កញ្ញា​អាហ្វ្រិក​ខាងត្បូង​ឈ្នះ​មកុដ​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩

230
ចែករម្លែក

​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ​ក្នុង​ទីក្រុង​អា​ត្ល​ង់​តា​រដ្ឋ​ច​ចា​សហរដ្ឋ​អាម៉េរិក បន្ទាប់ពីមានការធ្វើ​ពិធី​ដ៏​ហ៊ឹកហ៊ាក់​ពោរពេញ​ទៅដោយ​សុន្ទរកថា​ដ៏​ភ្លឺស្វាង​អំពី​ការផ្តល់អំណាច​ដល់​ស្ត្រី​។​

​នាង ហ្សូ​ហ្ស៊ី​ប៊ី​ប៊ី ទុន​ហ្ស៊ី (Zozibini Tunzi) អាយុ ២៦ ឆ្នាំ​បានជាប់ចំណាត់ថ្នាក់​លេខ១ នាំមុខ​បវរកញ្ញា​ព័រ​តូ​រី​កូ​និង​ម៉ិ​ក​ស៊ិ​ក​នៅក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ដែលមាន​ពិធីករ​ទូរទស្សន៍​ជនជាតិ​អាម៉េរិកាំង​និង​ជាតា​រា​កំប្លែង​លោក ស្ទី​វ ហា​វី​។​

​តារា​ទូរទស្សន៍​ឈ្មោះ វ៉ា​ណេ​ស​សា ឡា​ឈី និង​អូ​លី​វ៉ា ខាល់​ប៉ូ ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅក្រោយ​ឆាក និង​ក្រុម​គណៈកម្មការ​ដាក់ពិន្ទុ​ដែលមាន​ស្ត្រី​សុទ្ធ ៧ នាក់​គឺជា​អ្នកកំណត់​ជ័យលាភី​។​

​នាង​ទុន​ហ្ស៊ី​ទទួលបាន​ការអបអរ​សាទរ​អំឡុងផ្តល់​សុន្ទរកថា​បិទ​ពិធីរបស់​នាង ជា​ផ្នែក​ថ្មី​នៃ​ការប្រកួតប្រជែង​ផងដែរ ដែល​ក្នុងនោះ​នាង​និយាយ​អំពី​ការចង់​ផ្តល់​អំណាច​ដល់​ស្ត្រី​វ័យក្មេង​ឱ្យមាន​អារម្មណ៍​ជឿជាក់​។​

​នាង​និយាយថា “​ខ្ញុំ​ធំធាត់​នៅលើ​ពិភពលោក​មួយ​ដែល​ស្ត្រី​មាន​រាង​ដូច​ខ្ញុំ​ មាន​ស្បែក​និង​សក់​ប្រភេទ​ដូច​ខ្ញុំ មិនដែល​ត្រូវគេ​ចាត់ទុកជា​ភាពស្រស់ស្អាត​នោះទេ​”​។​

​នាង​និយាយ​ទៅកាន់​អ្នក​ទះដៃ​រាប់ពាន់នាក់​ថា “​ខ្ញុំ​គិតថា នេះ​ជា​ពេលវេលា​ដែល​ការគិត​បែបនេះ​ត្រូវ​ចប់​ត្រឹម​ថ្ងៃនេះ​”៕ ដោយ៖កញ្ញា ដាលីស

នាង ហ្សូ​ហ្ស៊ី​ប៊ី​ប៊ី ទុន​ហ្ស៊ី គ្រង​មកុដ​ចក្រវាល​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​អា​ត្ល​ង់​តា