កញ្ចប់​ឯកសារ​គុន​ល្បុក្កតោ​ត្រូវ​អង្គការ​យូណេស្កូ​បើក​ពិនិត្យ​

1056
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ឯកសារ​គុន​ល្បុក្កតោ​ខ្មែរ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​សហព័ន្ធ​ល្បុក្កតោ​ផ្ញើ​ទៅកាន់​អង្គការ​យូណេស្កូ ដើម្បី​សុំ​បញ្ចូល​ជា​សម្បត្តិ​បេ​តិ​ភ័​ណ្ឌ​វប្បធម៌​អ​រូបិយ​សម្រាប់​មនុស្សជាតិ​នោះ ត្រូវ​អង្គការ​នេះ​បើក​កញ្ចប់​ដើម្បី​ពិនិត្យ​ហើយ​កាលពី​ដើមខែ​មីនាឆ្នាំ​២០១៨ កន្លងមក​ថ្មីៗ​នេះ​។ នេះ​ជាការ​អះអាង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្ម​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។

លោក​វ៉ា​ត់ ចំរើន និង​សៀវភៅ​គុន​ល្បុក្កតោ​ដែល​បោះពុម្ព​ជា​ភាសា​ខ្មែរ និង អង់គ្លេស (​រូប​: រ៉ូ​ហ្សា​)

​លោក​បាន​ឲ្យ​ដឹង​បន្ថែមថា បន្ទាប់ពី​ត្រួតពិនិត្យ​ហើយ​ក្នុងអំឡុង​ខែមិថុនា​ឆ្នាំ​ដដែល​នេះ យូណេស្កូ​នឹង​ឆ្លើយតប​មកវិញ តើ​ខ្វះខាត​អ្វីខ្លះ ដើម្បី​ឲ្យ​យើង​បំពេញបន្ថែម​។ បន្ទាប់ពី​បំពេញ​គ្រប់គ្រាន់​ហើយ​នោះ យូណេស្កូ​នឹង​ប្រគល់​កញ្ចប់​ឯកសារ​នេះ ទៅ​គណៈកម្មការ​ជំនាញ​រប​ស់​ខ្លួន ដើម្បី​វាយតម្លៃ​។ បន្ទាប់ពី​បញ្ចប់​ការវាយតម្លៃ​នោះ​នៅ​ខែមីនា​ឆ្នាំ​២០១៩ ប្រសិនបើ​គណៈកម្មការ​ជំនាញ​នេះ គេ​ត្រូវការ​ឯកសារ ឬ ភស្តុតាង​បន្ថែម​គេ​នឹង​ប្រាប់​មក​ឲ្យ​កម្ពុជា​បំពេញបន្ថែម​។ ប្រសិនបើ​ភស្តុតាង និង​ឯកសារ​គ្រប់គ្រាន់ ហើយ​ល្មម​គេ​អាច​វាយតម្លៃ​បាន​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដដែល​នេះ គេ​នឹង​ប្រកាស​ដាក់បញ្ចូល​ជា​សម្បត្តិ​បីតិ​ក​ភ័​ណ្ឌ វប្បធម៌​អ​រូបិយ​សម្រាប់​មនុស្សជាតិ​។​

​កម្ពុជា​សព្វថ្ងៃ​មានសម្បត្តិ​បេ​តិក​ភ័​ណ្ឌ វប្បធម៌​អ​រូបិយ​សម្រាប់​មនុស្សជាតិ ដែល​យូណេស្កូ​ទទួលស្គាល់​ចំនួន​៨ រួចហើយ​គឺ​ប្រាសាទអង្គរវត្ត​ទទួលស្គាល់​ថ្ងៃទី​១៤​ធ្នូ​ឆ្នាំ​១៩៩២​។ របាំ​ព្រះរាជ​ទ្រព្យ​ទទួលស្គាល់​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០០៣ ល្ខោន​ស្រមោល​ស្បែក​ធំ​ទទួលស្គាល់​ថ្ងៃទី​២៥​វិច្ឆិកា​ឆ្នាំ​២០០៥​។ ប្រាសាទព្រះវិហារ​ទទួល​ស្គាល់​ថ្ងៃទី​៧​កក្កដា​ឆ្នាំ​២០០៨ គុក​ទួលស្លែង​ទទួលស្គាល់​ថ្ងៃទី​៣១​កក្កដា​ឆ្នាំ​២០០៩​។ ល្បែង​ទាញព្រ័ត្រ​ទទួលស្គាល់​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​២០១៥​។ ចាប៉ីដងវែង​ទទួលស្គាល់​ថ្ងៃទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៦ និង​ប្រាសាទ​សម្បូរ​ព្រៃគុហ៍​ទទួលស្គាល់​ថ្ងៃទី​៨​កក្កដា​ឆ្នាំ​២០១៧​។​

​សម្រាប់​គុន​ល្បុក្កតោ​កម្ពុ​ជាមាន​ភ័ស្តុតាង​នៅតាម​ប្រាង្គ​ប្រាសាទ​បូរាណ​នានា​ជាច្រើន​។ បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​នោះ​ថា បន្ទាប់ពី​គុន​ល្បុក្កតោ​ហើយ កម្ពុជា​នឹង​បញ្ជូន​អុកចត្រង្គ​ទៅ​អង្គការ​យូណេស្កូ ដើម្បី​សុំ​ការទទួលស្គាល់​ទៀត​។ ពេលនេះ​ការស្រាវជ្រាវ​ពី​អុកចត្រង្គ​ជិត​នឹង​បញ្ចប់​ហើយ​៕ ល​

#