កង​ម៉ា​រី​ន​ដឹក​តាម​ស្លាប​ហោះ​ឥត​សំឡេង​ក្នុង​ឯកសណ្ឋាន​បំបាំងកាយ​គឺ​ស្ថិត​ក្នុងចំណោម​ទស្សនៈវិស័យ​បច្ចេកវិជ្ជា​អនាគត ប្រឌិត​ឡើង​ដោយ​វិស្វករ​កងទ័ពជើងទឹក​អង់គ្លេស​

475
ចែករម្លែក

​ផែនការ​អនាគត​សម្រាប់​កង​ម៉ា​រី​ន​អង់គ្លេស ដែល​នឹង​ឃើញ​កង​កុម្ម៉ង់ដូ​ដឹក​ទៅ​ច្បាំង​តាម “​ស្លាប​ហោះ​ឥត​សំឡេង​” ខណៈ​ស្លៀកពាក់​ឯកសណ្ឋាន​បំបាំងកាយ​មើលមិនឃើញ ត្រូវបាន​បង្ហាញ​ដោយ​កងទ័ពជើងទឹក​។ នេះ​យោងតាម​កាសែត​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​ចន្ទ​ទី​២៦​សីហា​នេះ​។​

​ពួក​វិស្វករ​វ័យក្មេង​មកពី​វេទិកា​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​វិស្វកម្ម​កងទ័ពជើងទឹក​ច​ក្រ​ភព​អង់គ្លេស​ត្រូវបាន​ស្នើសុំ​ឱ្យ​បង្កើត​គំនិត​ថ្មីៗ​ដើម្បី​បង្ហាញ​គំរូ​ធ្វើសឹក​សង្គ្រាម​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ២១ ដោយ​កង​ម៉ា​រី​ន​នៅលើ​ទីតាំង​បាញ់​មី​ស៊ី​ល​របស់​សត្រូវ​មួយកន្លែង ដែល​ស្ថិតនៅលើ​ច្រាំង​ថ្ម​មួយ​។​

​ពួក​និស្សិត​បញ្ចប់​ការសិក្សា ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ការពារជាតិ បច្ចេកវិជ្ជា និង​វិស្វកម្ម​ឈានមុខ​ជាច្រើន បានធ្វើ​បទ​បង្ហាញ​ខ្លី​អំពី​ការប្រើ​បច្ចេកវិជ្ជា​ដែលមាន​ស្រាប់​និង​អនាគត​សម្រាប់​សេណា​រី​យ៉ូ​បែប​ស្រមើស្រមៃ​។​

​ពួក​អ្នកចេញ​ម៉ូត​ទាំង​នោះបាន​ចំណាយពេល​មួយថ្ងៃ​នៅឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កុម្ម៉ង់ដូ​នៅឯ​តំបន់​ឡែ​ម​ស្តូ​ន​ជិត​ទីក្រុង​អ៊ិ​ក​សេត​ធឺ​ក្នុង​ខេត្ត​ដេ​វ៉ុ​ន​ដើម្បី​ស្វែងយល់​ពីអ្វី​ដែល​គេ​ត្រូវការ​ដើម្បី​ក្លាយជា​កងទ័ព​ម៉ា​រី​ន មុនពេល​ចាប់ផ្តើម​គម្រោង​ចេញ​ម៉ូត​សម្ភារៈ​សឹក​។​

​គំនិត​ទាំងនោះ​រួមមាន​ឈុត​អាវ​ក្រោះ​ខាងក្រៅ​ដែល​គ្របដណ្ដប់​ដោយ​សាច់​ក្រណាត់​គ្រើម​ដូច​ស្បែក​បង្គួ​យ ដែល​អនុញ្ញាតឱ្យ​អ្នក​ពាក់​ធ្វើ​សកម្មភាព​អស្ចារ្យ​ដែល​មនុស្ស​ធម្មតា​មិនអាច​ធ្វើបាន ដូចជា​ការឡើង​ច្រាំង​ថ្ម​ចោត​ដោយ​មិនបាច់​ប្រឹង ខណៈ​បន្លំ​ខ្លួន​ជាមួយគ្នា​នឹង​បរិស្ថាន​ជុំវិញ​។​

