កញ្ញាឯក​ធម្មជាតិ ទេព ម៉ា​យ៉ា​រ៉ែត សម្រេចចិត្ត​ចូល​រោងការ​

124
ចែករម្លែក

ភ្នំពេញ​៖ ស្ងាត់ៗ កញ្ញាឯក​ធម្មជាតិ ទេព ម៉ា​យ៉ា​រ៉ែត បានសម្រេច​ចិត្ត​រៀបការ​ហើយ កាលពីថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​កសាង​គ្រួសារ​ថ្មី​មួយ បន្ទាប់ពី​នៅ​ទំនេរ​ធ្វើឱ្យ​ភ្នែក​របស់យុវជន និង​ពោះម៉ាយ​ជាច្រើន​នាក់ មិនអាច​មើលរំលង ពីសម្រស់​របស់​នាង​។
​ ​
អាពាហ៍ពិពាហ៍​មួយគូ​នេះ បានធ្វើ​ឡើង នៅ​វិមាន​សែន​សុខ ក្រោម​វត្តមាន​ភ្ញៀវកិត្តិ យស មាន​ឋានៈ​ជា​ឯកឧត្ដម ជំទាវ ព្រមទាំង​អ្នកសិល្បៈ​ល្បី​ជាច្រើន​។ ស្វាមី​របស់​ម៉ា​យ៉ា​រ៉ែត មាន​ឈ្មោះថា បុត្រ រំដួល​រង្សី មាន​ឋានៈ​ជា​ឯកឧត្ដម បម្រើការ​នៅ​ស្ថាប័ន​ធំ​មួយ ​ហើយក៏​ជាអតីត​អ្នកដឹកនាំ​សិល្បៈ​ផងដែរ ដោយ​ពួកគេទាំងពីរ បាន​ស្រឡាញ់គ្នាជាច្រើន​ឆ្នាំ​មកហើយ​។

​ជាមួយគ្នា​នោះ អ្នក​ទាំងពីរ បាន​ថែមទាំង​បោះទុន​រកស៊ីជាមួយគ្នា​ជាច្រើន មុខរបរ​ជាច្រើន​ឆ្នាំ ជាមួយគ្នា ទម្រាំ​ស្គាល់ចិត្ត​គ្នា​ច្បាស់លាស់ ទើប​សម្រេចចិត្ត​ចូល​រោងការ​។ ស្រី​ស្អាត ទេព ម៉ា​យ៉ា​រ៉ែត ដែល​ល្បី​មានមុខមាត់​ស្រដៀង​នឹង​ជំទាវ ស្រី​តូច ចំណាន​បន្ទាប់ពី​ជាប់​ជា​កញ្ញាឯក​ធម្មជាតិ​កាល​អំឡុង​ឆ្នាំ ២០១៧ ការងារ​សិល្បៈ​ហាក់ដូច​មិនសូវ​ចេញមុខ​ច្រើន​ឡើយ ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​វិញ តារា​ស្រី​រូបនេះ​បែរជាមានមុខ​ច្រើន​លើ​វិស័យ​ជំនួញទៅវិញ​។​

​បច្ចុប្បន្ន នាង​កំពុងតែ​បោះទុន​វិនិយោគ​លើ​ជំនួញគ្រឿង​ថែរក្សា​សម្រស់ ព្រមទាំង​លើផ្ទះ​ល្វែង រាប់រយ​ល្វែង ដោយ​ប្រើ​ទុន​រាប់សិប​លាន​ដុល្លារ​ឯណោះ​។ ជោគជ័យ​ទាំងនេះ ក៏​ព្រោះ​ការព្យាយាម ដាក់​គោលដៅ​ឲ្យ​បានច្បាស់លាស់ ហើយ​ម្យ៉ាង នាង​ក៏​ជា​ចំណែក​មួយ​ពី​សិល្បៈ ធ្វើ​ឲ្យ​មហាជន​ស្គាល់​នាង មាន​អតិថិជន​គាំទ្រលើ​មុខ​ជំនួញ​របស់​នាង​។

ជា​អតីត​សិស្សសាលា​ផ្នែក​របាំនៅ​សាលា​វិចិត្រសិល្បៈ មានកំណើត​មកពី​ខេត្ត កំពង់ឆ្នាំង រូបនេះ បាន​បន្ត​ឲ្យ​ដឹងថា ទោះបីជា​មមាញឹកលើ​ការងារ​ជំនួញ​បែបនេះ​ក្ដី តារា​ស្រី​រូបនេះ មិនបាន​បោះបង់​ការងារ​សិល្បៈ​ឡើយ រាល់ថ្ងៃ​គឺនៅតែ​ឆ្លៀត​ទៅ​ថត​ម្ដងម្កាល ​ដែល​ការងារញឹកញាប់​ជាងគេ គឺ​ថត​សម្អាងការ ហើយ​គ្រោង​ថត​រឿង​ភាគឲ្យ​ផលិតកម្ម​មួយ​ផងដែរ​។
​ ​
​អ្នកនាង បាន​ថ្លែង​ជា​ចុងក្រោយ​ថា ទោះបីជា​ថ្ងៃក្រោយ នាង​មានទ្រព្យ​ច្រើន​បែបណា​ក្ដី ចំពោះ​ការងារ​សិល្បៈ​វិញ នាង​មិន​បោះបង់ចោល​ឡើយ ព្រោះ​វា​គឺជា​អាជីព​ដែល​នាងស្រឡាញ់​តាំងពី​ដឹងក្ដី​។ ម្យ៉ាងទៀត នាង​គិតថា ការងារ​សិល្បៈ​នេះ ប្រសិនបើ​ខ្លួន​ចេញមុខកាន់តែច្រើន​នោះ ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​ការងារ​រកស៊ី​នាងកាន់តែ​ជោគជ័យ​ផងដែរ ។ ក្រោយពី​រៀបការ​រួច អ្នក​ទាំងពីរ​គ្រោង​ដឹក​ដៃ​គ្នា​ទៅ​ក្រេប​ទឹកឃ្មុំ នៅក្រៅ​ប្រទេស​ជាច្រើន​ថ្ងៃ ហើយ​បន្ទាប់ពី​ត្រឡប់មកវិញ នឹង​ពង្រីក​មុខរបរ​ជាច្រើន​មុខ​ថែម​ទៀតផង​៕ ដោយ​៖ បូ​រិ​ន​/Ha