កង​យោធា​មួក​ខៀវ បង្ហាញ​សមត្ថភាព​បាញ់​គ្រាប់​ពិត ចូល​ផ្ទាំង​ស៊ី​ប​

369

(​​កំពង់ស្ពឺ)៖​រយៈពេល​ពេញ​មួយថ្ងៃ នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នា​តំបន់​ទីលាន​បាញ់​ស៊ី​ប ជើងភ្នំ​ក្អែក​ចាប សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ (PKO) ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ដំណើរការ​សកម្មភាព​បា​ញ់​គ្រាប់​ពិត​ចូល​ផ្ទាំង​ស៊ី​ប ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព ក្នុងការ​ប្រើប្រាស់​អាវុធ​កង​យោធា​មួក​ខៀវ មុន​ពេលចេញ​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ( អ​.​ស​.​ប​. ) ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត គឹម​សាន្ត អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​នាយក​សាលា​ហ្វឹកហ្វឺន កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​សាសន៍ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យដោយផ្ទាល់ ក្នុង​នាទី​លាន​បាញ់​ស៊ី​ប បានបញ្ជាក់​ថាៈ សកម្មភាព​បាញ់​គ្រាប់​ពិតនាពេលនេះ គឺធ្វើឡើង​សំដៅ​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​អាវុធរ​បស់​កងវិស្វកម្ម​ពហុ​ជំនាញ​លេខ​៩៦៣ ដែលជា​កម្លាំង​ប្តូរ​វេន​កង​លេខ​៣៦៩ ដែល​បានបញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព ក្នុង​តំបន់​បេសកកម្ម UNIFIL រយៈពេល​មួយឆ្នាំ នៅ​សាធារណរដ្ឋ​លី​បង់​។​

​សកម្មភាព​បាញ់​គ្រាប់​ពិត តម្រូវឱ្យ​កងកម្លាំង​យោធា​មួក​ខៀវ ដែល​ត្រៀម​ចេញទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​លី​បង់ នាពេល​ខាងមុខនេះ មានលទ្ធភាព​ក្នុងការ​ប្រើប្រាស់​កាំភ្លើង​ស្វ័យ​ប្រ​វត្ថិ ប្រភេទ AK-47 , PKM និង​ប្រភេទ​កាំភ្លើង​ធុន ១៤ មី​ល្លី​ម៉ែត្រ ដាក់​លើ​រថពាសដែក បន្ទាប់ពី​កងកម្លាំង​ទាំងនេះ បានធ្វើការ​ហ្វឹកហាត់ អស់​មួយ​រយៈកាល​កន្លងទៅ ដោយ​យោធា​ចា​រ្យ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​។​

​ពាក់ព័ន្ធ​ទៅនឹង​លទ្ធផល​ស្នាដៃ ក្នុងការ​បាញ់កាំភ្លើង ប្រភេទ AK-47 ចូល​ផ្ទាំង​ស៊ី​ប របស់​កងកម្លាំង​យោធា​មួក​ខៀវ វិស្វកម្ម​ពហុ​ជំនាញ​លេខ​៩៦៣ ក្នុងនោះ ក៏មាន​យុទ្ធ​នារី​ចំនួន​ប្រាំ​មួយរូប​ផងដែរ ទទួលបាន​លទ្ធផល​ល្អ​ដោយ​បាញ់​ចំ​គោលដៅ​ក្នុង​ផ្ទាំង​ស៊ី​ប ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត គឹម​សាន្ត បាន​បញ្ជាក់ថាៈ​កងកម្លាំង​យោធា​មួក​ខៀវ ក្នុង​កងឯកភាព​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៩៦៣ ចំនួន​១៨៤​រូប ក្នុងនោះ​នារី​ចំនួន​១២​រូប ជា​កង​ប្តូរ​វេន​កងកម្លាំង​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៣៦៩ ដែល​បានបញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យ​រយៈពេល​មួយឆ្នាំ ក្នុង​តំបន់​បេសកកម្ម UNIFIL​នៅ​សាធារណរដ្ឋ​លី​បង់ គ្រោង​នឹង​ចេញទៅ​កាន់​តំបន់​បេសកកម្ម UNIFIL នៅ​សាធារណរដ្ឋ​លី​បង់ នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ តាម​កាលបរិច្ឆេទ ដែល​ផ្តល់​ដោយ​មន្ត្រីជាន់ខ្ពស់ របស់​អង្គការសហប្រជាជាតិ​៕​ដោយៈ​យោធិន​/sn

សកម្មភាព​បាញ់​គ្រាប់​ពិត​របស់​កង​យោធា​មួក​ខៀវ​មុន​ពេលចេញ​បេសកកម្ម អ .​ស .​ប ។​

​យុទ្ធ​នារី​មួក​ខៀវ​ក្នុង​សកម្មភាព​បាញ់​គ្រាប់​ពិត​តម្រង់​ផ្ទាំង​ស៊ី​ប ទទួលបាន​លទ្ធផល​ល្អ​។​