​​ពី​ថ្ងៃអាទិត្យ​ទី​១៧​វិច្ឆិកា នាវាចម្បាំង​ចិន​មួយ​កង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​មួយ​ក៏​បាន​បើក​កាត់​ច្រក​សមុទ្រ​ដដែល​នេះ តែ​ត្រូវ​បាន​តាម​ពីក្រោយ​ដោយ​នាវាចម្បាំង​អា​ម៉េ​​រិក និង​ជប៉ុន​។​

​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយថា ក្រុម​នាវា​ដែល​ត្រូវបាន​គេ​ឃើញ​កាលពី​ថ្ងៃអាទិត្យ បាន​អម​ការពារ​នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុងស្រុក​លើកដំបូង​របស់​ចិន ។​វា​បាន​បើក​​ចេញពី​កន្លែង​ផលិត​នាវា​មួយ​នៅ​ចិន​ខាងជើង ក្រោយពី​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៣​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​ក៏​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​ចេញ​យន្តហោះ​និង​នាវាចម្បាំង​ទៅកាន់​ច្រក​សមុទ្រ​ដើម្បី​តាមឃ្លាំមើល​ចលនា​ក្រុម​នាវា​ចិន «​តែ​ពួក​វា​បាន​ស្ថិតនៅ​​ក្នុង​ដែនទឹក​ខាង​ចិន​ទេ​។​យើង​ស្នើ​សុំ​ពលរដ្ឋ​យើង​កុំ​ភ័យ​»​។​

​ច្រក​សមុទ្រ​ប្រវែង​១៨០​គីឡូម៉ែត្រ​នេះ ខណ្ឌ​ចែក​មហា​ចិនដីគោក​និង​កោះ​ស្វ័យគ្រប់គ្រង​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន​និង​រង់ចាំ​ពេល​តែ​បង្រួបបង្រួម​​ឡើងវិញ​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាង​អធិបតេយ្យភាព​ទាំង​កោះ​តៃវ៉ាន់​និង​ច្រក​សមុទ្រ​នេះ​។​

កង​នាវា​ចិន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ កាលពី​ថ្ងៃអាទិត្យ នាំ​អោយ​តៃវ៉ាន់ អាម៉េរិក​និង​ជប៉ុន​បញ្ចេញ​នាវា​តាមឃ្លាំមើល​ពីក្រោយ​

​សូម​រំលឹក​ថា ចិន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​អោយ​ទៅ​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ចាប់​តាំងពី​ប្រធានាធិបតី​តៃវ៉ាន់​និយម​ឯករាជ្យ លោកស្រី សាយ អ៊ិន​វេន ឡើងកាន់តំណែង​​នៅ​ឆ្នាំ​២០១៦​។​ចិន​មិន​សប្បាយចិត្ត​នឹង​លោកស្រី​សាយ​ដែល​បដិសេធ​មិន​ចាត់ទុក​តៃវ៉ាន់​និង​ចិន​ជា​ផ្នែក​នៃ​ប្រទេស​តែមួយ​និង​ការ​ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាម៉េរិ​ក​។​

បេក្ខជន​ប្រធានាធិបតី​បក្ស អភិវឌ្ឍន៍​ប្រជាធិបតេយ្យ លោកស្រី សាយ អ៊ិន​វេន ធ្វើ​យុទ្ធនាការ​ឈរឈ្មោះ​ជា​ថ្មី​កាលពី​ថ្ងៃ​១៧​វិច្ឆិកា​នៅ​តៃប៉ិះ​។​តៃវ៉ាន់​ត្រូវ​បោះឆ្នោត​ប្រធានាធិបតី​​នៅ​ថ្ងៃ​១១​មករា ឆ្នាំក្រោយ​

​អ៊ែន​ឌ្រូ យ៉ាង អគ្គលេខា​នៃ​ក្រុមប្រឹក្សា​នៃ​ការសិក្សា​គោលនយោបាយ​ចិន​នៅ​តៃវ៉ាន់​បាន​និយាយថា​«​វា​ជា​ការព្រមាន​មួយ ជាពិសេស​សំរាប់​តៃវ៉ាន់​និង​ជប៉ុន​ដែល​ថា​ចិន​នឹងធ្វើ​​ការ​ល្បាត​ជា​ទៀត​ទាត់​នៅក្នុង​តំបន់​នេះ​។​តៃវ៉ាន់​ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​ការពារ​ខ្លួន ទល់នឹង​ការបង្កើន​សមត្ថភាពរ​បស់​យោធា​ចិន​៕​ដោយ​៖​វាសនា​