​គំនិត​លើកឡើង​ដទៃទៀត រួមមាន “​ស្លាប​ហោះ​ឥត​សំឡេង​” ជំនួស​ឧទ្ធម្ភាគចក្រ ដែល​អាច​បើកបរ​ក្នុង​ល្បឿន​រាប់រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក៏ដូចជា កង​ម៉ា​រី​ន​ហូ​ឡូ​ក្រាម (​ជា​រូបភាព​បែប Hologram បន្លំ​ភ្នែក​) ដែល​នឹងត្រូវ​ប្រើ​ដើម្បី​បោក​ភ្នែក​សត្រូវ​។​

​កង​ម៉ា​រី​ន​ក៏​នឹង​ត្រូវបាន​បំពាក់​ជាមួយ​មួកសុវត្ថិភាព ដែលមាន​បំពាក់​អេក្រង់​ផ្តល់នូវ​ដំណឹង​ស៊ើបការណ៍​អំពី​សមរភូមិ​និង​វាស់​នូវ​កម្រិត​សុខភាព​និង​សម្បទា​របស់​ទាហាន​ក៏ដូចជា​ស្បែកជើង​កវែង ដែល​ផលិត​ថាមពល​ដល់​អេក្រង់​នៅពេល​រត់​ផងដែរ​។​

​ដ្រូ​ន​នឹងត្រូវ​ប្រើ​ដើម្បី​ផ្តល់ព័ត៌មាន​ក្នុង​តំបន់ ជាមួយ​ដ្រូ​ន​ខ្នាត​ធំ​ជាង​នេះ​នឹងត្រូវ​ដាក់ពង្រាយ​ដើម្បី​ទម្លាក់​គ្រាប់កាំភ្លើង​ផ្គត់ផ្គង់​ដល់​ទាហាន​និង​គ្រឿង​ផ្គត់ផ្គង់​ដទៃទៀត ខណៈ​បំពាក់​ដោយ​កាំភ្លើង​ឡាស៊ែរ​។​

​កង​កុម្ម៉ង់ដូ​ក៏​នឹងត្រូវ​ដាក់ពង្រាយ​នៅ​ពីក្រោយ​ខ្សែត្រៀម​របស់​សត្រូវ​តាមរយៈ​កូន​យានពិសេស​មួយ ដែល​បាញ់​ចេញពី​នាវាចម្បាំង​ដោយ​ប្រើ​កាំភ្លើង​អេ​ឡិច​ត្រូ​ម៉ាញេទិក ហើយ​ឧបករណ៍​ផ្សេងទៀត​រួមមាន​កន្ទេល​ដេក ដែល​អាច​ដើរតួ​ទ្វេ គឺ​បន្ទះ​សូ​ឡា​និង​ម៉ាស៊ីន​ព្រី​ន 3D ចល័ត ដែល​អាច​ផលិត​ចំណីអាហារ​នៅក្នុង​សមរភូមិ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស លោក បិ​ន វ៉​ល​ឡេស បាន​និយាយថា “​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បានឃើញ​ទស្សនៈវិស័យ​ត្រួសត្រាយ​ផ្លូវ​របស់​វិស្វករ​វ័យក្មេង​អង់គ្លេស​រុញ​ទៅមុខ​ហួស​ព្រំដែន​នៃ​បច្ចេកវិជ្ជា​និង​គំនិត​ធម្មតាៗ​។ កង​ម៉ា​រី​ន​អង់គ្លេស​មាន​ប្រវត្តិ​យូរលង់​មកហើយ​ក្នុងការ​ផ្តល់នូវ​សមត្ថភាព​គ្មាន​គូ​ប្រៀប​នៅ​គ្រប់​សេណា​រី​យ៉ូ​និង​គ្រប់​ឈុត​ឆាកប្រយុទ្ធ​។ ខណៈ​ការគំរាមកំហែង​ជា​សកល​នៅតែ​បន្ត​វិ​វ​ឌ្ឍ​និង​កាន់តែ​ស្មុគស្មាញ វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​លើកទឹកចិត្ត​ដល់​កងកម្លាំងប្រដាប់អាវុធ​និង​ឧស្សាហកម្ម​របស់​យើង​ឱ្យ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធានាថា​កងកម្លាំង​ប្រយុទ្ធ​របស់​យើង​ពង្រឹង​នូវ​ប្រតិបត្តិការ​របស់​ពួកគេ​”៕ ដោយ៖ កញ្ញាដាលីស

#